Wednesday, August 13, 2025
Homeតារាខ្មែរមុនីនាគ នៅអាមេរិក មិនភ្លេចមាតុភូមិ

មុនីនាគ នៅអាមេរិក មិនភ្លេចមាតុភូមិ

សហរដ្ឋអាមេរិក ៖ កូនកំលោះទី២ របស់លោកព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ មុនីនាគ ហៅ N. JOHN បានលេងហ្គីតារខ្លួនឯង ច្រៀងបទជាភាសាអង់គ្លេស ដែលល្បីនៅឆ្នាំ១៩៧១មានចំណងជើងថា«What going On ?» ដោយមានរូបទង់ជាតិកម្ពុជាពីក្រោយខ្នង ដើម្បីបួងសួងឲ្យកម្ពុជា មានសន្ដិភាព ដែលបង្ហាញថា បើទោះជាកំពុងរស់នៅសហរដ្ឋអាមេរិក ក៏កូនខ្មែរម្នាក់នេះ មិនភ្លេចជាតិមាតុភូមិរបស់ខ្លួន ដែលកំពុងប្រឈមនឹងការឈ្លានពានពីប្រទេស​ជិតខាង។

មុនីនាគ ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រ (Fan) មួយចំនួន ប៉ុន្ដែខ្លះទៀតនៅតែតាមរិះគន់ បង្អាប់លោកដដែល។ ការដែលមុនីនាគ ទទួលបានការគាំទ្រនិងរិះគន់ព្រមគ្នាបែបនេះ  បន្ទាប់ពីរូបគេបានចេញបទចម្រៀង «Sweet love» ចំពេលដែលកម្ពុជា ផ្ទុះសង្រ្គាមជាមួយសៀមដែលឈ្លានពានទឹកដី កាលពីពេលថ្មីៗនេះ  ទើបខ្លះថា លោកចេញបទនោះ មិនសមទៅតាមពេលវេលា ។ ប៉ុន្ដែក៏មានខ្លះដែលគាំទ្រតាំងពីលោកព្រាប សុវត្ថិ រហូតមកដល់កូននោះ នៅតែលើកទឹកចិត្តដល់មុនីនាគ ថាពិតជាមានការតស៊ូជម្នះឧបសគ្គ ឈានជើងចូលតន្រ្ដីអន្ដរជាតិ ដើម្បីឲ្យគេស្គាល់កម្ពុជា កាន់តែច្បាស់ ។ ចំណែក Fan មួយចំនួនទៀតចង់ឲ្យមុនីនាគ វិលចូលស្រុក ច្រៀងជាភាសាខ្មែរផង អង់គ្លេសផង ជាមួយឪពុក បងនិងប្អូនរបស់គេ ដូចមុនទៅវិញ ។

សូមបញ្ជាក់ថា សុវតិ្ថ មុនីនាគ ក្រោយចាកចេញពីហង្សមាស ត្រូវបានលោកព្រាប សុវត្ថិ ផ្អឹបមិនឲ្យទៅច្រៀងនៅផលិតកម្ម Galaxy តាមលោកនោះទេ ដោយបានជួលគ្រូបង្ហាត់ច្រៀងនិងរាំ ជាជនបរទេស មកបង្វឹកនៅ អាមេរិក រហូតដល់កូនទី២ របស់លោក អាចច្រៀងបទជាភាសារអង់គ្លេស បាន ។ ទោះជាមិនទាន់មានឱកាសឡើងឆាកធំៗជាលក្ខណៈអន្ដរជាតិ ប៉ុន្ដែមុនីនាគ ដែលចេញបទចម្រៀងជាភាសាអង់គ្លេស កន្លងមក ត្រូវបានគេប្រដូចថា លោកមានសំឡេងស្រដៀងគ្នាទៅនឹង Michael Jackson តែគេមិនដឹងថា ពាក្យសរសើរទាំងនោះ ចេញពីចិត្ត ឬជាការផ្លែផ្កាឲ្យកូនព្រាប សុវត្ថិ នោះទេ ។

មានការលើកឡើងថា ហេតុអ្វីបានជាមុនីនាគ ពេលចេញបទចម្រៀងម្ដងៗ ចេះតែមានគេចំអក? បញ្ហានេះ មិនទាន់ត្រូវបានសាមីខ្លួនចេញមុខបំភ្លឺទេ ប៉ុន្ដែមុនីនាគ មិនដែលបង្ហាញប្រតិកម្មខឹង ឬតបតទៅអ្នកលេងបណ្ដាញសង្គម ដែលវាយប្រហារមកលើខ្លួនឡើយ គឺរូបគេនៅតែដើរតាមក្ដីសុបិនរបស់ខ្លួន ទៅមុខជានិច្ច ។ ប៉ុន្ដែប្រភពខ្លះថា មុនីនាគ អាចត្រូវបានអ្នកលេងបណ្ដាញសង្គម ច្រើនតែឌឺដងឲ្យខ្លួនបែបនេះ ព្រោះតែរូបគេរងថ្មបាក់ពីឪពុក ដែលបច្ចុប្បន្នត្រូវបានអ្នកលេងហ្វេសប៊ុក ចាត់ទុកថា លោកព្រាប សុវត្ថិ កំពុងប្រឡូកឬបម្រើនយោបាយ ជាងផ្ដោតលើច្រៀង ។

គួរកត់សម្គាល់ថា ក្រៅពីអាជីពចម្រៀង សុវត្ថិ មុនីនាគ មានតួនាទីជាជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យ ការិយាល័យទី៥ ។ មុនីនាគ ក្រោយផ្អាកស្និទ្ធស្នេហ៍ជាមួយស្រីស្រស់ រ៉េត ស៊ូហ្សាណា កាលពីឆ្នាំ២០២២ ពេលនេះលោកមិនទាន់បង្ហាញសញ្ញាមានស្នេហាថ្មីជាមួយនារីណាផ្សេងទេ ។ ចំណែកតារាស្រីស្អាតៗក្នុងស្រុក កន្លងមកមានខ្លះបានហៅព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ថាឪក្មេក ម៉ែក្មេក ព្រោះចង់ធ្វើកូនប្រសាអ្នកទាំងពីរ តែពេលនេះកូនកំលោះឧកញ៉ា ព្រាប សុវត្ថិ ទាំង៣ នៅតែមិនទាន់មានម្នាក់ណាការប្រពន្ធឡើយ ។

អ្នកជំនាញសិល្បៈខ្លះថា មុនីនាគ កំពុងព្យាយាមចាក់មូលដ្ឋានគ្រឹះសិល្បៈឲ្យរឹងមាំ ដើម្បីបន្ដវេនពីឪពុករបស់ខ្លួន នៅពេលដែលលោកសុវត្ថិ ចូលនិវត្តន៍ពីអាជីពចម្រៀង នាពេលខាងមុខ ។ ប៉ុន្ដែការលើកឡើងបែបនេះ ត្រូវឬខុស គឺមានតែមហាជនទេ អាចវាយតម្លៃពីសមត្ថភាពលោកបាន ខណៈដែលតារាចម្រៀង ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនីនាគ អាចស្នងតំណែងលោកព្រាប សុវត្ថិ បាន នាពេលអនាគត ៕

លោកគួច ខេវិន អ្នកដឹកនាំផលិតកម្មវិធីសិល្បៈជាន់ខ្ពស់ និងលោកសុវត្ថិ មុនីនាគ

លោកព្រាប សុវត្ថិ និងកូនប្រុសទី២ សុវត្ថិ មុនីនាគ

RELATED ARTICLES