Monday, September 29, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ ឆេះលុយ៧០ម៉ឺន មាស៣ជី

ភ្លើងឆេះផ្ទះ ឆេះលុយ៧០ម៉ឺន មាស៣ជី

ខេត្តកំពង់ចាម ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង និងបានឆេះរាលដាលទៅផ្ទះមួយទៀត តែសំណាងល្អ បានរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ ២៤ម៉ោង ចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងស័ង្កសី រនាបឈើ ជាកម្មសិទ្ធិរបស់ឈ្មោះ យុង សាឃឿន ភេទស្រី អាយុ៥២ឆ្នាំ មានលំនៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីអគ្គិភ័យខាងលើ លោកនាយប៉ុស្តិ៍ បានរាយការណ៍មកលោកអធិការនគរបាលស្រុក ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជាបន្ទាន់ ហើយភ្លាមនោះ លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចេញ អន្តរាគមន៍ភ្លាមៗ តែដោយសារផ្លូវឆ្ងាយ ហើយផ្ទះឈើ ឆេះលឿនទៀតផងនោះ ទើបទម្រាំទៅដល់ ភ្លើងឆេះផ្ទះស្ទើរតែអស់ទៅហើយ។

ប្រភពដដែល បន្តថា អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ម៉ោង ១១និង៣០យប់ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន២គ្រឿង និងប្រើប្រាស់ទឹកចំនួន០២ស៊ឺទែន។

ចំពោះមូលហេតុ ត្រូវបានស្ត្រីជាម្ចាស់ផ្ទះឈ្មោះ យុង សាឃឿន បញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កឱ្យមានការឆាបឆេះ។

នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាតផ្ទះ ១ខ្នង ទាំងស្រុង និងនេះខូចខាតម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង លុយ ៧០ម៉ឺនរៀល មាស ៣ជី និងសម្ភារៈប្រើប្រាស់មួយចំនួន។ ចំពោះករណីនេះ បានឆេះរាលដាលឆេះផ្ទះឈ្មោះស៊ីម សាត ភេទស្រី អាយុ៤៥ឆ្នាំ បណ្តាលខូចខាតជញ្ជាំងឈើមួយជ្រុងផ្នែកខាង ក្រោយ និងឆេះរោលពិតានមួយជ្រុងផងដែរ តែយ៉ាងណា មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ៕

RELATED ARTICLES