Thursday, August 28, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់ វាយប្រហារផ្ទះបណ្តែតទឹកលើផ្ទៃទន្លេសាប

ខ្យល់កន្ត្រាក់ វាយប្រហារផ្ទះបណ្តែតទឹកលើផ្ទៃទន្លេសាប

ខេត្តបាត់ដំបង ៖ ផ្ទះបណ្តែតទឹក ០១ខ្នង ត្រូវបានរងការវាយប្រហារក្រោមឥទ្ធិពលនៃខ្យល់កន្ត្រាក់ បណ្តាលខូចខាតខ្ទេចទាំងស្រុង នៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្រុមទី២៧ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ផ្ទះដែលខូចខាត មានទំហំ ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ រ៉េត ម៉ុម ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ក្រោយទទួលបានព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្កែ ដែលដឹកនាំដោយលោក នាង ចន្ទថារ៉ា អភិបាលស្រុក ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងសហការី បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំ ណោយមនុស្សធម៌របស់សប្បុរសជន តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនដល់គ្រួសាររងគ្រោះ។

នាឱកាសនោះ លោក នាង ចន្ទថារ៉ា បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ ប្រធានគណៈ កម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោ លគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។

បន្ថែមពីនេះ លោកប្រធានអនុសាខា បានសម្តែងការសោកស្តាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។

អំណោយដែលត្រូវផ្តល់ជូននាពេលនេះ រួមមាន ៖ អង្ករ ១០០គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកសុទ្ធ ២យួរ សំពត់តង់១ ម្បុង១ ភួយ១ កន្ទេល១ សារុង១ កន្សែង១ និងថវិកា២០ម៉ឺនរៀល៕

RELATED ARTICLES