ខេត្តបន្ទាយមានជ័យ ៖ ជាបន្តបន្ទាប់កម្លាំងសមត្ថកិច្ចកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃខេត្តបន្ទាយមានជ័យ តែងទប់ស្កាត់និងបង្ក្រាបការលួចឆ្លងដែនដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋថៃ។

ជាថ្មីម្តងទៀត កាលពីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា ប្រចាំការនៅតាមព្រំដែន នៃខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនពលករថៃ បម្រុងលួចឆ្លងដែនខុសច្បាប់ ពីកម្ពុជា ទៅថៃ ចំនួន២១នាក់។

តាមប្រភពសមត្ថកិច្ច ពលករថៃទាំង២១នាក់ (ស្រី៩នាក់) និងមេខ្យល់ជនជាតិខ្មែរ ១នាក់ ត្រូវបានឃាត់នៅចំណុចជិតព្រំដែន ក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលឈមនឹងខាងថៃ ទល់មុខភូមិអាងសិលា ឃុំណងម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ។

ក្រោយពីការឃាត់និងធ្វើកំណត់ហេតុរួច ពលករថៃទាំងអស់ ត្រូវបានប្រគល់ឱ្យកងរាជអាវុធហត្ថស្រុកអូរជ្រៅ អនុវត្តតាមនីតិវិធីបន្ត៕