ភ្នំពេញ ៖ ស្រីស្រស់ សឹម ស្រីនិច្ច បានប្រកាសនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថានាងនឹងមិនយកប្តីទេ ហេតុនេះសូមឲ្យអ្នករៀបចំសម្អាងការទាំងឡាយ ជ្រាបជាដំណឹង ។ ការអះអាងរបស់ស្រីនិច្ច បែបនេះ ប្រាកដជាធ្វើឲ្យប្រុសៗដែលលង់សម្រស់នាង និងចង់ធ្វើជាម្ចាស់បេះដូងនាង ខកចិត្តមិនស្ទើរទេ ព្រោះស្ដាយរូបសម្រស់គួរឲ្យក្នក់ក្នាញ់របស់នាងពេក។

ការបង្ហាញជំហររបស់សឹម ស្រីនិច្ច នាពេលនេះ គឺដើម្បីឆ្លើយតបទៅអ្នករកស៊ីសម្អាងការមួយចំនួន ដែលចេះតែទាក់ទងមកនាង និងទំនងប្រហែលជាដឹងថា នាងអាចនឹងធ្វើកូនក្រមុំឆាប់ៗ ទើបពួកគេសម្រុកអេត (Add) មកស្រីនិច្ច បន្ដកន្ទុយគ្នា ដើម្បីបង្ហាញពីឈុតកូនក្រមុំ ឲ្យនាងជ្រើសរើស។ ប៉ុន្ដែស្រីនិច្ច បែរជាបញ្ជាក់ទៅម្ចាស់សម្អាងការទាំងនោះថា «ប្អូននៅលីវ មិនមានបំណងយកស្វាមីឡើយ»។

អ្នកយកព័ត៌មាន «នគរធំ» បានទាក់ទងទៅសឹម ស្រីនិច្ច ដើម្បីសុំការបញ្ជាក់ពីនាង រឿងតាំងចិត្តមិនយកប្តីនេះ ប៉ុន្ដែគិតមកដល់រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ មិនទាន់មានចម្លើយតបពីនាងឡើយ ។ ចំណែកពិធីករ សុខ សាន់នី ជាបុរសតែម្នាក់គត់ដែលស្រីនិច្ច ទុកចិត្តជាងគេ និងត្រូវគេសង្ស័យថាជាគូស្នេហ៍របស់នាងនោះ នៅលើគណនីហ្វេសប៊ុក របស់លោក មិនមានប្រតិកម្មអ្វីទាំងអស់ ទាក់ទងរឿងស្រីនិច្ច ថានាងគ្មានផែន ការយកប្ដីនេះ ។

គួរបញ្ជាក់ថា សឹម ស្រីនិច្ច ក្រោយចែកផ្លូវអតីតសង្សារ ជាអ្នករកស៊ីវិស័យអចលនទ្រព្យ កាលពីឆ្នាំ២០២៣ នាងមានជម្រើសស្នេហាច្រើន ប៉ុន្ដែបែរជាគេឃើញនាងស្និទ្ធតែលោកសាន់នី ដូចគូសង្សារ រហូតមាន Fan ជំរុញឲ្យពួកគេរៀបការទៀតផង។ ប៉ុន្ដែតារារូបស្រស់នេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ទំនាក់ទំនងរវាងនាងនិងលោកពិធីករនោះ គ្មានអ្វីលើសពីមិត្តភក្ដិ ។ មតិខ្លះថា វាចារបស់ស្រីនិច្ច បែបនេះ អាចដោយសាតែនាងមិនទាន់ច្បាស់លាស់ជាមួយលោកសាន់នី ១០០% ហើយត្រូវការពេលវេលាស្វែងយល់ចិត្តគ្នាបន្ថែមទៀត តែដឹងអីស្រាប់តែឥឡូវ នាងធ្វើឲ្យលោកសាន់នី រួមទាំងប្រុសៗដែលលង់សម្រស់នាង ដាច់ផ្ងារតែម្ដងព្រោះនាងថា គ្មានគម្រោងយកប្ដីឡើយ ។

អ្នកលេងបណ្ដាញសង្គមខ្លះ លើកឡើងថា ស្រីនិច្ច លេងមួយក្បាច់នេះ អាចនឹងធ្វើឲ្យនាងនឹកស្មានមិនដល់ក៏ថាបាន ព្រោះមិនយូរទេ ប្រាកដជាមានស្រីៗតាមស្នេហាច្រើនជាងប្រុស ជាមិនខាន ចាប់ពីពេលនេះតទៅ ដែលពេលនោះ នាងអាចនឹងប្ដូរចិត្តវិញក៏អាចថាបាន ។

សឹម ស្រីនិច្ច ស្ថិតក្នុងចំណោមតារាសម្ដែងដែលលេចធ្លោ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រោះនាងអាចសម្ដែង ទាំងរឿងសម័យ បុរាណ និងជាតួឆ្នាស ក៏បាន តួទឹកភ្នែកក៏បាន ខណៈដែលថ្មីៗនេះ នាងថែមទាំងអាចលេងជាតួល្ខោនបានទៀតផង។ នៅចុងឆ្នាំ២០២៥ ភាពយន្ដភាគដែលស្រីនិច្ច ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្ស និកជន គឺរឿង «បេះដូងអ្នកក្រ» តែភាពយន្ដធំបំផុតក្នុងអាជីពនាង រឿង «អប្សរាមហាអង្គរ» ដែលនាងប្រឹងហ្វឹកហាត់រាំរបាំបុរាណ១ឆ្នាំ ដើម្បីថតរឿងនេះ ហើយលេងតួដល់ទៅ៣ ផ្សេងគ្នា ក្រោមការដឹកនាំរបស់លោកហ្វៃ សំអាង នោះ ពេលនេះមិនទាន់ដាក់បញ្ចាំងនៅឡើយ ។

ទស្សនិកជនថា ស្រីនិច្ច អាចនឹងឡើងកូដដល់កំពូលជាមិនខាន នៅពេលដែលភាពយន្ដបុរាណ «អប្សរាមហាអង្គរ» ត្រូវដាក់បញ្ចាំងជាផ្លូវការ ដែលគេនឹងបានឃើញពីសមត្ថភាពរបស់នាង កាន់តែច្បាស់ ៕