Friday, October 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការបំភ្លឺ ករណីប៉ូលិសស្រវឹង បើកឡានបុកគេស្លាប់ ជាប់គុក១ឆ្នាំ

តុលាការបំភ្លឺ ករណីប៉ូលិសស្រវឹង បើកឡានបុកគេស្លាប់ ជាប់គុក១ឆ្នាំ

ភ្នំពេញ ៖ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលាក្រមផ្តន្ទាទោសទោសលើជនជាប់ចោទ ឈ្មោះហ៊ុន ហេង អតីតមន្ត្រីនគរបាលរាជធានីភ្នំពេញ ដែលស្រវឹងស្រា បើករថយន្តបុករះ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់របួស ជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ទោសនៅ សល់ត្រូវព្យួរមក បានធ្វើឱ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន យល់ឃើញ និងបញ្ចេញជាមតិយោបល់ផ្សេងៗគ្នា ដោយក្នុងនោះ មានមតិខ្លះបានលើកឡើងថា អយុត្តិធម៌ ។

ឆ្លើយតបទៅនឹងមតិលើកឡើងរបស់សាធារណជន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បានពន្យល់ពីអង្គហេតុ អង្គច្បាប់ ដែលនាំឱ្យចៅក្រម ឈានដល់ការប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទ ឈ្មោះហ៊ុន ហេង។

សេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារថា «នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ផេកហ្វេសប៊ុក ឈ្មោះ Kampuchea Thmey Daily បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់ថា “តុលាការផ្តន្ទាទោសអតីតនគរបាលរាជធានី ឈ្មោះហ៊ុន ហេង ស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឱ្យមនុស្សម្នាក់ស្លាប់ ៣នាក់របួស ជាប់ក្នុងពន្ធនាគារ ត្រឹម ១ឆ្នាំ” និងគណនីហ្វេសប៊ុក ឈ្មោះ Meach Sovannara បានផ្សព្វផ្សាយ និងបានសរសេរបង្ហោះរៀបរាប់ថា “តុលាការផ្តន្ទាទោសអតីតនគរបាល ឈ្មោះហ៊ុន ហេង ស្រវឹងស្រា បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឱ្យមនុស្ស ១នាក់ស្លាប់ ៣នាក់រងរបួស ឱ្យជាប់ក្នុងគុកត្រឹមតែ ១ឆ្នាំ អយុត្តិ ធម៌ពេកទេដឹង ជីវិតមនុស្ស ទិញមិនបានទេ?”។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន និងសារព័ត៌មាននានាថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាល ក្រមព្រហ្មទណ្ឌលេខ ៣៨០៩ “ភ” ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ ដាក់ពន្ធនាគារ កំណត់រយៈពេល០៣ (បី) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល១ឆ្នាំ ទោសសល់ពីនេះ ត្រូវព្យួរ និងពិន័យជាប្រាក់ ចំនួន ៤ ០០០ ០០០ (បួនលាន) រៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើស ៖ ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តុលាការ បានពិចារណាលើអំពើប្រព្រឹត្ត និងការទទួលខុសត្រូវរបស់ជនជាប់ចោទតាមកម្រិតទោសដែលមានកំណត់ក្នុងច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ ដើមបណ្តឹង រដ្ឋប្បវេណីទាំងអស់ ស្ថានភាពរបស់ជនជាប់ចោទដែលស្ថិតក្នុងវ័យចាស់ មានជំងឺប្រចាំកាយ និងស្មារតីភ្ញាក់រលឹក ទទួលស្គាល់កំហុស ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោស ដោយយោងលើមូលហេតុដូចខាងក្រោម ៖

១-ជនជាប់ចោទ ជាប់ចោទពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរបួសអ្នកដទៃ ដែលកម្រិតទោសក្នុងច្បាប់កំណត់ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

២-ជនជាប់ចោទ មានអត្រាជាតិអាល់កុល 0.35Mg/L (យោងតាមរបាយការណ៍របស់សមត្ថកិច្ច) ដែលស្ថិតនៅក្រោមច្បាប់ហាមឃាត់ (អត្រាជាតិអាល់កុល ចាប់ពី 0.40Mg/L ឡើងទៅ)។

៣-ជនជាប់ចោទ មានវ័យចាស់ ស្ថិតក្នុងស្ថានភាពមានជំងឺទឹកនោមផ្អែម និងលើសឈាម។

៤-ជនរងគ្រោះទាំងអស់ បានដកពាក្យបណ្តឹង និងបានព្រមព្រៀងទទួលសំណងរដ្ឋប្បវេណី។

៥-តុលាការ បានសម្រេចផ្តន្ទាទោស ៣ឆ្នាំ គឺក្នុងកម្រិតអតិបរមានៃទោស តែបានឱ្យអនុវត្តទោសក្នុងពន្ធនាគារ ១ឆ្នាំ ទោសនៅសល់ ២ឆ្នាំ ឱ្យព្យួរ ដោយដាក់នូវកាតព្វកិច្ចមួយចំនួន រួមទាំងបានប្រកាសទោសពិន័យជាប្រាក់ ចំនួន៤លានរៀល និងបានប្រកាសទោសបន្ថែម ហាម ឃាត់ការបើកបរ ក្នុងរយៈពេល៥ឆ្នាំ។ ការសម្រេចឱ្យអនុវត្តព្យួរទោសមួយផ្នែកនេះ ធ្វើឡើងស្របតាមលក្ខខណ្ឌនិងបទប្បញ្ញត្តិច្បាប់ជាធរមាន។

៦- បច្ចុប្បន្ន ជននេះកំពុងជាប់ឃុំ បន្តការអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ»…។

គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ ចោទ ឈ្មោះហ៊ុន ហេង ភេទប្រុស អាយុ៦១ឆ្នាំ អតីតនាយកការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់ ៣ឆ្នាំ តែតម្រូវឱ្យអនុវត្តក្នុងពន្ធនាគារ១ឆ្នាំ ទោសនៅសល់ត្រូវព្យួរ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន៤លានរៀល ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់និងរបួសអ្នកដទៃ ។

សាលក្រមប្រកាសជាសាធារណៈ ដោយលោកតុប ឈុនសុង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោកលឹម ប៊ុនហេង ព្រះរាជអាជ្ញារង តំណាងអយ្យការ ចំពោះមុខជនជាប់ចោទ និងមេធាវីការពារតាមផ្លូវច្បាប់។ សាលក្រម បានបើកផ្លូវនិងទុកពេលតាមការ កំណត់ សម្រាប់ភាគីណាមួយប្តឹងឧទ្ធរណ៍ បើមិន សុខចិត្តចំពោះការកាត់ក្តីនេះ។

គួរបញ្ជាក់ថា សំណុំរឿងខាងលើនេះ ត្រូវបានតុលាការលើកយកមកបើកសវនាការជំនុំជម្រះក្តី កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ហើយបានលើកមកប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

គួររំលឹកថា កាលពីវេលាម៉ោង ១និង៥៨នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះយ៉ាងសាហាវមួយបានកើតឡើង នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចឆៀងខាង ត្បូងក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដោយបុរសវ័យចំណាស់ម្នាក់ ជាមន្ត្រីប៉ូលិសស័ក្តិ៥ បានបើកបររថយន្ត ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន ទាំងស្ថានភាពស្រវឹងធ្លាក់ភ្នែក ជ្រុលបុករះរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង និងម៉ូតូកង់បី ២គ្រឿង សរុប៥គ្រឿង បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ និងបង្កឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី ស្លាប់នៅនឹងកន្លែង។

អ្នកបើកបររថយន្តបង្កហេតុ មានឈ្មោះហ៊ុន ហេង អាយុ៥៧ឆ្នាំ មុខរបរមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិវរសេ នីយ៍ឯក (ស័ក្តិ៥) មាន តួនាទីជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភ័ស្តុភារនិងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍នេះ មានឈ្មោះរៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦០ ភូមិត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកអ្នករងរបួស មានចំនួន៥នាក់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿងម៉ាក Lexus RX-400h ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2188 បើកបរចុះពីលើស្ពានអាកាសក្បាលថ្នល់ ទិសដៅសំដៅទៅវិមានឯករាជ្យ ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ ខណៈបើករថយន្តមកដល់ត្រង់ចំណុចកើតហេតុខាងលើ រថយន្តបង្កហេតុ បានជ្រុលបុកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-5129 ប៉ើងខ្ទាតជាច្រើនម៉ែត្រ រួចបន្តបុករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BU -0755 ហើយបន្ត ទៅបុកម៉ូតូកង់បី ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JN-6871 និងបន្តបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-8238 ហើយរថយន្តបង្កហេតុ បន្តទៅបុកបង្គោលដែក (របាំងការពារម៉ាស៊ីនភ្លើង) និងដើមឈើ ១ដើមទៀត ទើបទៅមុខលែងរួច។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះដ៏រន្ធត់នេះ បានបណ្តាលឱ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូកង់បី បានប៉ើងខ្ទាតចេញពីម៉ូតូកង់បី បែកក្បាលស្លាប់ក្នុងថ្លុកឈាម នៅកណ្តាលទ្រូងផ្លូវ និងបណ្តាលឱ្យមនុស្ស ៣នាក់ ទៀត រងរបួសធ្ងន់-ស្រាល។ ចំណែកសម្ភារៈ និងទ្រព្យ សម្បត្តិដែលរងការខូចខាត ចំនួន៥គ្រឿង រួមមាន រថយន្ត ២គ្រឿង (ទាំងរថយន្តបង្កហេតុ) ម៉ូតូ១គ្រឿង (ដាច់ជា២កំណាត់ ខ្ទេចហ្មត់ទាំងស្រុង) និងម៉ូតូកង់បី ២គ្រឿង។

ក្រោយពីបង្កហេតុភ្លាមៗ អ្នកបើករថយន្តបង្កហេតុ ដែលស្ថិតក្នុងសភាពស្រវឹងស្រាជោក បានចុះពីរថយន្ត ស្ទើរទប់ខ្លួនមិនជាប់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីសាកសួរនិងចាត់តាមច្បាប់។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES