ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ហើយបានចុះទៅដល់ជំរំជនភៀសសឹក វត្តពោធិ៍៥០០០ដើម នៅស្រុកគូលែន ខេត្តព្រះវិហារ និងនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីពិនិត្យមើលនិងរាយការណ៍ព័ត៌មានពីស្ថានភាពរស់នៅ និងទុក្ខវេទនារបស់ជនភៀសសឹកខ្មែរ ដោយសារការឈ្លានពានពីសំណាក់កងទ័ពសៀម មកលើបូរណភាពទឹកដីកម្ពុជា នៅតែបន្ត ដែលជាការគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិ មានអាមេរិក បានចុះទៅដល់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជួបជាមួយព្រះសង្ឃ ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយចោរសៀមឈ្លានពាន រាយបន្លាលួសបន្លា ព័ទ្ធយកដីផ្ទះ ស្រែចម្ការរបស់ពួក គាត់ ដើម្បីរាយការណ៍ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើមឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណ:ដែលព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ បានផ្ញើសារបង្ហាញនូវទុក្ខលំបាករបស់ពួកគាត់ ដែលរងគ្រោះដោយការឈ្លានពានពីទាហានថៃ ប្លន់យកដីផ្ទះរបស់ពួកគាត់។ ដូច្នេះពួកគាត់ បានស្នើសុំអន្តរាគមន៍លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យថៃ បញ្ឈប់ការឈ្លានពានទឹកដីកម្ពុជា និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ ឲ្យបានពេញលេញ។

នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខែ្មរ នៅភូមិព្រៃចាន់ ជាច្រើនគ្រួសារ រួមទាំងប្រជាពលរដ្ឋមកភូមិដទៃទៀតផង បានស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមានលោកម៉ៃឃើល អាល់ហ្វារ៉ូ ជាមួយការលើកទង់ជាតិកម្ពុជា ទង់ជាតិសហរដ្ឋអាមេរិក រូបថតលោកប្រធានាធិបតី ដូណាល់ ត្រាំ និងបដាមួយចំនួនទៀត ដើម្បីជាការអរគុណលោកម៉ៃឃើល អាល់ហ្វារ៉ូ ដែលបានមកសួរសុខទុក្ខពួកគាត់ ជាលើកទី២ ហើយលោកម៉ៃឃើល ក៏បានជួបព្រះសង្ឃនៅវត្តព្រៃចាន់ ភូមិព្រៃចាន់ ផងដែរ។ ប្រជាពលរដ្ឋខ្មែររងគ្រោះទាំងនោះ បានស្នើសុំអន្ត រាគមន៍ពីលោកម៉ៃឃើល អាល់ហ្វារ៉ូ ក្នុងការពាំនូវសារទុក្ខលំបាករបស់ពួកគាត់ ដែលរងគ្រោះដោយសារទា nហានថៃ ឈ្លានពាន ប្លន់យកដីផ្ទះរបស់ពួកគាត់ រាយការណ៍ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់ ជាបន្តទៀត ជាពិសេស ពួកគាត់បានស្រែកថា កម្ពុជា ចង់បានសន្តិភាព ចង់បានដីនិងផ្ទះរបស់ពួកគាត់ត្រលប់មកវិញ ។

ជាការឆ្លើយតប ក្រៅពីបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានទទួលយកសំណើនិងក្ដីកង្វល់របស់ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ និងបានស្រែកបន្ទរជាមួយឲ្យពួកគាត់ទាំងអស់គ្នាថាតាម នូវពាក្យមួយចំនួនថា “សន្តិភាព!”, “កម្ពុជា!” និងពាក្យ “ចង់បានសន្តិភាព“ “Cambodia needs peace“ ជាដើម ។

ជាទិដ្ឋភាពរួម អ្នកដែលបានឃើញសកម្មភាពលោកម៉ៃឃើល អាល់ហ្វារ៉ូ ជួបជាមួយពលរដ្ឋខ្មែរ ប្រកបដោយទឹកមុខរួសរាយនោះ បានបង្ហាញសេចក្ដីរំភើបនិងត្រេកអរជាខ្លាំង ដែលមនុស្សជំនិតលោកដូណាល់ ត្រាំ រូបនេះ បានចុះមករាយការណ៍ព័ត៌មានផ្ទាល់ម្ដងទៀត នៅចំណុចដែលទាហានថៃ ឈ្លានពានទឹកដីកម្ពុជា ហើយបានឃើញពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ដែលរងការរំលោភបំពានពីសំណាក់កងកម្លាំងថៃ ហើយក៏មិនភ្លេចអរគុណលោកម៉ៃឃើល អាល់ហ្វារ៉ូ នូវកាយវិការដ៏រស់រវើករបស់លោក ។

អ្នកស្រី ឈឿន ដារ៉ាវី អតីតសកម្មជនសង្គម បានបង្ហោះវីដេអូលោកម៉ៃឃើល អាល់ហ្វារ៉ូ ជួបជាមួយប្រជា ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “សូមអរគុណលោកAlfaro ដែលបានមកសួរសុខទុក្ខពលរដ្ឋ និងព្រះសង្ឃខ្មែរ នៅវត្តព្រៃចាន់ ថ្ងៃនេះ“ ។

គួរបញ្ជាក់ថា ការចុះទៅភូមិព្រៃចាន់ របស់លោកម៉ៃឃើល អាល់ហ្វារ៉ូ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នោះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋនិងព្រះសង្ឃ មកពីតំបន់ជិតឆ្ងាយ បានបន្តចូលពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃ រាយលួសបន្លា ឈ្លានពានទឹកដីកម្ពុជា ស្ថិតនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានប្រជាជនចំនួន ១៩គ្រួសារ ត្រូវយោធាថៃ បង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការរបស់ពួកគាត់ បន្ទាប់ពីកម្លាំងយោធាថៃ បានចូលឈ្លានពានរាយលួសបន្លា រំលោភយកនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ គឺនៅក្រោយ ១ថ្ងៃ នៃការឈ្លានពាន ដេញអ្នកភូមិជោគជ័យ ចេញពីដីផ្ទះពួកគាត់កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។ ការចុះមកមើលពីស្ថានភាពជាក់ស្ដែងនេះ ប្រជាពលរដ្ឋ និងព្រះសង្ឃ ក៏មានការនាំមកនូវអំណោយសប្បុរសធម៌ ជូនដល់កងកម្លាំងជួរមុខ ក៏ដូចជាអាជ្ញាធរ និងប្រជាពលរដ្ឋដែលប្រចាំការការពារដីភូមិនៅតំបន់នេះផងដែរ ។

គួរកត់សម្គាល់បន្ថែមដែរថា ការចុះទៅដល់ភូមិព្រៃចាន់ របស់លោកម៉ៃឃើល អាល់ហ្វារ៉ូ បានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីការបរទេសថ្មី របស់ប្រទេសថៃ លោក ស៊ីហាសាក់ ភូងកេតកូវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ថៃ និងកម្ពុជា គួរតែកាត់បន្ថយវត្តមានយោធានៅតាមតំបន់ព្រំដែនរួមគ្នារបស់ប្រ ទេសទាំងពីរ ហើយវិលមកធ្វើការរួមគ្នា ដើម្បីកាត់បន្ថយភាពតានតឹង។

រដ្ឋមន្ត្រីការបរទេសថៃ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃដំបូងនៃការចូលកាន់តំណែងរបស់លោកថា អាទិភាពចម្បងរបស់លោក គឺការធានាបាននូវសុខសន្តិភាពរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំងពីរ។ លើសពីនេះ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការរក្សាបទឈប់បាញ់រវាងថៃ និងកម្ពុជា នៅពេលបញ្ចប់ជម្លោះដ៏តានតឹងបំផុត ក្នុងរយៈពេល ៥ថ្ងៃ កាលពីខែកក្កដា ផងដែរ ដោយលោកបញ្ជាក់ថា ប្រទេសទាំងពីរ ត្រូវអនុវត្តសកម្មភាពរួមដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្ទនាកាលពីដើមខែនេះ រួមមានការកាត់បន្ថយកម្លាំងយោធា ការបោសសម្អាតគ្រាប់មីន និងការបង្រ្កាបសកម្មភាពខុសច្បាប់ ជាដើម ។

ដោយឡែក នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នោះដែរ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នូវស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ ចូលជាធរមាន ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ លោកម៉ៃឃើល អាល់ហ្វារ៉ូ បានមកដល់់ប្រទេសកម្ពុជា ហើយលោកបានចុះទៅធ្វើការការផ្សាយផ្ទាល់ តាមបណ្តាញសង្គម ទាំងភ្លៀងរលឹម នៅជម្រកបណ្តោះអាសន្នរបស់ពលរដ្ឋកម្ពុជា នាភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកគាត់បានរងគ្រោះ ត្រូវបានទាហានថៃ ឈ្លានពាន រាយលួសបន្លា បណ្តេញពួកគាត់ចេញពីដីផ្ទះរបស់ពួក គាត់ ។ ការផ្សាយផ្ទាល់របស់លោកម៉ៃឃើល នៅពេលនោះ បានទាក់ទាញអ្នកទស្សនា ជាង៩លាននាក់ ក្នុងរយៈពេលតែ ១ម៉ោង ដែលបង្ហាញការពិតឲ្យពិភពលោកបានដឹងនិងឃើញកាន់តែច្បាស់ថា ទាហានថៃ នៅតែបន្តឈ្លានពានកម្ពុជា មិនគោរពបទឈប់បាញ់ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក និងមានការសហការសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន រួមជាមួយតំណាងប្រទេសចិន ផងដែរ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលថៃ បានចាប់ផ្តើមយុទ្ធ នាការប្រឆាំងនឹងលោកម៉ៃឃើល អាល់ហ្វារ៉ូ ដោយសារតែលោកធ្វើឲ្យថៃ អាម៉ាស់មុខពេញពិភពលោក ចំពោះទង្វើរំលោភបំពានច្បាប់អន្តរជាតិ បង្កហេតុ ឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ៕ កុលបុត្រ
