Thursday, September 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលដេកពេទ្យ បន្លំលួចទូរស័ព្ទ៤គ្រឿង

ចូលដេកពេទ្យ បន្លំលួចទូរស័ព្ទ៤គ្រឿង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ បានចូលទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត លុះនៅឃើញឱកាសស្ងាត់ល្អ បែកគំនិតលួចទូរស័ព្ទរបស់អ្នកជំងឺនិងអ្នកកំដរ បានសរុបចំនួន៤គ្រឿង បន្ទាប់មកបានរត់គេចខ្លួនបាត់ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនដល់ផ្ទះ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី៩ ខែកញ្ញា ២០២៥ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ រហូតមកដល់រសៀលថ្ងៃដដែល ទើបសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យដល់ផ្ទះ ស្ថិតនៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឹម មាសម៉ារ៉ា អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត លុះមកដល់វេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយឃើញឱកាសល្អ គ្រាដែលអ្នកជំងឺនិងអ្នកកំដរ កំពុងដេកលក់ ជនសង្ស័យបានឆ្លៀតឱកាសដើរលួចទូរស័ព្ទតាមគ្រែអ្នកជំងឺ និងអ្នកកំដរ បានសរុបចំនួន៤គ្រឿង រួចហើយគេចខ្លួនបាត់។

ប្រភពដដែល បន្តថា បន្ទាប់ពីមានករណីនេះកើតឡើង សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះ ខេង លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង (បាត់ទូរស័ព្ទ ១គ្រឿង)។ ទី២-ឈ្មោះលឹម សុង ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង (បាត់ទូរស័ព្ទ ២គ្រឿង) និងទី៣-ឈ្មោះអ៊ុំ ស៊ិន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិជំទាវស្រុក ឃុំច្រេស ស្រុកកំពង់ត្រឡាច (បាត់ទូរស័ព្ទ ១គ្រឿង)។

ក្រោយពេលទទួលបានព័ត៌មានពីជនរងគ្រោះ នគរបាលក្រុងកំពង់ឆ្នាំង បានកំណត់មុខសញ្ញា និងសហការជាមួយអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ឈានដល់ការចាប់ខ្លួនជនសង្ស័យដល់ផ្ទះ និងដករហូតវត្ថុតាងទូរស័ព្ទ ទាំង៤គ្រឿងមកវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយថា ខ្លួនពិតជាបានលួចទូរស័ព្ទទាំង៤គ្រឿងនោះប្រាកដមែន។ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទទាំង៤គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

RELATED ARTICLES