Tuesday, September 30, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌ រៀបចំពិព័រណ៍ “ស្នាដៃមរតកមនុស្សរស់”

ក្រសួងវប្បធម៌ រៀបចំពិព័រណ៍ “ស្នាដៃមរតកមនុស្សរស់”

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៍ “ស្នាដៃមរតកមនុស្សរស់” ដែលនឹងបើកជូនទស្សនា ស្វែងយល់ដោយសេរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅសារមន្ទីរខ្លែងខ្មែរ ទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

លោករឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា ពិព័រណ៍ “ស្នាដៃមរតកមនុស្សរស់” រៀបចំដោយ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នាយកដ្ឋានអភិវឌ្ឍវប្បធម៌ សហការឧបត្ថម្ភដោយ មីជាតិ និងវីតាល់ មានគោលបំណងលើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ និងទេពកោសល្យជំនាញសិល្បៈវប្បធម៌ របស់ព្រឹទ្ធាចារ្យមរតកមនុស្សរស់។ មរតកមនុស្សរស់ សំដៅដល់បុគ្គល ឬក្រុមមនុស្សមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសកម្រិតខ្ពស់បំផុត ដែលចាំបាច់ដល់ការបង្កើតភាពសម្រិត សម្រាំង នៃទិដ្ឋភាពជីវិតវប្បធម៌របស់ប្រជាជន និងអត្ថិភាពបន្តនូវបេតិកភណ្ឌ វប្បធម៌អរូបី របស់ជាតិ។

សូមរំលឹកថា លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្នើដល់មន្ត្រីរាជធានី-ខេត្ត ចូលរួមថែរក្សានូវអ្វីដែលជាមរតកជាតិ និងស្នើដល់យុវជន យុវនារីទាំងអស់ ចូលរួមផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម ដោយគាំទ្រនូវអ្វីដែលជាវប្បធម៌របស់ខ្មែរ។ បើយើងក្រឡេកមើលប្រទេសជិតខាង និងនៅលើឆាកអន្តរជាតិ ចំណេះដឹងរបស់ដូនតា ដែលបានច្នៃទៅតាមបច្ចេកវិទ្យាថ្មីៗ គឺទទួលនូវការចាប់អា រម្មណ៍ខ្លាំងណាស់ ពិព្រោះចំណេះដឹងកាន់តែតិចទៅៗ ទៅតាមការវិវត្ត ប្រសិនបើយើងទាំងអស់គ្នាចេះទាញ យកនូវឱកាសនេះ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ គឺជាឱកាសមួយ ដើម្បីបើកទូលាយខ្លួនឯងផង ទៅកាន់ទីផ្សារផង បង្កើនចំនេះដឹងផង ហើយថែរក្សានូវអ្វីដែលជាមរតកដូនតាផង។ ដូច្នេះប្រធានមន្ទីរវប្បធម៌ និងអង្គ ភាពវប្បធម៌ ត្រូវមានភារកិច្ចថែរក្សានូវអ្វីដែលជាទំនៀម ទម្លាប់ វប្បធម៌ខ្មែរ។

លោកស្រីបណ្ឌិត ភឿង សកុណា ក៏បានក្រើនរំលឹកឡើងវិញថា មុននឹងស្គាល់វប្បធម៌បរទេស ត្រូវស្គាល់វប្ប ធម៌ខ្មែរយើងសិន មុននឹងស្រលាញ់បរទេស ត្រូវស្រលាញ់អីដែលជារបស់ជាតិជាមុនសិន ហើយបើយើងជាខ្មែរ មិនចូលរួម របស់ទាំងនោះនឹងបាត់បង់។ ដូច្នេះយើងត្រូវចូលរួមថែរក្សានូវអ្វីដែលជាមរតករបស់ជាតិ៕

RELATED ARTICLES