ខេត្តកោះកុង ៖ មន្ត្រីការិយាល័យគយនិងរដ្ឋាករប៉ាកខ្លង បានរកឃើញកញ្ឆាក្រៀម ចំនួន១២០កញ្ចប់ធំ ក្រោយបង្ក្រាបទូកដឹកទំនិញលួចលាក់មកពីប្រទេសថៃ តាមផ្ទៃសមុទ្រ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ រីឯម្សៅពណ៌ស និងពណ៌លឿង មួយចំនួនធំទៀត កំពុងយកទៅធ្វើតេស្តពិសោធន៍ នៅក្រសួងមហាផ្ទៃ។

កញ្ឆាក្រៀម ប្រមាណ១២០កញ្ចប់ធំ និងសារធាតុផ្សេងៗទៀត ត្រូវបានរកឃើញក្នុងចំណោមទំនិញចម្រុះគេចពន្ធដែលដឹកតាមទូក លួចលាក់មកពីប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា ខេត្តកោះកុង តាមរយៈសកម្មភាពបង្ក្រាបរបស់មន្ត្រីគយ។

តាមប្រភពមន្ត្រីបម្រើការងារនៅនាយកដ្ឋានស្រាវជ្រាវនិងបង្ការទប់ស្កាត់បទល្មើសគយ បានថ្លែងប្រាប់ដោយសុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ថា ក្រៅពីការរកឃើញកញ្ឆាក្រៀម ក៏មានការពិនិត្យតេស្ត បឋមទៅលើម្សៅពណ៌សនិងម្សៅលឿងផ្សេងទៀតចំនួន២៤កេស ដែលសង្ស័យជាសារធាតុញៀន ដោយបញ្ជូនទៅមន្ទីរពិសោធន៍នៅក្រសួងមហាផ្ទៃ ដើម្បីដឹងថា ជាសារធាតុញៀន ពិតប្រាកដឬយ៉ាងណា? តែមកទល់ម៉ោងនេះ មិនទាន់ដឹងលទ្ធផលនៅឡើយ។ ដោយឡែកទំនិញច្រមុះប្រមាណជាង ១០តោនផ្សេងទៀត នឹងអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា ១ថ្ងៃពេញ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ មានតំណាងព្រះរាជអាជ្ញា កម្លាំងចម្រុះ និងអាជ្ញាធរខេត្តស្រុក ឃុំ បានចុះពិនិត្យទៅកាន់ការិយាល័យគយនិងរដ្ឋាករ ប៉ាកខ្លង ដើម្បីពិនិត្យស្រាវជ្រាវអំពីបទល្មើសគយ និងបទល្មើសព្រហ្មទណ្ឌ៕
