Saturday, September 27, 2025
Homeព័ត៌មានជាតិញឹក ប៊ុនឆៃ បញ្ជាក់ទីតាំងព្រំដែនខ្មែរ-ថៃ បង្គោលឡាក់លេខ៤១-៤៩

ញឹក ប៊ុនឆៃ បញ្ជាក់ទីតាំងព្រំដែនខ្មែរ-ថៃ បង្គោលឡាក់លេខ៤១-៤៩

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃ បច្ចុប្បន្នជាប្រធានគណបក្សខ្មែររួមរួមជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាការំលោភបំពានបូរណភាពទឹកដីកម្ពុជា ដោយយោធាថៃ ដោយលោកបានបញ្ជាក់ថា លោកបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិចម្ការគ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀត។ ជាមួយគ្នានេះ ដើម្បីការពារបូរណភាពទឹកដី និងការ ពារទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា ពីការរំលោភបំពានដោយខុសច្បាប់របស់ទាហានថៃ លោកញឹក ប៊ុនឆៃ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ ទាំងក្នុងប្រទេស និងក្រៅប្រទេស រូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ ដែលរំលោភបំពានលើបូរ ណភាពទឹកដីកម្ពុជា និងអំពាវនាវចំពោះមិត្តភក្តិទាំងឡាយដែលធ្លាប់ចូលរួមតស៊ូជាមួយលោក ក្នុងចលនាសេរីការជាតិ ដែលធ្លាប់បានដឹងឮនិងស្គាល់ច្បាស់ទីតាំងដែលធ្លាប់បានឈរជើងពីអតីតកាលនៅក្នុងតំបន់ទាំងនោះ ចូលរួមសហការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធ បើសិននៅមាន ឬមានរូបថតផ្ទាល់ខ្លួនធ្លាប់បានថតជាប់បង្គោលឡាក់ ដើម្បីរួមចំណែកជាសាក្សីរឹងមាំបន្ថែម។

សេចក្តីថ្លែងការណ៍ របស់នាយឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ អតីតថ្នាក់ដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បណ្តោយព្រំដែនកម្ពុជា-ថៃ ស្តីពីបញ្ហាការំលោភបំពានបូរណភាពទឹកដីកម្ពុជា ដោយយោធាថៃ ចុះថ្ងៃព្រ ហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ខ្ញុំសូមជម្រាបជូនដល់មតិជាតិ អន្តរជាតិ ព្រមទាំងបងប្អូនជនរួមជាតិខ្មែរ នៅក្នុងប្រទេស និងក្រៅប្រទេស ទាំងអស់ មេត្តាជ្រាបថា៖

ខ្ញុំបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិចម្ការគ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀត ដូចខាងក្រោមនេះ ៖

១- ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបាននាំបងប្អូនខ្មែរយើង ដែលរស់នៅក្នុងជំរំជនភៀសខ្លួនខ្មែរថៃសាមាត្រ នៅស្រុកអារញ្ញប្រថេត ចំនួន១២នាក់ មកបោះទីតាំងនៅខាងមុខភូមិណងម៉ាកម៉ុន របស់ថៃ ក្បែរបង្គោលឡាក់លេខ៤៣ បង្កើតមូលដ្ឋានយោធាសេរីការជាតិ ដោយបានអញ្ជើញលោក គង់ ស៊ីលាស់ អតីតនាយទាហានជើងទឹក សម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំង មកដឹកនាំចលនាសេរីការជាតិនេះ។

២- ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ ខ្ញុំនិងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៣០០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិ មួយកន្លែងទៀត ស្ថិតនៅខាងមុខភូមិណងសាមិត របស់ថៃ ស្ថិតនៅខាងលិចប្រាសាទ ស្តុកកក់ ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋាននេះ គេហៅថា ជំរំថ្មី ឬជំរំ ០០៧ ឬជំរំឫទ្ធីសែន។

៣- ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៩ ខ្ញុំនិងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៤៥០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិ មួយកន្លែងទៀត នៅខាងមុខភូមិគោកស៊ូង របស់ថៃ ស្ថិតនៅចន្លោះបង្គោលឡាក់លេខ៤២ និងបង្គោលឡាក់លេខ៤៣ ដែលគេហៅថា ជំរំគោកស្ទឹង។ យោធាថៃ បានបាញ់ផ្លោងកាំភ្លើងធំ ជាច្រើនគ្រាប់ ដាក់មូលដ្ឋានគោកស្ទឹងនេះ ធ្វើឱ្យប្រជាជនដែលមករង់ចាំបើកអង្ករ សម្ភារៈពីអង្គការអន្តរជាតិ (UN) ស្លាប់ប្រមាណ៦០នាក់ និងរងរបួស រាប់រយនាក់។

៤- ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៧៩ ខ្ញុំនិងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន៥០០នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិ មួយកន្លែងទៀត ដែលស្ថិតនៅខាងមុខភូមិណងបាន របស់ថៃ ដោយខ្ញុំបានដាក់ពង្រាយកម្លាំងយោធា តាមបណ្តោយមាត់អូរខាងកើត អូរឫស្សីស្រុកនេះ ហើយនាំលោក គង់ ស៊ីលាស់ បោះទីតាំងនៅទួលព្រៃព្រះភ្លៅ ដែលមានចម្ងាយប្រមាណជាង ២គីឡូម៉ែត្រ ពីអូរឫស្សីស្រុក ជ្រៅទៅក្នុងដីខ្មែរ។

៥- យោធាថៃ បានជីកទំនប់និងប្រឡាយ តាមបណ្តោយព្រំដែនខ្មែរ-ថៃ នេះ ពីបង្គោលឡាក់លេខ៤១ រហូតដល់បង្គោលឡាក់លេខ៤៩។ តាមការសង្កេតរបស់ខ្ញុំផ្ទាល់ ឃើញថា បញ្ហាព្រំដែនខ្មែរ-ថៃ នៅតំបន់ទាំងនេះ មានភាពមិនប្រក្រតីមួយចំនួន ដែលថៃ បំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា បញ្ហានេះ គណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ គ្រប់លំដាប់ថ្នាក់ RBC, GBC,  JBC អាចនឹងដោះស្រាយផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយើង នៅថ្ងៃអនាគត។

៦- ថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៣ ខ្ញុំ ញឹក ប៊ុនឆៃ បាននាំកងទ័ព ចំនួន ៨០០នាក់ ទៅបោះទីតាំងនៅមូលដ្ឋានតាទុំ ក្បែរបង្គោលឡាក់លេខ៧ បង្គោលឡាក់លេខ៨ និងបង្គោលឡាក់លេខ៩ ហើយស្គាល់បង្គោលឡាក់ទាំងនេះ ច្បាស់លាស់ណាស់។ ខ្ញុំ ញឹក ប៊ុនឆៃ ក៏បានស្គាល់បង្គោលឡាក់លេខ១ បង្គោលឡាក់លេខ១៣ និងបង្គោល ឡាក់លេខ១៤ នៅមូលដ្ឋានអូរស្មាច់ច្បាស់លាស់ ហើយនិងបង្គោលឡាក់លេខ២១ ដែលស្ថិតនៅក្បែរប្រា សាទតាក្របី បង្គោលឡាក់លេខ២២ ស្ថិតនៅក្បែរដំណាក់សម្តេចព្រះនរោត្តម សីហនុ ភូមិសន្តិភាព ថ្មដូន ផងដែរ។

សេចក្តីដូចបានរៀបរាប់ពាក់ព័ន្ធនឹងបង្គោលឡាក់ដូចខាងលើនេះ ខ្ញុំ ញឹក ប៊ុនឆៃ អាចជួយផ្តល់យោបល់ជូនគណៈកម្មាធិការព្រំដែនខ្មែរ-ថៃ RBC, GBC, JBC បាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង បានគ្រប់ ពេលវេលាចាំបាច់។

៧- តាមការសង្កេតរបស់ខ្ញុំ តាំងពីដើមមក យោធាថៃ បានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០ ដែលគូសដោយឯកតោភាគី មករំលោភយកទឹកដីកម្ពុជា ជាច្រើនកន្លែង តាមបណ្តោយព្រំដែនខ្មែរ-ថៃ ជាបន្តបន្ទាប់មក រហូតពេលសព្វថ្ងៃនេះ។

ដើម្បីការពារបូរណភាពទឹកដី និងការពារទ្រព្យសម្បត្តិរបស់ប្រជាជនយើង ពីការរំលោភបំពាន ដោយខុសច្បាប់ របស់កងយោធាថៃ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើង ទាំងក្នុងប្រទេស និងក្រៅប្រទេស ដូចត ទៅនេះ ៖

១. រូបរួមសាមគ្គីគ្នាជាធ្លុងមួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ ក្នុងការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាយើង។

២- សូមធ្វើការអំពាវនាវដោយទទួច ចំពោះមិត្តភក្តិទាំងឡាយណាដែលធ្លាប់រួមរស់និងប្រឡូកជាមួយខ្ញុំ ក្នុងចលនាសេរីការជាតិ ទោះបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសក្តី ឬបានទៅតាំងទីលំនៅនៅបរទេសក្ដី ដែលធ្លាប់បានដឹងឮនិងស្គាល់ច្បាស់ទីតាំងដែលធ្លាប់បានឈរជើងពីអតីតកាល នៅក្នុងតំបន់ទាំងនោះ ចូលរួមសហការផ្តល់ព័ត៌មាននិងឯកសារពាក់ព័ន្ធ បើសិននៅមាន ឬមានរូបថតផ្ទាល់ខ្លួន ធ្លាប់បានថតជាប់នឹងបង្គោលឡាក់ ដូចបានរៀបរាប់ខាងលើ ដើម្បីរួមចំណែកជាកសិណសាក្សីរឹងមាំបន្ថែម។

៣- សូមបងប្អូនជនរួមជាតិយើង ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពយើង ដែលឈរជើងនៅតាមមូលដ្ឋាននានា នៅបណ្តោយព្រំដែនខ្មែរ-ថៃ តាមគ្រប់រូបភាពដែលអាចធ្វើបាន ដើម្បីយកជ័យជម្នះលើពួកចោរឈ្លានពានទឹកដីរបស់យើង។

សេចក្តីដូចបានរៀបរាប់ជម្រាបជូនខាងលើនេះ សូមបងប្អូនជនរួមជាតិ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់»៕ ខៀវទុំ

RELATED ARTICLES