Tuesday, August 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចលុយនិងទូរស័ព្ទជាងកាត់សក់ ជាប់ខ្នោះ

លួចលុយនិងទូរស័ព្ទជាងកាត់សក់ ជាប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូចូលទៅរកកាត់សក់ លុះឃើញជាងកំពុងជាប់ដៃកាត់សក់ឱ្យគេមុន ក៏លបចូលទៅធ្វើសកម្មភាពលួចកាបូបលុយ និងទូរស័ព្ទរបស់ជាងកាត់សក់ បានសម្រេច ហើយជិះម៉ូតូទៅលាក់ខ្លួននៅផ្ទះជីដូនរបស់ខ្លួន។ លុះ២ម៉ោងក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកាបូបលុយនិងទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចផ្ទះជាងកាត់សក់ ១កន្លែង ស្ថិតក្នុងភូមិសំបួរ ឃុំដំបូករូង ស្រុកភ្នំស្រួច។ រហូតមកដល់វេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុង ប៊ុន ហៅជ្រុញ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច។ ចំណែកជនរងគ្រោះ មានឈ្មោះរ៉េត ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងកាត់សក់ រស់នៅភូមិសំបួរ ឃុំដំបូករូង ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង បានទទួលពាក្យបណ្តឹងពីឈ្មោះរ៉េត ពេជ្រ ដោយបានប្តឹងរៀបរាប់ថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ខណៈពេលដែលរូបខ្លួនកំពុងកាត់សក់ឱ្យភ្ញៀវ នៅខាងមុខផ្ទះ ស្រាប់តែឈ្មោះសុង ប៊ុន ហៅជ្រុញ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ RSX ពណ៌ក្រហម គ្មានស្លាកលេខ មកពីទិសខាងជើង មករកកាត់សក់ដែរ ប៉ុន្តែដោយសារខ្លួនកំពុងតែជាប់ដៃកាត់ឱ្យគេមុន ទើបឈ្មោះខាងលើ បានដើរចូលទៅក្រោមផ្ទះរបស់ខ្លួន ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទ ចំនួន១គ្រឿង ម៉ាក iPhone 11Pro កាបូបដៃ មានលុយខ្មែរ ចំនួន៧៤៥០០រៀល និងមានកាត ABA ចំនួន១សន្លឹក។ ក្រោយធ្វើកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូខាងលើ ទៅទិសខាងត្បូង ។ ពេលកាត់សក់រួច ខ្លួនបានដើរចូល ផ្ទះ ស្រាប់តែកាបូបលុយទើបខ្លួនមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង តែម្តង។

ប្រភពដដែល បន្តថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗនោះ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូង បានចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្ទះជីដូនរបស់ជនសង្ស័យ ស្ថិតនៅភូមិទឹកថ្លា ឃុំដំបូករូង យកមកសាកសួរ។ ជាមួយនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ទូរស័ព្ទ ១គ្រឿង ម៉ាក iPhone 11Pro និង កាបូបដៃ មានលុយ ៧៤៥០០រៀល និងកាត ABA (បានប្រគល់ជូនម្ចាស់ដើមវិញ)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូរស័ព្ទ និងកាបូបលុយ របស់ជនរងគ្រោះ ដូចខាងលើប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES