ភ្នំពេញ ៖ យក់ ថិតរដ្ឋា និងសិស្សប្អូន ពេជ្រ សូលីកា ដែលមុននេះត្រូវបានគេសង្ស័យថា ផ្ទុះជម្លោះលើបណ្ដា ញសង្គម មុនសង្រ្គាមបង្កដោយទាហានថៃ ឈ្លានពានកម្ពុជា នោះ ក្រោយផ្អាកច្រៀងរាំ អស់ជិត៣សប្ដាហ៍ ព្រោះមិនចង់សប្បាយទាំងសង្រ្គាមនៅតាមព្រំដែនមិនទាន់ស្ងាត់នោះ ពេលនេះរដ្ឋា និងសូលីកា បានចេញមករកលុយសាជាថ្មីដូចគ្នា ដែលបើកឆាកដំបូង ច្រៀងនៅហាងតែមួយ (The Waters) ប៉ុន្ដែមិនមែនចាប់ដៃគ្នាដូចមុនឡើយ គឺច្រៀងខុសគ្នា មួយថ្ងៃ ដោយស្រីពេជ្រ ច្រៀងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ចំណែករដ្ឋា ច្រៀងនៅថ្ងៃទី១៦ ខែសីហា ។



យក់ ថិតរដ្ឋា បានលុបចោល Concerts ជាច្រើន ក្រោយមានសង្រ្គាមរវាងកម្ពុជា-ថៃ បានផ្ទុះតាមតំបន់ព្រំដែន បង្កដោយទាហានសៀម ខណៈដែលពេជ្រ សូលីកា បានប្រកាសផ្អាកច្រៀងសម្ដែង មួយខែ ដើម្បីលំហែខួរក្បាល តាំងពីមុនសង្រ្គាម ប៉ុន្ដែមិនបានសប្បាយទេ ព្រោះជាប់ដើរថ្មើជើងទាំងនៅភ្នំពេញ និងសៀម រាប ដើម្បីបួងសួងសុំសន្ដិភាព និងទាមទារឲ្យទាហានថៃ បញ្ឈប់ការឈ្លានពានកម្ពុជា និងដោះលែងទាហានកម្ពុជា ១៨នាក់ ដែលទាហានថៃ ចាប់ខ្លួន ក្រោយបទឈប់បាញ់នោះ។ សម្រាប់រដ្ឋា ទើបតែមានទីផ្សារចម្រៀងវិញ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីនាងបានសម្រកទម្ងន់បានដល់ទៅ ១៨គីឡូ ពោលគឺ ៦៥គ.ក្រ មកសល់ត្រឹម៤៧ គ.ក្រ។ រីឯពេជ្រ សូលីកា កាលពីឆ្នាំ២០២៤ ក្រោយល្បី ២បទ នាងមានរាសីល្អ ចេញច្រៀងតាម Pub និងក្លឹប ជាបន្ដបន្ទាប់ ប៉ុន្ដែពេលនេះមិនទាន់មានបទថ្មីៗល្បីដូចមុនទៀតទេ ។ យ៉ាងណា អ្នកមេម៉ាយកូនមួយរូបស្រស់នេះ នៅតែមានហាងឆេងព្រោះគេជួលឲ្យច្រៀងតាមបណ្ដាកម្មវិធីធំតូច ជាហូរហែ ដោយសារតែនាងមានសម្រស់គួរឲ្យទាក់ទាញ បើទោះជាច្រៀងតែបទចាស់ៗ ក៏មានអ្នកទៅមើលដែរ ។



គួររំលឹកថា យក់ ថិតរដ្ឋា ធ្លាប់ចាប់ដៃពេជ្រ សូលីកា ច្រៀង Solo Concert របស់ស្រីពេជ្រ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ប៉ុន្ដែរំលងបាន ៥ខែ ពោលគឺនៅដើមខែកុម្ភៈ ឆ្នាំ២០២៥ ធ្លាយរឿងរដ្ឋា លែងត្រូវគ្នាជាមួយស្រីពេជ្រ ទៅវិញ ខណៈដែលសូលីកា ថានាងជ្រើសរើសផ្លូវស្ងៀមស្ងាត់ តែនាងថាបើពិតជាមានភាពចាំបាច់ឲ្យនាងចេញមុខបកស្រាយ នាងនឹងធ្វើ។ យ៉ាងណា គេជឿថា រដ្ឋា និងស្រីពេជ្រ នឹងមិនពង្រីករឿងទំនាស់បុគ្គលនេះទៀតទេ ព្រោះតែខ្លាចរងការវាយប្រហារលើពួកគេថា ប្រទេសកំពុងតែមានបញ្ហាដោយសារសៀម តែពួកគេបែរជាហែកហួរគ្នានៅពេលនេះ ។ គេជឿថា រឿងថិតរដ្ឋា និងស្រីពេជ្រ អាចនឹងត្រូវបានបិទបញ្ចប់ត្រឹមនេះជាមិនខាន ខណៈដែលរដ្ឋា បើចង់រក្សារទីផ្សារសិល្បៈឡើងវិញ លុះត្រាតែនាងមិនឲ្យឡើងគីឡូជ្រុលដូចមុន ហើយផលិតបទថ្មីៗចេញថែមទៀត ទើបទៅរួច ស្របពេលដែលសូលីកា បើគ្មានបទថ្មីៗល្បីថែមទៀតទេ នាងអាចប្រឈមនៅទ្រឹង ឬចុះខ្សោយជាមិនខាន ។

ក្រៅពីយក់ ថិតរដ្ឋា និងពេជ្រ សូលីកា តារាចម្រៀងល្បីៗ ដូចជាសុខ ពិសី នៅថ្ងៃទី១១ ខែសីហា នេះ ក៏បានប្រកាសចេញធ្វើការងារសិល្បៈជាបណ្ដើរៗវិញដែរ ដោយអះអាងថា «ជួយជាតិផង ជួយអ្នកផ្ទះផង» ។ ចំណែកពេជ្រ សោភា, ឱក សុគន្ធកញ្ញា, មាស សុខសោភា, ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មិនទាន់វិលទៅរកឆាកតន្រ្ដីវិញទេ តាំងពីផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕

