ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ និងផ្លូវដីលំមួយចំនួន ត្រូវកាត់ផ្តាច់ពីផលប៉ះពាល់ដោយ សារជំនន់ទឹកភ្លៀង នៅឃុំចំនួន៦ ក្នុងស្រុកថាឡាបរិវ៉ាត់។


យោងតាមរបាយការណ៍ស្តីពីស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង និងទឹកទន្លេមេគង្គ ផលប៉ះពាល់ដល់ស្រុកថាឡាបរិវ៉ាត់ មានឃុំចំនួន៦ ក្នុងចំណោម ៨ឃុំ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងនោះ រួមមាន ឃុំអន្លង់ភេ ចំនួន៣ភូមិ ឃុំចម្ការលើ ចំនួន២ភូមិ ឃុំកាំងចាមចំនួន២ភូមិ ឃុំអន្លង់ជ្រៃ ចំនួន២ភូមិ ឃុំស្រែឫស្សី ចំនួន១ភូមិ និងឃុំថាឡាបរិវ៉ាត់ ចំនួន៣ភូមិ។


បើគិតត្រឹមម៉ោង៣រសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋសរុប ១៨១គ្រួសារ និងផ្ទះប្រជាពលរដ្ឋ ៧១ខ្នងផ្ទះ បានរងផលប៉ះពាល់។ ប៉ះពាល់សន្ទូងពង្រោះ ៧៤ហិកតារ ដំណាំរួមផ្សំ ៤៨ហិកតារ ខូចខាត ១ហិក តារ និងផ្លូវដីលំ ប្រវែង១៣៧៣ម៉ែត្រ ត្រូវជន់លិច ដោយជំនន់ទឹកភ្លៀងនេះ។ បើទោះបីយ៉ាងណា ពុំទាន់មានរបាយការណ៍ស្តីពីការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពនោះទេ។


រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ឱ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជោកជាំខ្លាំង គួបផ្សំនិងទឹកទន្លេឡើងផងនោះ បានបង្កឱ្យកម្ពស់ទឹក ហូរចូលភូមិឋាន ជន់លិច តែទឹកទាំងនោះ អាចនឹងស្រកទៅវិញឆាប់ៗ នៅពេលពុំមានភ្លៀង៕



