ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ខឹងបាត់មាន់ ១ក្បាល ក៏បង្កជម្លោះ ជេរប្រមាថទៅលើស្ត្រីចំណាស់ជាអ្នកជិតខាង រហូតផ្ទុះអំពើហិង្សា វ៉ៃបោចសក់ស្ត្រីចំណាស់ បោកផ្ទប់ដី រួចទះកំផ្លៀងជាច្រើនដៃ ព្រមទាំងគំរាមកាប់ទៀតផង ធ្វើឱ្យស្ត្រីចំណាស់ទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញឹម វុទ្ធី អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះណុប កក្កដា អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ត្រីរង គ្រោះឈ្មោះណុប កក្កដា បានមកដាក់ពាក្យបណ្តឹងទៅលើឈ្មោះញឹម វុទ្ធី ជាអ្នកជិតខាង រស់នៅភូមិជាមួយគ្នា ពីបទហិង្សាដោយចេតនា និងស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌ ។
ស្ត្រីជនរងគ្រោះ បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០ព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ពេលដែលរូបគាត់ (ស្ត្រីរងគ្រោះ) កំពុងដាំបាយនិងលាងចាន នៅក្នុងផ្ទះបាយ ស្រាប់តែមានជនសង្ស័យឈ្មោះញឹម វុទ្ធី បានស្រែកហៅគាត់ឱ្យចេញពីខាងក្នុងផ្ទះបាយ រួចបានជេរប្រមាថមកលើគាត់ និងបានយកបាយជះដាក់ក្បាលគាត់ និងបម្រុង យកចានបាយគប់គាត់ទៀត ប៉ុន្តែគាត់ចាប់ទាន់។ បន្ទាប់មក ស្រាប់តែជនសង្ស័យខាងលើ បានចាប់បោចសក់គាត់ បោកផ្ទប់ទៅនឹងដី រួចទះកំផ្លៀង និងដាល់គាត់ជាច្រើនដៃ ចំទ្រូងនិងក្បាល។ លុះក្រោយមក ត្រូវកូនប្រុសរបស់គាត់ និងអ្នកជិតខាង ចូលមកជួយឃាត់។
ស្ត្រីរងគ្រោះ បានបន្តរៀបរាប់ថា បន្ទាប់មក នៅវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃដដែល ស្រាប់តែជនសង្ស័យឈ្មោះញឹម វុទ្ធី បានកាន់កាំបិតផ្គាក់ ដើរចេញពីផ្ទះរបស់គាត់ យកមកកាប់របងផ្ទះរបស់គាត់ និងបានជេរប្រ មាថមកលើរូបគាត់ ព្រមទាំងបានយកកាំបិតផ្គាក់ ដែលកាន់នៅដៃ ដើរចូលមករកកាប់គាត់ទៀត ប៉ុន្តែគាត់បានរត់គេចខ្លួនទាន់។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រែងត្រយឹង បានហៅជនសង្ស័យឈ្មោះ ញឹម វុទ្ធី មកធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់របស់ស្ត្រីរងគ្រោះ ប្រាកដមែន។ មូលហេតុគឺដោយសារតែទាស់សម្តី រឿងបាត់មាន់ ១ក្បាល ។
ជនដៃដល់ខាងលើ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕