ខេត្តតាកែវ ៖ ក្មេងប្រុសស្រី ចំនួន២នាក់ ជាបងប្អូនបង្កើត កំពុងដេកលក់ នៅវេលាទៀបភ្លឺ ខណម៉ែឪមិននៅផ្ទះ បានចេញទៅប្រកបរបររកស៊ីប្រចាំថ្ងៃ ស្រាប់តែកើតមានហេតុការណ៍គ្រោះអគ្គិភ័យ (ភ្លើងឆេះផ្ទះ) ធ្វើឱ្យក្មេងទាំង២នាក់ ភ្ញាក់ដឹងខ្លួន ប្រឹងស្រែកដង្ហោយហៅគេឯងឱ្យជួយ តែដោយសារភ្លើងឆាបឆេះពេញបន្ទុកទៅហើយ ទើបគ្មានអ្នកអាចចូលទៅជួយសង្គ្រោះបានឡើយ ទីបំផុតក្មេងប្រុសស្រីទាំង២នាក់បងប្អូន ត្រូវភ្លើងឆេះខ្លោចក្រញង់ ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះអគ្គិភ័យ ផ្តាច់យកជីវិតក្មេងប្រុសស្រី ២នាក់បងប្អូននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិកណ្តោល ឃុំពត់សរ ស្រុកបាទី។
ក្មេងរងគ្រោះទាំង២នាក់បងប្អូន ទី១-ឈ្មោះទូច ចាន់ដារ៉ា ភេទប្រុស អាយុ៦ឆ្នាំ និងទី២-ឈ្មោះទូច ចាន់ណារី ភេទស្រី អាយុ៣ឆ្នាំ។ ក្មេងប្រុសស្រីទាំង២នាក់ ជាបងប្អូនបង្កើត និងមានលំនៅក្នុងភូមិកណ្តោល ឃុំពត់សរ ស្រុកបាទី។

តាមប្រភពបុរសម្នាក់ ឈ្មោះហ៊ុន ហុកលី ត្រូវជាប្អូនរបស់ម្ចាស់ផ្ទះដែលរងការឆាបឆេះខាងលើ និងស្នាក់នៅផ្ទះក្បែរខាងគ្នា បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ៣និង៤០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គាត់បានចុះពីលើផ្ទះ ទៅរកបត់ជើងតូច រួចហើយក៏ឡើងលើផ្ទះវិញ ចុចទូរស័ព្ទលេង ស្រាប់តែឮសូរផ្ទុះផេះៗ ចេញពីផ្ទះបងរបស់គាត់ (ផ្ទះកើតហេតុ) តែគាត់មិនបានចាប់អារម្មណ៍នោះទេ។ លុះបន្តិចក្រោយមក ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង ទើបគាត់បានស្ទុះចេញទៅមើល ស្រាប់តែប្រទះឃើញភ្លើងកំពុងឆាបឆេះផ្ទះបងប្រុសរបស់គាត់ យ៉ាងសន្ធោសន្ធៅទៅហើយ និងឮសូរសម្រែកក្មួយៗរបស់គាត់ (ក្មេងប្រុសស្រីរងគ្រោះ) ស្រែកចេញពីក្នុងផ្ទះដែលកំពុងឆេះនោះ ភ្លាមនោះ គាត់បានយកភួយជ្រលក់ទឹកបម្រុងចូលជួយសង្គ្រោះក្មួយ ប៉ុន្តែភ្លើងឆេះខ្លាំងពេក ចូលជួយមិនបាន ក៏បានយកទឹកជះ ដើម្បីជួយពន្លត់ភ្លើង ហើយក៏បានអ្នកជិតខាង ជួយដងទឹកពន្លត់ដែរ នៅតែទប់ទល់មិនឈ្នះ។ ទីបំផុត ក្រោយពេលភ្លើងរលត់ទៅវិញ ប្រទះឃើញក្មួយៗរបស់គាត់ទាំង២នាក់បងប្អូន ត្រូវភ្លើងឆេះខ្លោច ស្លាប់អស់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ក្មេងប្រុសស្រីរងគ្រោះ ទាំង២នាក់ ពិតជាបានស្លាប់ដោយសារហេតុការណ៍ភ្លើងឆេះផ្ទះ ប្រាកដមែន មូល ហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សាកសពក្មេងប្រុសស្រីរងគ្រោះ ទាំង២នាក់បងប្អូនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕