Wednesday, September 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូអធិការរង បាន១យប់ ជាប់ខ្នោះ២

លួចម៉ូតូអធិការរង បាន១យប់ ជាប់ខ្នោះ២

ខេត្តកណ្តាល ៖ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង របស់លោកអធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ បានសម្រេច រួចព្យាយាមជិះរត់គេចបាន ១យប់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវ ជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីកាច់កម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៣៣នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំ ណុចផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ លុះមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះបឿន ចាន់នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះខុម សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1JB-4939 ជារបស់ជនរងគ្រោះឈ្មោះលឿន ជីវ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីនគរបាល មានតួនាទីជាអធិការរង ទទួលផែនព្រហ្មទណ្ឌស្រុកកៀនស្វាយ រស់នៅភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ចំពោះសម្ភារៈវត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ ចំនួន២គ្រឿង ១- ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JB-4939 (ជារបស់ជនរងគ្រោះ)។ ១-ម៉ាក Honda Click ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 1JT-0842 (ជារបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។ សោខ្សៀលេខ៨ ចំនួន១។ សោខ្វែងរុំស្កុតពណ៌ខ្មៅ ចំនួន១ និងដែកសំប៉ែតបួនជ្រុង ចំនួន៣។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា កាលពីវេលាម៉ោង៧និង៣៣នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ជនរងគ្រោះបានយកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JB-4939 មកទុកនៅមុខហាងអ៊ុតសក់ ស្ថិតនៅភូមិដើមមៀន១ សង្កាត់ដើម មៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោយមកក៏មានជនសង្ស័យចំនួន២នាក់ខាងលើ បានធ្វើសកម្មភាពលួចកាច់ កម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅអធិការនគរបាលក្រុងតាខ្មៅ និងឆែកតាម រយៈកាមេរ៉ាសុវត្ថិភាព រួចបោះដៃតាមវិទ្យុទាក់ទង ដេញតាមស្ទាក់រហូតចាប់ខ្លួនបានទាំង២នាក់ មកវិញ រួមទាំងវត្ថុតាង យកមកសាកសួរនិងចាត់ការតាមនីតិវិធី។

នៅចំពោះមុខនគរបាល ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES