Friday, September 19, 2025
Homeព័ត៌មានអន្តរជាតិអតីតបេក្ខភាពទូតអាមេរិក ស្នើលោកត្រាំ ជំរុញឲ្យថៃ ដោះលែងទ័ពកម្ពុជា ១៨រូប

អតីតបេក្ខភាពទូតអាមេរិក ស្នើលោកត្រាំ ជំរុញឲ្យថៃ ដោះលែងទ័ពកម្ពុជា ១៨រូប

សហរដ្ឋអាមេរិក ៖ អតីតបេក្ខភាពអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសថៃ ឆ្នាំ២០១៧ លោក ភូ លីវុឌ្ឍ (Leewood Phu) បានសរសេរលិខិតគោរពជូនលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ស្នើសុំអន្តរាគមន៍ឲ្យថៃ ដោះលែងកងទ័ពកម្ពុជា ទាំង១៨រូប ដែលថៃ ចាប់ទៅ មិនព្រមដោះលែងមកវិញ ។

លិខិតរបស់លោក ភូ លីវុឌ្ឍ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងកម្មវត្ថុ  «ការចាប់កងទ័ពខ្មែរ ចំនួន១៨នាក់ កំពុងជាប់ឃុំក្នុងប្រទេសថៃ ប្រឆាំងនឹងឆន្ទៈរបស់ពួកគេ» នោះ លោក ភូ លីវុឌ្ឍ បានជម្រាបជូនលោកដូ ណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ថា “ឯកឧត្តមប្រធានាធិបតី ជាទីគោរព!   ខ្ញុំសូមគោរពនូវការ អន្តរាគមន៍របស់ឯកឧត្ដម ដើម្បីធានាឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌនិងជាបន្ទាន់ នូវពលរដ្ឋខ្មែរ ចំនួន ១៨នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសថៃ ក្នុងចំណោមមនុស្ស ២០នាក់ ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់ពីបទឈប់បាញ់ ចូលជាធរមាន។ ពួកគេពីរនាក់ ក្រោយមកត្រូវបានដោះលែង ដោយមានភ័ស្តុតាងច្បាស់លាស់នៃការធ្វើទារុណកម្ម និងរបួស ដោយរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងនឹងការធ្វើទារុណកម្ម និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលប្រទេសថៃ ជាភាគីមួយដែរ ។

ពិភពលោក កំពុងមើលឃើញថា ថៃ បានចោទកម្ពុជា ថាជាអ្នកឈ្លានពាន ប៉ុន្តែការពិតបង្ហាញផ្ទុយពីនេះ។ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃ បានធ្វើការទម្លាក់គ្រាប់បែកពីលើអាកាស និងបានប្រើប្រាស់គ្រាប់បែកចង្កោម គ្រាប់រ៉ុក្កែត កាំភ្លើងត្បាល់ និងផ្សែងពុល ប្រឆាំងនឹងតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទបុរាណ សាលារៀន និងលំនៅឋានជនស៊ីវិល ដែលបានសម្លាប់ស្ត្រី និងកុមារស្លូតត្រង់។ សកម្មភាពទាំងនេះ បំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធជាតិផ្ទុះ និងសន្ធិសញ្ញាអូតាវ៉ា ឆ្នាំ១៩៩៧ ដែលហាមប្រាមការដាក់មីនប្រឆាំងមនុស្ស និងគ្រាប់បែកចង្កោម ។ បន្ទាប់ពីបទឈប់បាញ់ កងកម្លាំងថៃ បានបង្ខំអ្នកស្រុកចេញពីផ្ទះរបស់ពួកគេ ហើយបានរាយលួសបន្លា ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់ពួកគេវិញ ។ ទង្វើទាំងនេះ ត្រូវបានកត់ត្រាយ៉ាងច្បាស់ដោយស្ថានទូតសហរដ្ឋអាមេរិក និងអង្គការនានាក្នុងប្រទេសកម្ពុជា ដែលជាកត្តាជំរុញក្នុងការបង្អាក់គំនិតផ្តួចផ្តើមសន្តិភាពរបស់ឯកឧត្ដម» ។

លិខិតរបស់លោក ភូ លីវុឌ្ឍ បានបន្តថា “ឯកឧត្តមប្រធានាធិបតី! ខ្ញុំសូមអំពាវនាវដោយក្តីគោរព ឱ្យឯកឧត្ដម ប្រើប្រាស់អំណាចដែលមាននៅក្នុងអាណត្តិរបស់ឯកឧត្ដម រួមមានមិនចំពោះតែកំណត់ការបង្កើនអត្រាពន្ធ បដិការបច្ចុប្បន្នទ្វេដង ពី១៩% ទៅ ៣៨% ឬខ្ពស់ជាងនេះ តែត្រូវទម្លាក់ចំណាត់ការបេសកកម្មការទូតរបស់ប្រទេសថៃ ការព្យួរ ឬបណ្តេញស្ថានទូតថៃ ចេញពីសហរដ្ឋអាមេរិក និងប្រព័ន្ធអង្គការសហប្រជាជាតិ និងការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសថៃ ដើម្បីធានាបាននូវការអនុលោមតាមកិច្ចព្រមព្រៀងបទឈប់បាញ់ របស់ឯកឧត្ដម និងជាមួយច្បាប់អន្តរជាតិ។ វិធានការទាំងនេះ នឹងបញ្ជាក់ឡើងវិញនូវការដឹកនាំរបស់ឯកឧត្ដម ក្នុងការជំរុញស្ថិរភាពក្នុងតំបន់ និងការពារផលប្រយោជន៍អាមេរិក ។

 ភាពជាអ្នកដឹកនាំរបស់លោកប្រធានាធិបតី ក្នុងការលើកកម្ពស់សន្តិភាព គឺពិតជាមានការកោតសរសើរជាខ្លាំង។ ខ្ញុំទន្ទឹងរង់ចាំឱកាសជួបជាមួយឯកឧត្ដម ម្តងទៀត និងចូលរួមសន្និសីទរង្វាន់ណូបែលសន្តិភាព របស់ឯកឧត្ដម នាពេលខាងមុខនេះ…” ។

 បន្ថែមលើលិខិតគោរពជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូចខាងលើនេះ លោក ភូ លីវុឌ្ឍ បានបញ្ជាក់នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ថា “ពិភពលោក កំពុងមើលការដាក់លួសបន្លារបស់ថៃ ថាជាអ្នកឈ្លានពាន។ ការពិត នៅតែមាន យោធាថៃ កំពុងនៅក្នុងប្រទេសកម្ពុជា ដោយបង្ខំឱ្យប្រជាជនកម្ពុជា ចាកចេញពីផ្ទះរបស់ពួកគេ ដោយបានរាយលួសបន្លា ដើម្បីការពារពួកគេមិនឱ្យត្រឡប់ទៅផ្ទះតែមួយគត់របស់ពួកគេ“ ។

គួរបញ្ជាក់ថា ការដាក់លិខិតរបស់លោក ភូ លីវុឌ្ឍ ទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីស្នើឲ្យលោកអន្តរាគមន៍ក្នុងការជំរុញដល់ភាគីថៃ ដោះលែងទាហានខ្មែរ ទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ នៅពេលនេះ គឺជាលើកទី២ហើយ ដោយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ អតីតបេក្ខភាពឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសថៃ រូបនេះ បានដាក់លិខិតផ្លូវការមួយ ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូ ណាល់ ត្រាំ ក្នុងកម្មវត្ថុ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់លោក ដូណាល់ ត្រាំ ក្នុងការបញ្ជាឲ្យយោធាថៃ ដោះលែងជាបន្ទាន់ និងឥតលក្ខខណ្ឌ នូវទាហានខ្មែរ ចំនួន១៨នាក់ ដែលថៃ បានចាប់ខ្លួនទៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលធរមាន។ នៅក្នុងលិខិតនោះ លោក ភូ លីវុឌ្ឍ បានសរសើរលោកដូណាល់ ត្រាំ ចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្នូរ ចំពោះសន្តិភាពពិភពលោក ហើយថាប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាសមនឹងទទួលបាននូវរង្វាន់ណូបែលសន្តិភាព ។

គួររំលឹកដែរថា ទាហានខ្មែរ សរុប២០នាក់ ត្រូវបានយោធាថៃ ប្រើល្បិចចាប់ខ្លួន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីម៉ោង ១២យប់អធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥។ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ កម្ពុជា បានទទួលទាហានខ្មែរ ចំនួន ២នាក់ ត្រឡប់មកវិញ ប៉ុន្តែពួកគេទាំង២រូប គឺស្ថិតក្នុងស្ថានភាពរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត។

ដោយឡែក គិតមកដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ  គឺមានរយៈ៤៩ថ្ងៃ ដែលវីរកងទ័ពកម្ពុជា ទាំង១៨នាក់នោះ នៅបន្តស្ថិតក្រោមការឃុំខ្លួនរបស់យោធាថៃ។ ការចាប់ខ្លួននេះ ត្រូវបានមន្ត្រីការពារជាតិកម្ពុជា ចាត់ទុកថា ជាការបំពានលើច្បាប់អន្តរជាតិ ដែលមិនអនុញ្ញាតឲ្យភាគីក្នុងជម្លោះណាមួយ ចាប់ខ្លួនភាគីម្ខាងទៀត ក្រោយពីមានបទឈប់បាញ់ នោះឡើយ ៕ កុលបុត្រ

RELATED ARTICLES