ភ្នំពេញ ៖ បុរសម្នាក់ ជាអ្នករត់ម៉ូតូកង់បី បានបែកគំនិតធ្វើសកម្មភាពបន្លំ QR Code គណនីធនាគារ ជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេស ចំនួន ៧ ២០០រៀល ទៅជា ៧ ២០០ដុល្លារ លុះជនរងគ្រោះដាក់ពាក្យបណ្តឹង ត្រូវសមត្ថកិច្ចជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង នគរបាលជាតិ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយកដ្ឋានប្រ ឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយតំណាងរបស់ធនាគារ បង្ក្រាបករណីបន្លំលួចប្រាក់ តាមរយៈគណនីធនាគារ ដោយធ្វើការបន្លំ QR Code ប្រាក់រៀលជាដុល្លារ។
ក្នុងប្រតិបត្តិការខាងលើនេះ ក្រោមមានការសម្របសម្រួលពី ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ នា យកដ្ឋាន បានចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវសម ត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ ជាអ្នករត់កង់បី និងបានធ្វើសកម្មភាព បន្លំ QR Code គណនីធនាគារ ជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេស ចំនួន ៧២០០រៀល ទៅជា ៧២០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់ តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លារ របស់គណនីធនាគារផ្សេងៗ ចៀសវាងការច្រឡំ ដែលបណ្តាលឱ្យមានការខាតបង់នូវផលប្រយោជន៍នានា៕