Wednesday, November 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់គេស្លាប់ ជាប់ខ្នោះ៤

ដេញកាប់គេស្លាប់ ជាប់ខ្នោះ៤

ភ្នំពេញ ៖ ក្មេងទំនើងក្រុមឈូកវ៉ា១ ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន ចំនួន៤នាក់ ក្នុងករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដេញកាប់ បណ្តាលឱ្យជនរងគ្រោះ ជិះម៉ូតូបុកបង្គោលភ្លើង ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចបង្ក្រាប រួមមាន ទី១-ឈ្មោះម៉ុន សុបញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះ ថា ដារិទ្ធ ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះឆេង សុភារៈយុទ្ធ ហៅយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៤-ឈ្មោះហ៊ន ឈិនទ្បុង ហៅទ្បុង ភេទប្រុស អាយុ១៨ឆ្នាំ។

លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបា លរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោម ការបញ្ជាពីលោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី០៩ខែ វិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌទួលគោក ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ និងដកហូតបានកាំបិតប៉័ងតោ (ធ្វើសកម្មភាពកាប់ជនរងគ្រោះ) ២ដើម និងស្លាកលេខម៉ូតូ ចំនួន១សន្លឹក។

លោកវរសេនីយ៍ឯក ម៉ម សាវន បានបន្តថា ជនសង្ស័យជាក្រុមក្មេងទំនើងក្រុមឈូកវ៉ា១ ដែលបង្កហិង្សា ចំនួន២ករណី បណ្តាលឱ្យជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់។

ករណីទី១-ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស បណ្តាលជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅចំណុចស្ពានអាកាស តិចណូ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលវេលាម៉ោងប្រហែ ល ៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥។

ករណីទី២-ហិង្សាដោយចេតនាមានស្ងានទម្ងន់ទោស (កាប់ប្លន់យកស្លាកលេខម៉ូតូ) និងបណ្តាលឱ្យជនរង គ្រោះរងរបួស នៅចំណុចវត្តជុំ ផ្លូវលេខ២០១១ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោងប្រហែល៣និង១៥នាទី ទៀបភ្លឺ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យមានបក្ខពួកជាច្រើននាក់ទៀត ដែលនៅសេសសល់ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបង្ក្រាបឱ្យដល់ឫសគល់ ដោយមិនយោគយល់ឡើយ។

ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES