Saturday, August 16, 2025
Homeតារាខ្មែរតារាល្បីៗ ច្រៀងលើកទឹកចិត្តកងទ័ពការពារទឹកដី

តារាល្បីៗ ច្រៀងលើកទឹកចិត្តកងទ័ពការពារទឹកដី

ភ្នំពេញ ៖ ក្រោយផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ បង្កដោយទាហានសៀម ឈ្លានពានទឹកដីកម្ពុជា មានតារាល្បីៗជាច្រើន បានផ្អាកច្រៀងសម្ដែងតាមបណ្ដា Concerts ធំៗ ដោយបង្កើតមូលនិធិជួយដល់វីរកងទ័ព និងជនភៀសសឹក តាមព្រំដែន ជាបន្ដបន្ទាប់។ជាមួយគ្នានេះដែរ មានតារាល្បីៗខ្លះ បានចេញបទចម្រៀងបង្ហាញពីការឈឺចាប់ ចំពោះការឈ្លានពានរបស់ទាហានចោរសៀម និងលើកទឹកចិត្តដល់វីរកងទ័ពខ្មែរ តស៊ូការពារទឹកដី ។

១- ព្រាប សុវត្ថិ ៖ តារាវ័យ៥០ឆ្នាំ រូបនេះបានចេញបទ «ទ័ពស្រោបនគរ» ដែលបង្ហាញពីវីរកងទ័ពក្លាហានការពារទឹកដី មិនឲ្យខ្មាំងសត្រូវឈ្លានពាន ។ ព្រាប សុវត្ថិ បាននាំយកអំណោយទៅចែកអំណោយដល់កងទ័ព និងជនភៀសសឹក តាមតំបន់ព្រំដែនផងដែរ ដែលគ្រាន់តែលោកចុះពីលើរថយន្ដ បងប្អូនពលរដ្ឋភៀសសឹក រត់មកឱបលោកតែម្ដង។

  ២- ម៉ាន់ វណ្ណដា ៖ តារាចម្រៀងរ៉េប របស់ផលិតកម្មបារមី រូបនេះ បានចេញបទ «០១ សីហា» មានការគាំទ្រច្រើន បន្ទាប់ពីលោកបានចេញសារថ្កោលទោសទាហានសៀម ឈ្លានពានទឹកដីកម្ពុជា ជាបន្ដបន្ទាប់។ វណ្ណដា ក៏បង្ហាញអារម្មណ៍ចង់ឲ្យឧកញ៉ានិងសេដ្ឋីៗ ស្រុកខ្មែរ ទិញ ដ្រូន (Drone) ឧបត្ថម្ភជួយដល់កងទ័ពខ្មែរ ដើម្បីតទល់ជាមួយទាហានសៀម ឈ្លានពាន ផងដែរ ។

  ៣- ខេមរៈ សិរីមន្ដ ៖ តារាវ័យ៤០ឆ្នាំ រូបនេះ ចេញបទ «មនសិកាជាតិខ្មែរ» បន្ថែមពីលើបទ «តាមាន់ ស្នេហ៍ខ្ញុំ» ។ លោកប៊ុនថៃ ក៏បានចុះទៅជួបកងទ័ព និងជនភៀសសឹក តាមតំបន់ព្រំដែនផងដែរ ហើយលោកថែមទាំងថតរូបធ្វើចុងភៅ ចម្អិនម្ហូបឲ្យជូនកងទ័ព និងជនភៀសសឹក ទៀតផង ដែលមើលទៅដូចចេះធ្វើម្ហូបយ៉ាងជំនាញតែម្ដង ។

  ៤- ខេម ៖ តាមពិតលោកសុណារិន បានចេញបទ «ឈាមខ្ញុំជាខ្មែរ» តាំងពីមុនផ្ទុះសង្រ្គាមនៅតាមតំបន់ព្រំដែន ដែលបង្កឡើងដោយទាហានសៀម ឈ្លានពានម៉្លេះ ។ ប៉ុន្ដែបទនេះ ត្រូវនឹងបច្ចុប្បន្នភាព ហើយនៅលើបណ្ដាញសង្គម ចម្រៀងរបស់ខេម មួយបទនេះ ត្រូវបានគេយកទៅបង្ហោះ ភ្ជាប់ជាមួយកងទ័ពជាច្រើន ។

  ៥- ពេជ្រ សោភា ៖ អតីតតារាចម្រៀងហង្សមាស ពេជ្រ សោភា បានចេញបទ «រយពាន់ឆ្នាំ» និងបទ «ម្ចាស់កេរ» ជាច្រើនខែមកហើយ ដែលឆ្លុះបញ្ចាំងពីប្រាសាទខ្មែរ ត្រូវចោរសៀម ឈ្លានពាន ចង់បាន ហើយទាំង២បទនេះ ត្រូវនឹងស្ថានភាពសៀម ឈ្លានពានកម្ពុជា នាពេលនេះតែម្ដង ទើបសោភា យកមកបង្ហោះសាជាថ្មី ។ សោភា បាននាំយកអំណោយទៅជូនកងទ័ព និងជនភៀសសឹកតាមព្រំដែន រួមទាំងចេញសារថ្កោលទោសចោរសៀម ជាបន្ដបន្ទាប់ផងដែរ តាំងពីផ្ទុះសង្រ្គាមតាមព្រំដែន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

  ៦- សុគន្ធនិសា ៖  អតីតតារាចម្រៀងហង្សមាស រូបនេះ បានបង្ហោះឡើងវិញនូវបទ «ប្រាសាទព្រះវិហារខ្មែរ» និងច្រៀង Cover បទ «ឧត្តរមានជ័យ» របស់លោកស្រីម៉ៅ សារ៉េត ។  និសា ក៏បានបង្កើតមូលនិធិជាមួយលោកករុណា ពេជ្រ យកអំណោយទៅចែកជូនវីរកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនផងដែរ ។

  ៧- ឈិត សុវណ្ណបញ្ញា ៖ អតីតតារាថោន និងហង្សមាស រូបនេះ ចេញបទ «បេះដូងអ្នកស្នេហាជាតិ» ប៉ុន្ដែមិនមែនច្រៀងទោលម្នាក់ឯងទេ គឺច្រៀងជាក្រុម ជាមួយតារាចម្រៀង ចំរើន សុភ័ក្រ្ដ, ចំរើន សុភា, ចំរើន តារា, នួន សុធារ័ក្ស, លោកគី សាវីន និងលោកជួប ចន្ទកក្កដា (រ៉ូលីន)។ បញ្ញា គ្រោងវិលត្រឡប់មកលេងសិល្បៈពេញទំហឹងវិញ ពេលសង្រ្គាមតាមតំបន់ព្រំដែនបញ្ចប់ទាំងស្រុង ក្រោយពេលនាងឃ្លាតឆ្ងាយពីឆាកតន្រ្ដី ជាច្រើនឆ្នាំ។

  ៨- អ៊ីវ៉ា ៖ តារាសាន់ដេ រូបនេះ បានចេញ MV ច្រៀង Cover បទ «ឧត្តរមានជ័យ» ហើយនាងបង្ហូរទឹកនេត្រាជោកថ្ពាល់។ សកម្មភាពរបស់អ៊ីវ៉ា ត្រូវបានសង្សារនាង លោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាប យូណាយធីត គាំទ្រពេញទំហ៊ឹង ខណៈពេលនេះនាងបានវិលមករកស៊ីតាម Online ឡើងវិញ ក្រោយផ្អាកជិត ៣អាទិត្យ ព្រោះសង្រ្គាម ។ ប៉ុន្ដែមិនទាន់ឡើងច្រៀងឆាកធំៗវិញទេ ។

  ៩- ល្អហួស ៖ ស្រីស្អាតវ័យក្មេងរូបនេះ ចេញបទចម្រៀង «ចោរសៀមឈ្លានពាន» ប៉ុន្ដែគួរឲ្យស្ដាយ នៅពេលដែល Views ជិត 10M ទៅហើយ ស្រាប់តែហ្វេសប៊ុក លុបបទនាងចោលដោយមិនដឹងមូលហេតុ។ ជូរី ល្អហួស ជាបវរកញ្ញា Miss Preteen Junior Idol World 2024  និងម្ចាស់មកុដ Miss Preteen International Cambodia 2023 ក៏បាននាំយកអំណោយទៅចែកជូនកងទ័ព និងជនភៀសសឹក តាមតំបន់ព្រំដែនផងដែរ។

  ១០- ផន សុផារី ៖ តារាចម្រៀងរូបនេះ បានចេញបទ «កម្ពុជា ខ្ញុំអើយ» ដែលបទនេះមានការគាំទ្រច្រើននៅលើបណ្ដាញសង្គម ។ សុផារី ត្រូវបាន Fan និយមស្ដាប់បទចម្រៀងប្រពៃណីរបស់នាង ជាងបទសម័យ ហើយនាងក៏បានបង្កើតមូលនិធិជួយដល់កងទ័ព និងជនភៀសសឹកនៅតាមព្រំដែន ដូចតារាផ្សេងៗដែរ។

  ១១-ទេព បូព្រឹក្ស ៖ ភរិយាលោកងួន ចាន់ដេវីត រូបនេះ បានចេញបទ «យុទ្ធសង្រ្គាម» ខណៈនាងនិងប្ដី ក៏ធ្លាប់បាននាំយកអំណោយទៅជូនកងទ័ព និងជនភៀសសឹកនៅតាមព្រំដែនដែរ ។ ប្រភពថា បូព្រឹក្ស ចង់ចេញបទបែបណាក៏ស្វាមីធ្វើតាមចិត្តនាងគ្រប់ពេល ។

១២-រ៉េត ស៊ូហ្សាណា និងយូហៃ ៖តារាចម្រៀងផលិតកម្មបារមី ទាំងពីរដួងបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយបទ«Come Back Home » ដែលហ្សាណា ជាអ្នកនិពន្ធ ពីសាច់រឿងស្រ្ដីម្នាក់មានប្ដីជាទាហាន ត្រូវទ័ពសៀមចាប់ទៅក្នុងចំណោមកងទ័ពខ្មែរទាំង១៨នាក់ ហើយភរិយាទន្ទឹងរងចាំផ្លូវប្ដី ដែលនាងបានជួបផ្ទាល់ប្រពន្ធកងទ័ពរូបនោះនៅជុំរុំគ្រួសារភៀសសឹក ។

  ក្រៅពីតារា ១៣ដួង ខាងលើ មានតារាមួយចំនួនទៀត ក៏បានចេញបទចម្រៀងទាក់ទងទ័ពសៀមឈ្លានពានទឹកដីកម្ពុជា ផងដែរ ពិសេសការច្រៀង Cover បទ «ឧត្តរមានជ័យ» របស់លោកស្រីម៉ៅ សារ៉េត កាន់តែពេញនិយម ត្រង់ឃ្លា ««ប្ដីគេទៅជួញ គេទួញអាណិត ប្ដីខ្ញុំប្ដូរជីវិត ឋិតនៅក្នុងដងព្រៃ …»៕

RELATED ARTICLES