ភ្នំពេញ ៖ បុរសម្នាក់ បានឈប់រថយន្តដេកនៅតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មកឈប់ក្បែរ រួចធ្វើសកម្មភាពលួចទូរស័ព្ទ ១គ្រឿង របស់ជនរងគ្រោះ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចជំនាញប្រដេញតាមចាប់ក្របួច ជាប់ទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខវិមានរដ្ឋសភា តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យនិងជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថាទូរស័ព្ទដែលជន សង្ស័យលួចយកទៅ ម៉ាក Oppo ប៉ុន្តែពេលដែលសមត្ថកិច្ចដេញតាមចាប់ជនសង្ស័យ មិនដឹងថាទូរស័ព្ទនោះ ត្រូវបានជនង្ស័យបោះចោលនៅទីណានោះទេ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៃអធិការខណ្ឌដូនពេញ បានចេញ ល្បាត ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបងប្អូនប្រជាពលរដ្ឋនិងជនរងគ្រោះបានដេញតាមជនសង្ស័យ ២នាក់ ជិះម៉ូតូ ម៉ាកឆាលី ១គ្រឿង ដោយស្រែកថា «ចោរលួចទូរស័ព្ទ!ៗ» ឮដូចនេះ កម្លាំងសមត្ថកិច្ចបានដេញតាមចាប់ជនសង្ស័យទាំង២នាក់ បាននៅចំណុចផ្លូវ៦៣ កែងផ្លូវព្រះសីហនុ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយសាកសួរ តែជនសង្ស័យបានប្រកែកថា មិនបានលួចទេ។ យ៉ាងណា ដោយមានជនរងគ្រោះបានដេញតាមមកជាមួយដែរនោះ ទើបសមត្ថកិច្ចខណ្ឌដូនពេញ បានសហ ការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌចម្ការមន ដែលជាម្ចាស់ករណី ឱ្យមកទទួលយកជនសង្ស័យ និងនាំទាំងជន រងគ្រោះ ទៅសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីចាត់ការបន្តតាមនីតិវិធី៕