ខេត្តកោះកុង ៖ បុរសម្នាក់ បានប្រឹងជួយកូនស្រីរបស់ខ្លួន ឆ្លងទឹកប្រឡាយស្ទឹងពង្រូល ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង លុះបន្ទាប់ពីជួយកូនស្រីឆ្លងទឹកបានហើយ ស្រាប់តែបុរសជាឪពុក អស់ខ្យល់ ត្រូវទឹកហូរកួចលិចបាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចទឹកប្រឡាយស្ទឹងពង្រូល ស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល។

បុរសរងគ្រោះដែលបាត់ខ្លួន មានឈ្មោះគាម ដោះ អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា បុរសរងគ្រោះឈ្មោះគាម ដោះ បានបាត់ខ្លួនកាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ហើយជនរងគ្រោះបានប្រឹងជួយចម្លងកូនស្រី អាយុ១៣ឆ្នាំ ដែលទៅឃ្វាលក្របី នៅឯត្រើយម្ខាងនៃទឹកប្រឡាយស្ទឹងពង្រូល។ ពេលជួយសង្គ្រោះកូនបានហើយ បែរជាជនរងគ្រោះជាឪពុក បាត់បង់ស្មារតី និងត្រូវទឹកហូរកួចទៅ លិចបាត់ខ្លួនតែម្តង។

ប្រភពដដែល បានបន្តថា គិតមកត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅមិនទាន់រកឃើញជនរងគ្រោះនៅឡើយ ខណៈអាជ្ញាធរ សមត្ថកិច្ច និងពលរដ្ឋក្នុងមូលដ្ឋាន កំពុងជួយស្វែងរកជនរងគ្រោះយ៉ាងសស្រាក់សស្រាំ៕

