ភ្នំពេញ ៖ តារាសម្តែង ចន ច័ន្ទលក្ខិណា បានធ្វើពិធីជប់លៀងធំជូនគូស្នេហ៍របស់នាងឧកញ៉ាហេង ឡុង ថ្ងៃខួបកំណើតគម្រប់៤៦ឆ្នាំ កាលពីរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលមើលទៅចំណងស្នេហាអ្នកទាំងពីរ ផ្អែមល្ហែមមិនចាញ់យុវវ័យប៉ុន្មានឡើយ ។

អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរសារនៅថ្ងៃខួបកំណើតប្ដីថា «Happy Birthday Honey! All The Best Wish For You»។ ចំណែកលោកហេង ឡុង តបទៅភរិយាថា «អរគុណទឹកឃ្មុំ» ។ លោកហេង ឡុង ក៏បានចាប់ថើបថ្ពាល់អ្នកនាងចន ច័ន្ទលក្ខិណា ដោយក្ដីស្រលាញ់ នៅចំពោះមិត្តភក្ដិផងដែរ ។

សូមបញ្ជាក់ថា ការដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើខួបកំណើតឲ្យសង្សារ នៅឆ្នាំនេះ ដោយចាយលុយធំបែបនេះ បន្ទាប់ពីនាងធ្លាប់ទទួលបានអារម្មណ៍រំភើបនៅថ្ងៃខួបកំណើតខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដែលត្រូវលោកឡុង ធ្វើខួបកំណើតឲ្យនាងគម្រប់៤៥ឆ្នាំ ហេតុនេះហើយបានជានាងត្រូវតែ Surprise គូស្នេហ៍វិញ។ មិត្តភក្ដិរួមអាជីពជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា រួមទាំងពួកម៉ាកលោកឡុង ផងដែរ ចង់ឃើញអ្នកទាំងពីររៀបការធំ បន្ទាប់ពីពួកគេចាប់ដៃគ្នាជាង ៦ឆ្នាំ ។ ប៉ុន្ដែ ចន ច័ន្ទលក្ខិណា-ហេង ឡុង មិនទាន់ប្រកាសពីថ្ងៃពិសេសរបស់ពួកគេឡើយ ខណៈដែលមហាជនកត់សម្គាល់ថា គូស្នេហ៍នេះ តាំងពីផ្សារភ្ជាប់ស្នេហាមក សល់ទ្រព្យគួរឲ្យកត់សម្គាល់ ក្នុងនោះមានដូចជា ផ្ទះ៤កន្លែងផ្សេងគ្នា និងជិះរថយន្ដទំនើប ៗដូចជា Rolls Royce , Range Rover Defender និងមានមុខបរ ដូចជា ហាងសាឡន, ហាងគុយទាវ និងក្រុមហ៊ុនសារព័តមាន ជាដើម ។

ប្រភពបានឲ្យដឹងថា ម្ដាយអ្នកនាង ចន ច័ន្ទលក្ខិណា ពេញចិត្តលោកឡុង ខ្លាំង ព្រោះលោកស្រលាញ់ចៅលោកស្រីដែលជាកូនអ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយលោកយុត្ថារា ឆាន្នី នោះដូចជាកូនលោកបង្កើតដែរ ហើយអ្វីដែលសឹងមិនគួរឲ្យជឿនោះ ឧកញ៉ារូបនេះ ថែមទាំងរាប់អានគ្នាជាមួយលោកឆាន្នី ដូចពួកម៉ាក គ្មានគំនុំគុំកួនអ្វីទាំងអស់ ។ ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ស្រលាញ់កូនស្រីលោកហេង ឡុង ជាមួយភរិយាមុន ដូចកូននាងដែរ ហេតុនេះហើយចំណងស្នេហានេះ នឹងកាន់តែរឹងមាំជាមិនខាន ប្រសិនបើអ្នកទាំងពីរ ព្រមដឹកដៃគ្នារៀបការ ហើយយកកូនថែម ។


ចន ច័ន្ទលក្ខិណា ក្រោយក្លាយជាគូស្នេហារបស់លោកហេង ឡុង អ្នកនាងមិនសូវសម្រុកការងារសិល្បៈដូចមុនទៀតឡើយ ពោលគឺយូៗទើបលេងរឿងមួយ ហើយភាពយន្ដដែលនាង សម្ដែងចប់មិនទាន់ដាក់បញ្ចាំង គឺ «អប្សរាមហាអង្គរ» ដឹកនាំដោយលោកហ្វៃ សំអាង ។

ប្រភពថា អ្នកនាងលក្ខិណា មិនអាចថតសម្ដែងរឿងធម្មតាៗដូចមុនទេ ព្រោះនាងត្រូវបានគេហៅថា «ជំទាវ» តាំងពីក្រោយលោកហេង ឡុង ឡើងឧកញ៉ា កាលពីចុងខែមេសា ឆ្នាំ២០២២ ស្របពេលដែលគូស្នេហារបស់នាង ជំរុញនិងគាំទ្រឲ្យនាងពង្រីកមុខជំនួញថែមទៀត ។ ប៉ុន្ដែចន ច័ន្ទលកខិណា ហៅមុំ អត់ដែលប្រកាសឈប់ថតសម្ដែងរឿងទាំងស្រុងទេ ពោលគឺនាងនៅតែថតភាពយន្ដណាដែលនាងស្រលាញ់ពេញចិត្ត ៕
