Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់ហាងទូរស័ព្ទ រត់ចោលម៉ូតូ

ចោរប្លន់ហាងទូរស័ព្ទ រត់ចោលម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានលាក់កាំបិត ១ដើម ចូលប្លន់ម្ចាស់ហាងលក់ទូរស័ព្ទដៃ ១កន្លែង តែត្រូវម្ចាស់ហាងស្រែកឆោឡោថា “ចោរ!ៗ” ធ្វើឱ្យជនសង្ស័យភ័យ ក៏ស្ទុះរត់គេចខ្លួន ជ្រុះកាំបិត ១ដើម និងបន្សល់ទុកម៉ូតូ ១គ្រឿង នៅមុខហាង ត្រូវបានសមត្ថកិច្ចដកហូតយកទៅរក្សាទុក។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងលក់ទូរស័ព្ទដៃ យីហោ គឹម ហៀក៣ ស្ថិតនៅលើផ្លូវបេតុង កែងផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីបុរសរងគ្រោះជាម្ចាស់ហាងលក់ទូរស័ព្ទខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KV-0371 ចូលមកហាងលក់ទូរស័ព្ទដៃ របស់ខ្លួន និងបានរកទិញទូរស័ព្ទ ១គ្រឿង តម្លៃ១៥ ដុល្លារ តែក្រោយមក គាត់បានលក់ឱ្យត្រឹមតែតម្លៃ ១០ដុល្លារប៉ុណ្ណោះ។

ប្រភពដដែល បន្តថា លុះទិញបានហើយ ជនសង្ស័យ ចេញទៅវិញបាត់ ស្រាប់តែមួយសន្ទុះក្រោយ បានជិះម៉ូតូមកឈប់នៅខាងមុខហាងរបស់គាត់វិញ ដោយទុកសោជាប់ម៉ូតូ និងដាក់លេខ១ ស្រាប់ ហើយចូលមកអង្គុយលើកៅអី ក្នុងហាងរបស់គាត់ តែពេលនោះ គាត់មើលដឹងថា មានសភាពដូចជាមិនស្រួល ទើបគាត់បានក្រោកដើរចេញទៅតាមផ្លូវក្រោយ រួចលបមកខាងមុខវិញ តាមចំហៀងផ្ទះ ប្រទះឃើញនៅជាប់នឹងខ្លួនជន សង្ស័យ មានកាំបិត ១ដើម ទើបគាត់បានស្រែកឆោឡោថា ចោរ!ៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យជនសង្ស័យភ័យ ស្ទុះរត់គេចខ្លួនបាត់ ដោយបានជ្រុះកាំបិត ១ដើម នៅក្នុងហាងរបស់គាត់ ចំណែកម៉ូតូ ១គ្រឿង ដែលជនសង្ស័យជិះមក ជនសង្ស័យមិនយកទៅវិញដែរ ពោលគឺរត់ចោលម៉ូតូ យកតែរួចខ្លួនប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ ដើម្បីពិនិត្យនិងសាកសួរជនរងគ្រោះ បន្ទាប់មកក៏ដកហូតម៉ូតូរបស់ជនសង្ស័យ ១គ្រឿង ព្រមទាំងកាំបិត ១ដើម យកទៅរក្សាទុក ដើម្បីស្រាវជ្រាវកំណត់មុខ សញ្ញា តាមចាប់ជនសង្ស័យ យកមកដាក់ទោសតាមច្បាប់៕

RELATED ARTICLES