Tuesday, September 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកហូរប៉ើងរោងចាំចម្ការ បាត់ខ្លួន៤ រកឃើញ១

ទឹកហូរប៉ើងរោងចាំចម្ការ បាត់ខ្លួន៤ រកឃើញ១

ខេត្តរតនគិរី ៖ មនុស្ស ២គ្រួសារ គ្នា៥នាក់ ខណៈកំពុងដេកលង់លក់នៅក្នុងរោងចាំចម្ការ ក្បែរមាត់អូរ ស្រាប់តែទឹកអូរហក់ឡើងខ្លាំង ធ្វើឱ្យហូរប៉ើងទាំងរោង និងមនុស្ស ទៅបាត់ លុះព្រឹកស្អែកឡើង ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចរកឃើញសាកសពបុរសជាប្តីម្នាក់ ចំណែក សមាជិកគ្រួសារ ៤នាក់ទៀត នៅបាត់ខ្លួននៅឡើយ។ហេតុការណ៍នេះ បានកើតឡើង កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចរោងចាំចម្ការ ១កន្លែង ស្ថិតក្នុងភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។

យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញតែសពម្នាក់ ចំណែកសព ៤នាក់ទៀត មកដល់ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ពលរដ្ឋ ស្វែងរកមិនទាន់ឃើញទេ ។

តាមប្រភពអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ មានប្តីប្រពន្ធ កូននិងចៅ ស្នាក់នៅរោងចាំចម្ការ ២ជាប់គ្នា នៅចំណុចមាត់អូរខាងលើ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈកំពុងដេកលង់លក់ក្នុងរោង ស្រាប់តែទឹកហក់ឡើង ហូរប៉ើងទាំងរោង និងជនរងគ្រោះ ៥នាក់ ទៅបាត់។ រហូតមកដល់ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ច បាននាំគ្នាជួយួរកឃើញសពបុរសជាប្តី ឈ្មោះ ជុំ វ៉ាត់ អាយុ៥៨ឆ្នាំ កប់ក្នុងរោង ចំណែកសមាជិកគ្រួសារ ៤នាក់ទៀត ប៉ើងហូរតាមទឹកទៅបាត់។

ករណីនេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ដឹកនាំដោយលោកអភិបាលស្រុក កំពុងបន្តស្វែងរកជនរងគ្រោះដែលបាត់ខ្លួន បន្តទៀត៕

RELATED ARTICLES