Friday, August 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតខ្សែភ្លើងយកស្ពាន់ ឆេះហាងកាហ្វេ

ដុតខ្សែភ្លើងយកស្ពាន់ ឆេះហាងកាហ្វេ

ភ្នំពេញ ៖ ហាងកាហ្វេ មួយកន្លែង កំពុងត្រូវបានម្ចាស់ធ្វើការរុះរើ ដើម្បីផ្លាស់ប្តូរទីតាំង ស្រាប់តែមានជនសង្ស័យម្នាក់ ឆ្លៀតពេលឃើញឱកាសស្ងាត់ លបចូលទៅលួចរបស់របរនៅក្នុងហាងនោះ រួចប្រមូលខ្សែភ្លើងដុតនៅក្នុងហាង ដើម្បីយកស្ពាន់លក់ ធ្វើឱ្យកើតអគ្គិភ័យ ឆេះហាងកាហ្វេ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់វាយខ្នោះជនសង្ស័យភ្លាមៗ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្តោយផ្លូវលេខ៣១៣ ក្នុងសង្កាត់បឹងកក់ទី០២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា ហាងកាហ្វេខាងលើនេះ ម្ចាស់កំពុងធ្វើការរុះរើអីវ៉ាន់ ដើម្បីផ្លាស់ប្តូរទីតាំង ប៉ុន្តែនៅវេលាកើតហេតុ មិនមានមនុស្សមកជញ្ជូនអីវ៉ាន់ដែលនៅសេសសល់នោះឡើយ។ ខណៈនោះមានបុរសម្នាក់ បានលួចចូលទៅខាងក្នុងហាង ឡើងទៅជាន់ឡៅតឿ ធ្វើសកម្មភាពដុតខ្សែភ្លើង យកស្ពាន់លក់ ធ្វើឲ្យរាលឆេះទាំងហាង ផ្អើលពលរដ្ឋនិងអាជ្ញាធរមានសមត្ថកិច្ច ចុះទប់ស្កាត់ទាន់ពេល មិនបង្កឱ្យឆេះរាលដាលនោះឡើយ។

ក្រោយកើតហេតុ កម្លាំងគណៈបញ្ជាការខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យខាងលើ ប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES