ភ្នំពេញ ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្ដេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្ដេច និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបន្តឧបត្ថម្ភថវិកាសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស ចំនួន ១០០ខ្នង ក្នុងមួយឆ្នាំ ដែលមានរយ:ពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា “ក្នុងនាមខ្ញុំជាមួយនិងភរិយា ខ្ញុំសូមប្រកាសនៅថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះ សម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ។ បានសេចក្ដីថា ចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០៣០ ព្រោះអាណត្តិរបស់ខ្ញុំ នឹងអស់នៅក្នុងឆ្នាំ២០២៣០ ។ ដូច្នេះខ្ញុំប្រើពេលវេលា ៥ឆ្នាំ ដែលស្មើនឹង ៥០០ខ្នង ហើយឆ្នាំនេះ គឺនៅក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ខ្ញុំនឹងបើកផ្ដល់សម្រាប់ ១០០ខ្នង ហើយឆ្នាំក្រោយ បើក១០០ខ្នង តៗ គ្រប់ ៥ឆ្នាំ ដល់ឆ្នាំ២០៣០ ចាំខ្ញុំពិនិត្យមើលតទៅទៀត តើខ្ញុំរស់បានដល់ឆ្នាំ២០៣០ ឬអត់? វាស្ថិតនៅលើកន្លែងហ្នឹង“ ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចអតីតនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវតែបន្តវាយតម្លៃលើលទ្ធភាពក្នុងការផ្ដល់ដីសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តជន ដែលក្រីក្រពិតប្រាកដ ដោយសម្ដេច បានរំលឹកពីការសម្រេចចិត្តក្នុងអាណត្តិរដ្ឋាភិបាលរបស់សម្ដេច ដែលបានបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ទៅឱ្យក្រុមហ៊ុនឯកជន ចាប់តាំងពីឆ្នាំ២០១២ មក ហើយដីដែលបានដកហូតពីក្រុមហ៊ុនឯកជន គឺត្រូវបានរដ្ឋរក្សាទុកសម្រាប់ផ្ដល់ជាដីសម្បទានសង្គមកិច្ច ក្នុងនោះមួយភាគ ត្រូវបានផ្ដល់សម្រាប់អតីតយុទ្ធជន។ បន្ថែមពីការផ្ដល់ដី សម្ដេច ក៏បានចង្អុលបង្ហាញដល់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តគម្រោងសាងសង់ផ្ទះដល់អតីតយុទ្ធជន និងនិវត្តជន ផងដែរ ។

សម្តេចហ៊ុន សែន បានបញ្ជាក់ថា សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបន្តគម្រោងសាងសង់ផ្ទះ ជូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍ ដោយសម្តេច មើលឃើញថា គម្រោងនេះមានប្រសិទ្ធភាពណាស់ ដោយសារអតីតយុទ្ធជន និងនិវត្តន៍ជនមានដីជាកម្មសិទ្ធិដែលជាបដិភាគ ហើយសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា អាជ្ញាធរដែនដី សប្បុរសជននានាបានចូលរួមចំណែកជួយឧបត្ថម្ភជាថវិកា និងសម្ភារៈ ជូនដល់អតីតយុទ្ធជន និងនិវត្តន៍ជន ដែលបានធ្វើឱ្យជីវភាពរបស់អតីតយុទ្ធជន និងនិវត្តន៍ បានល្អប្រសើរឡើងជាបន្តបន្ទាប់ផងដែរ ។
គួរកត់សម្គាល់ដែរថា នៅក្នុងមហាសន្និបាតនោះ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងសុខដុមរមនាក្នុងសង្គម របស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ សម្តេចហ៊ុន សែន បានផ្តល់អនុសាសន៍ ១៥ចំណុច ដូចខាងក្រោម ៖
១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ឱ្យបានទាន់ពេលវេលា និងទៀងទាត់ តាមការកំណត់របស់រាជរដ្ឋា ភិបាល ។
២. ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ត្រូវសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអតីតយុទ្ធជន និងគ្រួសារជនពលីមរណៈ របស់ក្រសួងនីមួយៗ ឱ្យបានពិតប្រាកដ មុននឹងផ្ទេរមកក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា គ្រប់គ្រងបន្ត។
៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញា ធរដែនដី បន្តជំរុញការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍ជូនអតីតយុទ្ធជន និងគ្រួសារ ព្រមទាំងបន្តប្រមូលនិងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្តែង របស់អតីតយុទ្ធជន និងគ្រួសារដែលក្រីក្រលំបាក ដើម្បីបង្កលក្ខណៈឱ្យគ្រួសារទាំងនោះ ទទួលបាននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេលខ្លី មធ្យមនិងវែង ការផ្តល់អាហារូបករណ៍ដល់កូនរបស់អតីតយុទ្ធជន ការផ្តល់ឥណទានខ្នាតតូច ការផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់ជួយសម្រួល និងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ។
៤. ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ត្រូវបន្តពិនិត្យវាយតម្លៃលើលទ្ធភាព ក្នុងការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន និងនិវត្តន៍ជន ដែលក្រីក្រពិតប្រាកដ ។
៥. សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបន្តគម្រោងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តន៍ជន ដែលមានស្នាដៃ និងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួនរួចហើយ នៅតាមសហគមន៍ ។
៦. ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍអតីតយុទ្ធជន និងនិវត្តន៍ជន នៅតាមថ្នាក់នីមួយៗ ។ អាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ពិនិត្យនិងជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗ ដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្សសត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជាក់ស្តែង ។

៧. ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គមេបញ្ជាការ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ និងអង្គភាពនគរបាលជាតិគ្រប់លំដាប់ថ្នាក់ និងបណ្តាអង្គភាពឈរជើងនៅគ្រប់តំបន់ ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្បែរតំបន់ឈរជើងរបស់ខ្លួនឱ្យបានជិតស្និទ្ធបំផុត និងចុះជាប់រួមសុខរួមទុក្ខជាមួយអតីតយុទ្ធជន ដោយមិនគិតពីអតីតភាព ។
៨. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងអង្គការចាត់តាំងគ្រប់ថ្នាក់ឱ្យបានរឹងមាំ និងស្ថិតស្ថេរគង់វង្ស ។ ភាពរឹងមាំរបស់សមាគម គឺអាស្រ័យលើកត្តា ៣យ៉ាង គឺ ៖ ទី១. មានគោលការណ៍និងមាគ៌ាសកម្មភាពត្រឹមត្រូវ ទី២. មានរចនាសម្ព័ន្ធខ្សែរយៈចាត់តាំងរឹងមាំ មានសមាជិក សមាជិកា មហាជន ប្រជាជនគាំទ្រ និងទី៣. មានហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់សម្មភាពចាំបាច់របស់ខ្លួន ។
៩. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់ ត្រូវគោរពនិងអនុវត្តតាមលក្ខន្តិកៈ សេចក្តីសម្រេចចិត្តមហាសន្និបាតសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អនុវត្តរបបធ្វើការតាមគោល ការណ៍ប្រជាធិបតេយ្យប្រមូលផ្តុំ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ។ ក្នុងន័យនេះ គណៈកម្មាធិការគ្រប់ថ្នាក់ ត្រូវអនុវត្តរបបសន្និបាត និងរបបប្រជុំ ឱ្យបានទៀងទាត់តាមការកំណត់ ហើយថ្នាក់ដឹកនាំគណៈ កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់ ត្រូវទទួលខុសត្រូវអនុវត្តនូវភារកិច្ចដែលបានប្រគល់ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ ។
១០. គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់ ត្រូវពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈកម្មាធិការ ចាប់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម ជាមួយសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទាំងអស់ ដើម្បីជាឧត្តមប្រយោជន៍ដល់អតីតយុទ្ធជន និងនិវត្តជន ។
១១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជួយគាំទ្រ និងសហការល្អជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់ ដោយជួយសម្រួលនិរន្តរភាពសម្រាប់ កិច្ចដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។

១២. នៅតាមក្រសួងស្ថាប័ន ត្រូវរៀបចំបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានឆាប់រហ័ស ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។
១៣. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា គ្រប់ថ្នាក់ ត្រូវបន្តជំរុញវប្បធម៌ក្នុងចលនាប្រឡងប្រណាំងក្នុងជួរអតីតយុទ្ធជន និងនិវត្តជន គឺ ៖ ទី១. ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ទី២. ការជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ និងទី៣. ការអភិវឌ្ឍសមាគម និងសង្គមជាតិពូកែ ។
១៤. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការប្រើប្រាស់ប្រាក់ភាគទាន ប្រាក់វិភាគទាន និងអំណោយរបស់សប្បុរសជននានា ដោយអនុវត្តឱ្យបានល្អ ឱ្យមានតម្លាភាព និងគណនេយ្យភាពខ្ពស់ ។
១៥. សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាគមអតីតយុទ្ធជន និងចលនាអតីតយុទ្ធជននៃប្រទេសជាមិត្តក្នុងតំបន់ និងសកលលោក ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ សមាគមអតីតយុទ្ធជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងបានចេញសេចក្តីសម្រេច លេខ ៣០៥ ស.អ.ក ស្តីពីការទទួលស្គាល់បន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន អគ្គលេខាធិការរង និងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដូចខាងក្រោម ៖

ប្រការ ១. ត្រូវបានទទួលស្គាល់បន្ថែមសមាសភាពសមាជិកគណៈកម្មាធិការកណ្តាល អនុប្រធាន អគ្គលេខាធិការរង និងសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដូចខាងក្រោម ៖
ក. សមាជិក គណៈកម្មាធិការកណ្តាល ស.អ.ក.
១. សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកា
២. ឯកឧត្តម ហ៊ី សោភា សមាជិក
៣. ឯកឧត្តម ជីវ កេង សមាជិក
៤. លោកជំទាវ ជា សិរី សមាជិកា
៥. ឯកឧត្តម គឹម សន្តិភាព សមាជិក
៦. ឯកឧត្តម ប៉ាន់ខែម ប៊ុនថន សមាជិក
៧. ឯកឧត្តម សំ រិទ្ធី សមាជិក
៨. ឯកឧត្តម ទៀ សុខា សមាជិក
៩. ឯកឧត្តម គង់ កន្ថារតន៍ សមាជិក
ខ. អនុប្រធាន ស.ម.ក
១. ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធាន
២. ឯកឧត្តម ហង់ជួន ណារ៉ុន អនុប្រធាន
៣. ឯកឧត្តម ជា សុមេធី អនុប្រធាន
៤. ឯកឧត្តម អ៊ិត សំហេង អនុប្រធាន
គ. អគ្គលេខាធិការរង ស.អ.ក
១. ឯកឧត្តម ណឹម សុវត្ថិ អគ្គលេខាធិការរង
២. ឯកឧត្តម គឹម សន្តិភាព អគ្គលេខាធិការរង
៣. ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ អគ្គលេខាធិការរង
៤. ឯកឧត្តម ប៉ាន់ខែម ប៊ុនថន អគ្គលេខាធិការរង
៥. ឯកឧត្តម សំ រិទ្ធី អគ្គលេខាធិការរង
៦. ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង
៧. ឯកឧត្តម នៃ គន្ធ អគ្គលេខាធិការរង
ឃ. សមាជិកគណៈអចិន្ត្រៃយ៍ ស.អ.ក.
១. ឯកឧត្តម គង់ កន្ថារតន៍ សមាជិកគណៈអចិន្ត្រៃយ៍

ប្រការ ២. បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។
ប្រការ ៣. គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច ឯកឧត្តម និងលោកជំទាវ ដែលមានឈ្មោះ ដូចក្នុងប្រការ១ ត្រូវអនុវត្តន៍សេចក្តីសម្រេចនេះ។
ប្រការ ៤. សេចក្តីសម្រេចនេះមានប្រសិទ្ធភាពអនុវត្តន៍ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕ កុលបុត្រ