ភ្នំពេញ ៖ តារាសម្ដែងរូបសង្ហា លោកមាស វឌ្ឍនៈសម្បត្តិ ហៅបឺរី បានប្រកាសកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថាលោកមានផែនការក្នុងជីវិតអស់ហើយ គឺសុំប្រឡូកក្នុងសង្គម១៥ឆ្នាំទៀត រហូតដល់ឆ្នាំ២០៤០ ដែលពេលនោះលោកមានអាយុ៤៣ឆ្នាំ នឹងដកខ្លួនថយ ហើយទៅរស់នៅជើងភ្នំ មានទឹកធ្លាក់ ដាំបន្លែ ចិញ្ចឹមសត្វ ប្រើជីវិតរីករាយជាមួយធម្មជាតិ គ្មានមហិច្ឆតានិងការប្រកួតប្រជែងឡើយ ។ ប៉ុន្ដែលោកបឺរី បញ្ជាក់ថា ពេលនោះ លោកសុំយកប្រពន្ធ ៥នាក់ ។

តាមរយៈការអះអាងរបស់លោកបឺរី នេះ បញ្ជាក់ថា លោកមិនមែនទៅសាងផ្នួស ឬធ្វើជាតាបសទេ ប៉ុន្ដែប្រើជីវិតចុងក្រោយរបស់ខ្លួន ឲ្យមានក្ដីសុខបំផុតនោះ គឺមានប្រពន្ធ៥នាក់សោយសុខនៅជើងភ្នំ ដែលគ្មានអ្នករំខាន ។

អ្នកយកព័ត៌មាន «នគរធំ » មិនអាចសុំការបញ្ជាក់ពីលោកបឺរី បានទេ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន ។ ប៉ុន្ដែតារាសម្ដែងជិតស្និទ្ធលោកវឌ្ឍនៈសម្បត្តិ មួយចំនួន ប្រាប់ថា បឺរី អាចនឹងរកបានប្រពន្ធលើសពី ៥នាក់ ប្រសិនបើចិត្តគេចង់ ព្រោះតែគេដឹងថា តារាសម្ដែងរូបនេះ ជាបុរសមានមន្ដស្នេហ៍មិនធម្មតាឡើយ ពោលគឺញ៉ែបានៗ ដោយសាតែលោកសង្ហា និងពូកែថ្វីមាត់ ។

យ៉ាងណា ជុំវិញលោកបឺរី ប្រកាសចង់បានប្រពន្ធ ដល់ទៅ៥នាក់ ដើម្បីសោយសុខពេលចូលនិវត្តន៍នោះ គេនៅមិនទាន់ឃើញមានប្រតិកម្មពីគូស្នេហ៍របស់លោក អ្នកលក់ឡេOnline អ្នកមេម៉ាយរូបស្រស់ សៀន សូលីនដា ហៅម៉ាដាមដា ឡើយ គិតត្រឹមរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្ដែគេចាំបានថា កាលពីខែសីហា ឆ្នាំ២០២៤ លោកបឺរី បានប្រកាសជាសាធារណៈថា ចំណងស្នេហាលោកនិងម៉ាដាមដា ជាស្នេហាពិត ហើយទោះជាមានរឿងអ្វី ក៏លោកមិនចោលគូស្នេហ៍ដែរ ព្រមទាំងមានគម្រោងរៀបការជាមួយគ្នា ក្លាយជាប្ដីប្រពន្ធស្របច្បាប់ នាពេលអនាគតទៀតផង។ ចំណុចនេះហើយ ធ្វើឲ្យម៉ាដាមដា ដែលធ្លាប់ចោទអ្នកកាសែតមួយចំនួនថា ជាអ្នកបំពុលសង្គមនោះ ពេញចិត្តស្តូកចំពោះសង្សារថ្មីនេះតែម្ដង ហើយនាងថែមទាំងទិញរថយន្ដទំនើបៗ ឲ្យបឺរី ជិះកម្សាន្ដ ដូចជា Rolls Royce និង Jeep Rubicon ជាដើម បើទោះជាមុននេះ មានគេទម្លាយថា អ្នកលក់ Online រូបនេះ មានបំណុលច្រើនក៏ដោយ។

គួររំលឹកថាបឺរី ជាអតីតសង្សារតារាសម្ដែងនាងទឹម វត្តី និងមានព័ត៌មានថា ទោះជាពេលនេះគ្រប់គ្នាដឹងថា លោកជាសង្សាររបស់ម៉ាដាមដា ក្ដី ប៉ុន្ដែនៅតែមានស្រីក្មេងៗតាមញ៉ែលោក ។ គេនៅមិនដឹងថា បើផែនការរបស់បឺរី ចង់បានប្រពន្ធ៥នោះ បានសម្រេចមែន តើលោកនឹងយកភរិយាទាំង៥ ឲ្យមករស់នៅជុំគ្នានៅជាយភ្នំ មានទឹកហូរតាមបែបធម្មជាតិនោះរស់នៅក្រោមដំបូលអាស្រមតែមួយ តែម្ដង ឬយ៉ាងណាទេ ព្រោះតែមិនទាន់មានការបញ្ជាក់ពីលោកនៅឡើយ ។

សូមបញ្ជាក់ថា បឺរី អាយុ២៨ឆ្នាំ ប្អូនម៉ាដាមដា ៥ឆ្នាំ ស្ថិតក្នុងចំណោមតារាដែលយកប្រពន្ធជាស្រ្ដីមេម៉ាយ មានដូចជា លោកជា វិបុល ស្វាមីអ្នកនាង គង់ សុជាតិ, លោកអ៊ិន សុបញ្ញា ហៅផាណូ ស្វាមីអ្នកនាង ខាត់ សុឃីម និងលោក រស់ រាជសាល ស្វាមីអ្នកស្រី ទ្រី ដាណា ជាដើម ។ ប្រភពខ្លះថា គ្រាន់តែលោកវឌ្ឍនៈសម្បត្តិ ប្រ កាសចង់បានប្រពន្ធ ៥នាក់ មានស្រីៗខ្លះស្នើសុំឲ្យលោកយកប្រពន្ធ៧ ដើម្បីកុំឲ្យពិបាកបែងចែកវេនផ្សំដំណេក ហើយពួកគេស្ម័គ្រចិត្តធ្វើប្រពន្ធចុងក្រោយរបស់លោកទៀតផង ។ ប៉ុន្ដែគេនៅមិនទាន់ដឹងថា ម៉ាដាមដា ព្រមឲ្យអនាគតស្វាមីនាង សម្រេចបំណងធំមួយនេះ ឬយ៉ាងណាទេ ?…៕



