Thursday, November 13, 2025
Homeតារាខ្មែរពៅ បញ្ញាពេជ្រ លេចមុខច្រៀងការ

ពៅ បញ្ញាពេជ្រ លេចមុខច្រៀងការ

ភ្នំពេញ ៖ តារាចម្រៀង ពៅ បញ្ញាពេជ្រ ដែលរងគ្រោះត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ជាច្រើនគ្រាប់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០០៧ ហើយបានធ្លាក់ខ្លួនពិការ អង្គុយតែលើរទេះរុញ ដល់សព្វថ្ងៃ នាងប្រកបរបរលក់ផលិតផលតាមអនឡាញ ប៉ុន្តែនាងនៅតែអាចច្រៀងបានពីរោះ  ដោយថ្មីៗនេះ នាងបានបង្ហាញមុខក្នុងពិធីមង្គលការមួយ ហើយនាងក៏បានបង្ហើរសំនៀង ក្នុងពិធីនោះ ដែលភ្ញៀវទាំងឡាយលាន់មាត់ថា សំឡេងនាងនៅតែពីរោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀងរងគ្រោះពីការបាញ់ប្រហារ ធ្លាក់ខ្លួនពិការ ពៅ បញ្ញាពេជ្រ បានទៅចូលរួមពិធីមង្គលការមួយ នៅជិតផ្សារទំនើប អ៊ីអន ៣ (អ៊ីអន ម៉ល មានជ័យ) ហើយនាងបានឡើងច្រៀងជូនភ្ញៀវក្នុងពិធីមង្គលការនោះ បានស្តាប់កម្សាន្តផងដែរ ដែលភ្ញៀវទាំងឡាយ បានទះដៃសរ សើរថា សំឡេងនាង នៅតែពីរោះ តែទន្ទឹមនឹងនេះ មហាជនបានសម្តែងក្តីអាណិតអាសូរចំពោះតារាចម្រៀងរូបនេះ ដែលរងគ្រោះ ធ្លាក់ខ្លួនពិការ មិនអាចដើរបាន អង្គុយតែលើរទះរុញ ដោយសារការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងចិត្តឫស្យា ។

ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់មុខ បាញ់ប្រហារនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ វេលាម៉ោង ៦និង២០នាទីព្រឹក នៅមុខក្រសួងឧស្សាហកម្ម រ៉ែនិងថាមពល បណ្តាលឱ្យរងរបួសធ្ងន់ ស្ទើរស្លាប់ស្ទើររស់។ ពៅ បញ្ញា​ពេជ្រ បានរងរបួស​ជា​ច្រើន​គ្រាប់ ដោយ​ក្នុង​នោះ ​១គ្រាប់ ​ត្រូវ​ពោះ និង​មួយ​គ្រាប់​ទៀត ​ចំ​បំពង់​ក។ នាង​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ​អស់​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ជីវិតនាង​ត្រូវ​បាន​សង្គ្រោះ​ ប៉ុន្តែកាយ នាងត្រូវមានពិការភាព មិនអាចដើរបាន រហូតដល់សព្វថ្ងៃ។

បច្ចុប្បន្ន បញ្ញា​ពេជ្រ ប្រកបរបរជា​អ្នក​លក់អីឥវ៉ាន់​អនឡាញ ហើយ​ដោយ​ការ​អាណិត​ស្រឡាញ់ មហាជន​ជា​ច្រើន ​បាន​ជួយកុម្មង់ទិញទំនិញរបស់នាង។

ដោយ​នៅ​តែ​មិន​អាច​ដើរ​បាន អង្គុយតែលើរទេះរុញ ​​មក​ដល់​ពេល​នេះ តារាចម្រៀងល្បីរូបនេះ តែបង្ហោះសារតាមបណ្តាញសង្គម ពីទុក្ខសោករបស់នាង ។

ជាក់ស្តែង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាងបានបង្ហោះរូបភាពអង្គុយលើរទេះរុញ ជាមួយសំណេរថា «តើមានមនុស្សប៉ុន្មាននាក់? ដែលអាចយល់ពីទុក្ខលំបាកខ្ញុំសព្វថ្ងៃ?»។

គួររំលឹកថា ពៅ​ បញ្ញាពេជ្រ​ គឺ​ជា​អតីត​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស ​ពីឆ្នាំ២០០០​ រហូត​ដល់​ឆ្នាំ២០០៧​ ​ជា​តារា​ចម្រៀង​រួម​ជំនាន់​ជាមួយ​ គីម​ លក្ខិណា​ ណុប​ បាយ៉ារិទ្ធ​ ជា​ដើម​។ ក្រៅ​ពី​អាជីព​សិល្បៈ​ តារា​ចម្រៀង​​សំឡេង​ស្រួយ​រូប​នេះ​ ក៏​បាន​បញ្ចប់​ការ​សិក្សា​លើ​មុខ​វិជ្ជា​ចំនួន​ពីរ​ គឺ​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុនិង​ធនាគារ​ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្មនិង​សណ្ឋាគារ​។ ជា​អកុសល​ នៅថ្ងៃទី២៣ ខែកុម្ភៈ ​ឆ្នាំ២០០៧​ ​តារាចម្រៀង​រូប​នេះ ​បានទទួល​រង​ការ​បាញ់​ប្រហារ​ដោយ​ខ្មាញ់​កាំភ្លើង​មិន​ស្គាល់​មុខ​ បណ្តាលឥ្យរបួសធ្ងន់ រហូត​ដល់​ធ្លាក់​ខ្លួន​ពិការ​ ​។ បើ​គិត​មក​ទល់​ពេល​នេះ​ អស់​រយៈ​ពេល​ ១៨ឆ្នាំ មកហើយ ដែល​ ពៅ​ បញ្ញា​ពេជ្រ​ បាន​ប្រើ​ជីវិត​នៅ​លើ​រទេះ​រុញ​ ដោយ​ចិត្ត​តស៊ូ​និង​អំណត់​។

ក្រៅពីអាជីពលក់ផលិតផលតាមអនឡាញ កញ្ញា​ ពៅ​ បញ្ញា​ពេជ្រ​ តែងឆ្លៀតចូលរួមធ្វើបុណ្យ ដាក់ទាន ប្រាថ្នាជាតិខាងមុខ កុំឲ្យអភ័ព្វដូចជាតិនេះ ហើយម្តងម្កាល នាងបានបង្ហោះសំនៀងតាមកម្មវិធីនានា រួមទាំងពិធីមង្គលការ និងតាមទំព័របណ្តាញញសង្គម ដោយនៅ​តែ​ទទួល​បាន​ការ​ស្រឡាញ់ ​គាំទ្រ ​ពី​មជ្ឈដ្ឋាន​មហាជន​ដដែល​ ហើយនៅ​ពេលនាង​មាន​វត្តមាន​នៅ​ទី​​សាធារណៈ​ណាមួយ​​ គឺតែឃើញ​​មហាជន ​ទាំង​ចាស់​ក្មេងប្រុសស្រី ​ជា​ច្រើន​នាក់ ​បាន​ចូល​មក​ស្វាគមន៍ សាកសួរសុខទុក្ខ សុំ​​ថត​រូប​ជាមួយ​ និង​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដល់​តារាចម្រៀងអភ័ព្វរូបនេះ​៕ ខៀវទុំ

RELATED ARTICLES