ខេត្តព្រៃវែង ៖ ជនជាតិវៀតណាម ចំនួន៥៧នាក់ (ស្រី១៥នាក់) ត្រូវបានសមត្ថកិច្ចជំនាញនាយកដ្ឋានស៊ើប អង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ខេត្តព្រៃវែង បន្ទាប់ពីត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការលួចស្នាក់នៅធ្វើការខុសច្បាប់ គ្មានលិខិតឆ្លងដែន ឆបោកអនឡាញ ជួញគ្រឿងញៀន និងបទល្មើសផ្សេងៗ។

តាមប្រភពអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន៥៧នាក់ (ស្រី១៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បន្ទាយចក្រី ខេត្តព្រៃវែង។

ប្រភពដដែល បន្តថា ការបណ្តោញជនជាតិវៀតណាម ទាំង៥៧នាក់ គឺពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់ សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (រក្សាទុកនិងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន)។

ជនជាតិវៀតណាមទាំងនេះ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ៕