ខេត្តបន្ទាយមានជ័យ ៖ ក្មេងទំនើង ១០នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ បញ្ជូនទៅតុលាការ ក្រោយពីធ្វើសកម្មភាពលួចនិងកាប់អ្នកស្រុក ប្លន់ម៉ូតូ ពេលរាត្រី នៅក្រុងប៉ោយប៉ែត។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវនិងឈានដល់ការបង្ក្រាបជនសង្ស័យ សរុបចំនួន១០នាក់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូពីប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត កន្លងមក។
ជនសង្ស័យ ចំនួន១០នាក់ នេះ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ និងចែកចេញជា ៣ក្រុម បានប្រព្រឹត្តល្មើស ចំនួន៣ករណី ដោយករណីទី១- បានកើតឡើងកាលពីវេលាម៉ោង ២ និង២៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចការ៉ាសសាំង តេលា របស់ឈ្មោះឡាយ ឆៃលី ជិតសាលាសង្កាត់អូរជ្រៅ ស្ថិតនៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យ ជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត កាប់ប្លន់ម៉ូតូជនរងគ្រោះ បានចំនួន ១គ្រឿង ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានលេខតួ និងលេខម៉ាស៊ីន 6199104 ពាក់ស្លាកលេខ កំពង់ធំ 1R-8993។
ករណីទី២-បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល ១៥០ម៉ែត្រ បង្កឡើងដោយជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត កាប់ប្លន់ម៉ូតូជនរងគ្រោះ បានចំនួន២គ្រឿង ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៩ លេខតួ និងលេខម៉ាស៊ីន 5516627 ពាក់ស្លាកលេខ បាត់ដំបង 1AG-7471 និង២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២០ លេខតួ និងលេខម៉ាស៊ីន 5824262 ពាក់ស្លាកលេខបន្ទាយមានជ័យ 1V-0945។
ករណីទី៣-បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមណ្ឌល៨ ស្ថិតក្នុង ភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យ ចំនួន៤នាក់ ជាក្មេងទំនើង ជិះម៉ូតូ ២គ្រឿង ដាវ ១ដើម កាប់លើជនរងគ្រោះ ហើយជនរងគ្រោះបានរត់ចោលម៉ូតូ។ ម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ លេខតួ និងលេខ ម៉ាស៊ីន ND125N0260939 ពាក់ស្លាកលេខ បន្ទាយមានជ័យ 1AD-9744។

ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕