ខេត្តសៀមរាប ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីថ្មក្រោម ឈើលើ ដំបូលប្រក់ក្បឿង មានម្ចាស់ឈ្មោះវ៉ន រ៉េន ភេទស្រី អាយុ៦១ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែក ស្រុកប្រាសាទបាគង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសូរសំឡេងឆោឡោ ស្រែកថា “ភ្លើងឆេះផ្ទះៗ” ធ្វើឱ្យផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាចេញទៅមើល ក៏ឃើញភ្លើងកំពុងឆាបឆេះផ្ទះខាងលើយ៉ាងសន្ធោ សន្ធៅ ហើយភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់ដែរ តែមិនឈ្នះ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថ កិច្ច ដើម្បីឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីទទួលបានព័ត៌មានពីករណីអគ្គិភ័យខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្តសៀមរាប បានចុះដល់ទីតាំងកើតហេតុ និងបានចាត់កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះពន្លត់អគ្គិភ័យ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន។

ក្នុងនោះ រួមមាន រថយន្តពន្លត់អគ្គិភ័យនៃស្នងការនគរបាលខេត្ត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន។ រថយន្តពន្លតអគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យនៃអាជ្ញាធរជាតិអប្សរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ដោយអគ្គិភ័យនេះ រលត់ទាំងស្រុងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល។

តាមប្រភពសមត្ថកិច្ចការិយាល័យជំនាញ បានបញ្ជាក់ប្រាប់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ថា ករណីអគ្គិភ័យខាងលើនេះ បានបណ្តាលឱ្យខូចខាតផ្ទះចំនួន ១ខ្នងទាំងស្រុង រួមទាំងខូចខាតស្រូវ អស់១៣បាវ និងសម្ភារប្រើប្រាស់មួយចំនួន ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កឱ្យមានអគ្គិភ័យឆាបឆេះកើតឡើង សំណាងល្អមិនបានរាលដាលដល់ផ្ទះអ្នកជិតខាង ឬបង្កឱ្យមានមនុស្សណាម្នាក់ រងរបួសឡើយ៕


