Sunday, August 24, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងមហាផ្ទៃ បន្តហាមបង្ហោះដ្រូន តាមខេត្តជាប់ព្រំដែន

ក្រសួងមហាផ្ទៃ បន្តហាមបង្ហោះដ្រូន តាមខេត្តជាប់ព្រំដែន

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី សម្រាប់ខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ រួមទាំងខេត្តសៀមរាប និងខេត្តកំពង់ធំ។

យោងតាមលិខិតក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបទៅអភិបាល នៃគណៈអភិបាលខេត្ត ជ្រាបថា កន្លងមក ក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលការណ៍ហាមឃាត់ មិនឱ្យមានការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តសៀមរាប និងខេត្តកំពង់ធំ សម្រាប់រយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥។

ផ្អែកតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តខាងលើ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ភាគីថៃ នៅតែបន្តបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) និងសត្វព្រាប បំពាក់ GPS ស៊ើបការណ៍ ជារៀងរាល់ថ្ងៃ ចូល រំលោភបំពានដែនអធិបតយ្យនៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ សម្រេចបន្តការហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធទាំង៩ ខាងលើ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រហូតដល់មានការណែនាំថ្មី ដើម្បីពង្រឹងនិងលើកកម្ពស់ការគ្រប់គ្រង និងធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES