ខេត្តកំពង់ស្ពឺ ៖ យុវជន ២នាក់ កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូ ក្បែរមាត់ស្រះទឹក ១កន្លែង ស្រាប់តែត្រូវជន សង្ស័យម្នាក់ ជិះកង់កញ្ចាស់ ១គ្រឿង បានធ្វើសកម្មភាពលបហក់ធាក់ បណ្តាលឱ្យធ្លាក់ពីលើម៉ូតូ រួចប្លន់ម៉ូតូ ជិះរត់គេចខ្លួនបាត់។

ករណីធាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចមាត់ស្រះទឹក ស្ថិតក្នុងភូមិព្រៃត្បែង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ។ លុះមកដល់រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ទើបកម្លាំងសមត្ថ កិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ បានចំនួន៣នាក់។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះជឿន ផាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់ធ្វើសកម្មភាពហក់ធាក់ម្ចាស់ម៉ូតូធ្លាក់ពីលើម៉ូតូ)។ ទី២-ឈ្មោះកែវ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាអ្នកផ្តើមគំនិតក្នុងការប្រព្រឹត្តបទល្មើសខាងលើ) និងទី៣-ឈ្មោះស៊ន ឆានឈុន ភេទប្រុស អាយុ២៦ឆ្នាំ (អ្នករួមគំនិត)។ ជនសង្ស័យទាំង ៣នាក់ មានលំនៅ ភូមិព្រៃត្បែង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ។ ចំណែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-0897 ជារបស់ជនរងគ្រោះឈ្មោះអួក សោភ័ណ ភេទប្រុស អាយុ១៨ឆ្នាំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុក ធ្វើការស្រាវជ្រាវករណីកំ ហែងយក ដោយជនសង្ស័យ ជិះកង់មកធាក់ជនរងគ្រោះធ្លាក់ពីលើម៉ូតូ រួចយកម៉ូតូជិះរត់គេចខ្លួនបាត់។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះអួក សោភ័ណ និងឈ្មោះសុង ឆៃណាន់ ត្រូវជាបងប្អូនជីដូនមួយ បានរៀបរាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ខណៈដែលពួកគេទាំង២នាក់ កំពុងតែអង្គុយចុចទូរស័ព្ទលេង នៅលើម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-0897 នៅចំណុចមាត់ស្រះទឹក ស្ថិតក្នុងភូមិព្រៃត្បែង ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ស្រាប់តែលេចមុខជនសង្ស័យ បានជិះកង់មកធាក់ពួកខ្លួន ធ្លាក់ពីលើម៉ូតូ រួចយកម៉ូតូជិះរត់គេចខ្លួនបាត់។

ក្រោយធ្វើការស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (១-ឈ្មោះជឿន ផាន់ណា ២-ឈ្មោះកែវ ពិសិដ្ឋ ៣-ឈ្មោះស៊ន ឆានឈុន) នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះកង់កញ្ចាស់ មកធាក់ប្លន់ម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយខ្លួននិងបក្ខពួក បានរៀបចំផែនការរួចស្រេច។
ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕