Tuesday, September 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់កន្ទេល បន្លំលួចលុយជាង១លាន ជាប់ខ្នោះ២

លក់កន្ទេល បន្លំលួចលុយជាង១លាន ជាប់ខ្នោះ២

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពបើករថយន្ត ១គ្រឿង ដើរលក់កន្ទេល នៅតាមភូមិ លុះក្រោយមក មានបុរសចំណាស់ម្នាក់ អាយុជាង៩០ឆ្នាំ បានទិញកន្ទេល ពីជនសង្ស័យ ស្រាប់តែពេលរាប់លុយឱ្យជនសង្ស័យរួច ទុកលុយដែលនៅសល់ ជាង១លានរៀល នៅលើគ្រែ ត្រូវជនសង្ស័យបន្លំលួចយកទៅអស់ តែក្រោយមក ត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ក្របួចជាប់ទាំង២នាក់។

ករណីលួចលុយនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស។

ជនសង្ស័យ មានគ្នា២នាក់ រួមមាន ទី១-ឈ្មោះពើស ស៊្រី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌឫស្សី កែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះភី ម៉ើត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ាង វ៉ឹង ភេទប្រុស អាយុ៩២ឆ្នាំ រស់នៅភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច (លួចលុយ) កើតឡើង បង្កដោយជនសង្ស័យមានគ្នា២នាក់ (១-ឈ្មោះពើស ស៊្រី ២-ឈ្មោះភី ម៉ើត) ជិះរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កូរ៉ូលឡា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-7397 ធ្វើជាដើរលក់កន្ទេល។ បន្ទាប់មក ជនរង គ្រោះឈ្មោះប៉ាង វ៉ឹង បានទិញកន្ទេលពីជនសង្ស័យ ខណៈដែលជនរងគ្រោះដកលុយរាប់ឱ្យថ្លៃកន្ទេល ហើយទុកលុយ លើគ្រែ ស្រាប់តែជនសង្ស័យ ឈ្មោះភី ម៉ើត បានលួចយកលុយរបស់ជនរងគ្រោះ ចំនួន១លាន ៣សែនរៀល រួចនាំគ្នាដើរឡើងរថយន្តបើកចេញទៅបាត់។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក ព័ទ្ធស្ទាក់និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ។ ចំណែកលុយដែលជនសង្ស័យទាំង២នាក់ បានលួចនោះ ត្រូវសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានស្រុកព្រៃកប្បាស ប្រគល់ឱ្យលោកតារងគ្រោះវិញហើយ។ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES