Friday, October 10, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងតាក់ស៊ី ជូនមិនដល់ផ្ទះ ចាក់៣កាំបិត

ខឹងតាក់ស៊ី ជូនមិនដល់ផ្ទះ ចាក់៣កាំបិត

ខេត្តកំពង់ចាម ៖ បុរសម្នាក់ ជាអ្នករត់តាក់ស៊ី បានដឹកជនសង្ស័យម្នាក់ ចេញពីភ្នំពេញ គោលដៅត្រឹមខេត្តកំពង់ចាម ក្នុងតម្លៃ ១០ដុល្លារ លុះទៅជិតដល់គោលដៅទៅហើយ ស្រាប់តែជនសង្ស័យ ជាភ្ញៀវ បានទាមទារឱ្យអ្នកបើកតាក់ស៊ី ជួយជូនខ្លួនដល់ត្បូងឃ្មុំ តែតៃកុងតាក់ស៊ីមិនព្រម ក៏ខឹងសម្បា ដកកាំបិតចាក់អ្នករត់តាក់ស៊ី ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់។

ករណីភ្ញៀវជិះតាក់ស៊ី ចាក់អ្នករត់តាក់ស៊ី ៣កាំបិតនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ៈ១៨នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅចំណុចខាងលិចស្ពានស្ទឹងប្រយោល ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ មានបុរសជាអ្នករត់តាក់ស៊ីម្នាក់ បានថតវីដេអូ ផ្ញើចូលគ្រុបតេឡេក្រាមក្រុមអ្នករត់តាក់ស៊ី បង្ហាញពីស្ថានភាពរបួសរបស់ខ្លួន ដែលរងការចាក់ ចំនួន៣កាំបិត ដោយក្នុងនោះ បុរសរងគ្រោះ បានរៀបរាប់ថា ខ្លួនត្រូវគេចាក់ ចំនួន៣កាំបិត ត្រូវខ្នង ១កាំបិត ស្មា ១កាំបិត និងត្រចៀក ១កាំបិត។ បន្ទាប់ពីកើតមានករណីខាងលើនេះ ក៏មានការបង្ហោះចែករំលែកនូវវីដេអូឃ្លីបរបស់ជនរងគ្រោះខាង លើ ពេញបណ្តាញសង្គម ថាជាករណីចាក់ប្លន់ និងស្នើសុំសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ជុំវិញករណីខាងលើនេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា «មានករណីបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបុរសម្នាក់ ដើម្បីស្វែងរកជំនួយពីសមត្ថកិច្ច។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា នៅវេលាម៉ោង ១០ៈ១៨នាទីយប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចយើងខ្ញុំ ទទួលបានព័ត៌មានស្វែងរកជំនួយពីបុរសម្នាក់ ជាអ្នករត់តាក់ស៊ី ថាជនសង្ស័យបានធ្វើអំពើហិង្សា មកលើខ្លួន ដោយប្រើប្រាស់កាំបិតចុងស្រួចចាក់ឱ្យរងរបួស ។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានធ្វើការស្វែងរក នឹងប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ម៉ាកព្រូស នៅចំណុចភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ តាមការសាកសួរព្រូឡាន ដែលធ្វើ ដំណើរជាមួយគ្នាបានឱ្យដឹងថា មូលហេតុឈានដល់ប្រព្រឹត្តអំពើហិង្សា គឺបណ្តាលមកពីការប៉ះទង្គិចពាក្យសម្តី ក្នុងការតថ្លៃតម្លៃមិនត្រូវគ្នា ដោយសារដំបូង ជនសង្ស័យបាននិយាយឱ្យជនរងគ្រោះជូនដល់ខេត្តកំពង់ចាម ក្នុងតម្លៃ ១០ដុល្លារ លុះធ្វើដំណើរដល់ចំណុចស្ពានស្ទឹងប្រយោល ក្នុងស្រុកព្រៃឈរ ជនសង្ស័យបានឱ្យជនរងគ្រោះជូនទៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំវិញ ក៏កើតការប៉ះសម្តីគ្នា ហើយជនសង្ស័យ ក៏ធ្វើសកម្មភាពដកកូនកាំបិតចាក់តែម្តង។ តាមការពិនិត្យនៅលើរថយន្ត ឃើញថា ពុំមានបាត់បង់អ្វីនុះឡើយ ដូចនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីហិង្សា ពុំមែនជាករណីប្លន់នោះទេ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចយើងខ្ញុំ បើកកិច្ចប្រតិបត្តិការស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ហើយបាននាំខ្លួនមកសាកសួរបំភ្លឺនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពដូចខាងលើ ប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននិងកំពុងចងក្រងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត»៕

RELATED ARTICLES