Tuesday, November 18, 2025
Homeតារាខ្មែរព្រាប សុវត្ថិ កូនថៅកែហង្សមាស ខឹង?

ព្រាប សុវត្ថិ កូនថៅកែហង្សមាស ខឹង?

ភ្នំពេញ ៖ នៅលើឆាកតន្រ្ដី ក្លឹប The Bay Boeungkak  លោកព្រាប សុវត្ថិ និយាយថា «ខ្ញុំច្រៀងតាមសំណូមពរបងប្អូន បើគេខឹង បងប្អូនគិតម៉េច?»។ ការថ្លែងរបស់លោកសុវត្ថិ នៅរាត្រីនោះ នៅចំពោះមុខអ្នកគាំទ្រ បន្ទាប់ពីលោកបានច្រៀងរំលឹកអតីតកាលរបស់ខ្លួន នូវចម្រៀងជាច្រើនបទ ធ្លាប់ល្បីនៅហង្សមាស ដូចជាបទ «ចាំបងមានសិន», «ចិត្តព្រៃផ្សៃ», និង«នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រលាញ់ខ្ញុំ» ជាដើម។ ប៉ុន្ដែមុនច្រៀងបទចាស់ៗរបស់ខ្លួននៅហង្សមាស នោះលោកស្រី អ៊ឹង គឹមលាង ដែលជាអ្នកគ្រប់គ្រងផលិកម្មហង្សមាស និងជាកូនរបស់អ្នកឧកញ៉ា អ៊ឹង ឆៃងួន ថៅកែក្រុមហ៊ុន ហង្សមាស បានចេញសារផ្ទួនៗទាក់ទងអតីតតារារបស់ខ្លួន យកបទនៅផលិតកម្មឪពុកលោកស្រី ទៅច្រៀង ដោយអ្នកស្រី ថែមទាំងថា តារាខ្លះ មុនចូលហង្សមាស ជិះតែម៉ូតូកញ្ចាស់ មកច្រៀង លុះមានបាន ភេ្លចប្រភពដើម ។

 លោកស្រី អ៊ឹង គឹមលាង ថ្លែងសារថា «តារាខ្លះ មុននៅជាមួយហង្សមាស ជិះម៉ូតូកញ្ចាស់ អ្នកខ្លះច្រៀងតាមក្លឹប ស្អីក៏មាន ឡានក៏មិនមាន វីឡាក៏មិនមាន ចុះហង្សមាស នឹងផ្ដល់អីទើបមានឈ្មោះដូចសព្វថ្ងៃនេះ? ក្រុមការងារនៅជួយជ្រោមជ្រែងក្រោយខ្នង ជាអ្វីឲ្យពិតប្រាកដ?»។ លោកស្រីគឹមលាង បញ្ជាក់ទាក់ទងអតីតតារាហង្សមាស ទៅចូលផលិតកម្មថ្មីហើយនៅយកបទនៅផលិតកម្មខ្លួន ទៅច្រៀងថា «តារាខ្លះក៏បានទៅ កន្លែងថ្មី ខ្លះទៀតក៏ក្លាយជាអ្នកចម្រៀងឯករាជ្យ យកបទថ្មីដែលខ្លួនបានផលិតថ្មីៗ បានផលិតយកទៅប្រើប្រាស់ទៅ អត់ចាំបាច់តោងកាលីពពីបទចាស់ៗ ព្រោះតារាមានទេពកោសល្យពីកំណើតហើយ»។

ថ្វីត្បិតតែជុំវិញការលើកឡើងរបស់លោកស្រី អ៊ឹង គឹមលាង នេះ លោកស្រីមិនសំដៅដល់តារារូបណា ឈ្មោះអី? ប៉ុន្ដែមហាជនបានលើកឡើងថា កូនថៅកែហង្សមាស រូបនេះ ចង់និយាយសំដៅដល់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ដែលឡើងច្រៀងនៅក្លឹបមួយ នៅថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៥  នោះ ច្រៀងរំលឹកបទអតីតកាល ភាគច្រើនបទទាំងនោះនៅហង្សមាស។ ប៉ុន្ដែតាមព័ត៌មានថា បញ្ហាលោកព្រាប សុវត្ថិ ច្រៀងបទចាស់ៗរបស់ខ្លួន នៅហង្សមាស នោះ មិនមែនជារឿងដែលបណ្ដាលឲ្យលោកស្រីខឹងឡើយ តែរឿងគឺអ្នកឌីហ្សាញ បានយករូបលោកព្រាប សុវត្ថិ ច្រៀងនៅហង្សមាស មកឡើងជាឡូហ្គោផលិតកម្ម Galaxy ដែលបញ្ហានេះហើយធ្វើឲ្យលោកស្រី ក្ដៅចិត្ត រហូតចេញសារបែបនេះ ព្រោះតារាចេញពីផលិតកម្មចាស់ ចូលផលិតកម្មថ្មី មិនមែនមិនអាចយកបទចម្រៀងនៅផលិតកម្មចាស់ ទៅច្រៀងនោះទេ ។

 លោក នូ ស៊ឹប អតីតតារាចម្រៀងហង្សមាស បានប្រាប់ «នគរធំ» នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្ុនាំ២០២៥ ថា តារាដែលចេញពីផលិតកម្មចាស់ ចូលផលិតកម្មថ្មី គេចង់ច្រៀងបទអីក៏បានដែរ មិនខុសទេ កុំឲ្យតែយកបទនៅផលិតកម្មចាស់ៗនោះ ទៅផលិតឡើងវិញ ដោយគ្មានការអនុញ្ញាតពីផលិតកម្មចាស់ នោះទើបខុស ។ ប៉ុន្ដែលោកថា ការលើកឡើងរបស់កូនថៅកែហង្សមាស ក៏ត្រូវម្យ៉ាងដែរ ដើម្បីការពារការផលិតបទទាំងនោះឡើង វិញ ក្រៅពីផលិតកម្មខ្លួន ព្រោះជាកម្មសិទ្ធិបញ្ញា។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ភាពល្បីល្បាញរបស់លោកព្រាប សុវត្ថិ គឺដោយសារតែសមត្ថភាពរបស់លោក ផ្គួបជាមួយផលិតកម្ម អ្នកនិពន្ធ, អ្នកដឹកនាំ និងអ្នកធ្វើភ្លេង ជាដើម ជួយលើកស្ទួយ ទើបអាចទៅរួច ។ ជាមួយគ្នានេះដែរ ក៏មានការលើកឡើងថាហង្សមាស មិនដែលមានបញ្ហាធំជាមួយតារារូបណាទេ ព្រោះម្ចាស់ផលិតកម្មនេះ អ្នកឧកញ៉ា អ៊ឹង ឆៃងួន លោកជាអ្នករកស៊ីសុទ្ធសាធ អត់ចង់បង្កររឿង ឬប្ដឹងផ្ដល់អ្វីមួយឡើងតុលាការទេបើមិនដល់ចំណុចទាល់ច្រក។ ចំណែកលោកព្រាប សុវត្ថិ ជាតារាដែលមហាជនទទួលស្គាល់ថាមានសមត្ថភាពនិងទេពកោសល្យ និងក្រមសីលធម៌ល្អម្នាក់ និងធ្លាប់ជាសញ្ញាតំណាង ឬសម្គាល់របស់ហង្សមាស បើទោះជាទៅដល់ Galaxy ពេលលោកចេញសារពាក់ព័ន្ធការពារអ្នកនយោបាយ មានអ្នកលេងបណ្ដាញសង្គមខ្លះ ជេរលោកជាចំហក្ដី ។

លោកស្រី អ៊ឹង គឹមលាង បន្ថែមសារថា «ខ្ញុំមិនមែនល្បីដូចតារាទេ តែក៏មិនមែនចេះសម្ដែងមុខពីរដែរ ធ្វើជាមនុស្ស ត្រូវមានគុណធម៌ ខាងខ្ញុំហង្សមាស ក៏មិនមានប្រវត្តិសន្សំរឿងជាមួយពីណាគេ ដើម្បីល្បីដែរ សូមតែយុត្តិធម៌»។

អ្នកឧកញ៉ាអ៊ឹង ឆៃងួន និងលោកស្រីអ៊ឹង គឹមលាង

ចំណែកអ្នកនាង ចាន់ កែវនិមល ពិធីការិនីហង្សមាស ថ្លែងសារពាក់ព័ន្ធរឿងនេះថា «សមត្ថភាព+ទេពកោសល្យ ជារឿងល្អដែលអាចឲ្យយើងមានអនាគត តែបើគ្មានការមើលឃើញនិងផ្ដល់ឱកាសពីក្រុមហ៊ុន សួរថា អនាគតមានទេ? នេះជាសំណួរដែលខ្ញុំតែងតែរំលឹកពីខ្លួនឯងជានិច្ច»។

គួររំលឹកថា លោកព្រាប សុវត្ថិ បានច្រៀងឲ្យហង្សមាស រយៈពេល២៣ឆ្នាំ (១៩៩៧-២០២០) ដែលមានបទ ចម្រៀងទាំងអស់ ជាង៣០០០បទ ក្នុងនោះបទភាគច្រើនសុទ្ធតែល្បី បើទោះជាមានបទខ្លះ ចម្លងបទភេទ និងទំនុកច្រៀងពីបរទេសក្ដី ។ ព្រាប សុវត្ថិ អាយុ៥០ឆ្នាំ ត្រូវបានមនុស្សជំនិត ប្រាប់អ្នកកាសែត កាលពីខែកញ្ញា ឆ្នាំ២០២០ ថា លោកមានទ្រព្យសរុបប្រមាណ ៣០លានដុល្លារ ខណៈលោកសុវត្ថិ ឡើងឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ អំឡុងច្រៀងឲ្យ Galaxy នៅ៦ឆ្នាំនេះ ព្រាប សុវត្ថិ មិនដូចពីមុន ដែលលោក គង់ វិ សាល អ្នកដឹកនាំកម្មវិធីសិល្បៈ នៅប៉ុស្ដិ៍បាយ័ន ថាមនុស្សទាំង១០០ ស្រលាញ់ទាំង១០០នោះទេ ព្រោះរាល់ពេលលោកចេញសារការពារអ្នកនយោបាយ ឬថៅកែ មានអ្នកជេរលោកស្រោចនៅលើបណ្ដាញសង្គម ទើបធ្វើឲ្យមានការលើកឡើងថា កេរ្ដិ៍ឈ្មោះលោកសុវត្ថិ  មានការប្រែប្រួលទៅហើយ ។ ប៉ុន្ដែការបង្ហាញខ្លួននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយការច្រៀងបទល្បីចាស់ៗឡើងវិញនោះ អ្នកខ្លះថា ព្រាប សុវត្ថិ នៅតែខ្លាំងដដែល ព្រោះតែមានអ្នកគាំទ្រព្រាប សុវត្ថិ ពេញក្លឹបនោះ ៕

RELATED ARTICLES