ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានទាញប៉ែល វាយបុរសម្នាក់ ចំនួន ៥ប៉ែល បណ្តាលឱ្យរងរបួស ដោយសារខឹងខ្ចីលុយ មិនសង ។
ការឃាត់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

មន្ត្រីអាវុធហត្ថស្រុកគងពិសី បានឱ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះជួល ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកជនរង គ្រោះ មានឈ្មោះ វុធ ថៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅបច្ចុប្បន្ន ភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីអាវុធហត្ថស្រុកគងពិសី បាននិយាយឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ ង៉ែត ថន ហៅ យុ បានមកទារលុយពីជនរងគ្រោះ ដែលជំពាក់ ចំនួន ១១០០០០រៀល (ដប់មួយម៉ឺនរៀល) ៣ខែមកហើយ។ ជនសង្ស័យបានឲ្យជនរងគ្រោះចេញពីបន្ទប់ ហើយសួរថា មានលុយសងអញឬអត់? ជនរងគ្រោះ បានប្រាប់ថា អត់មានទេ ។ ភ្លាមៗនោះ ជនដៃដល់បានដើរទៅយកប៉ែល មកដាក់ក្បែរខ្លួន ហើយសួរជនរងគ្រោះម្តងទៀតថា មានសងលុយអញឬអត់? ជនរងគ្រោះឆ្លើយថា អត់មានទេ។ ស្រាប់តែជនដៃដល់ទាញប៉ែល វាយទៅលើជនរងគ្រោះ ត្រូវចំនួន ០៥ប៉ែល (ត្រូវក្បាលពីខាង ក្រោយ ស្មងដៃឆ្វេង ស្មងដៃស្តាំ ខ្នង ប្រអប់ដៃឆ្វេង និងស្មាខាងឆ្វេង ពីខាងក្រោយ) ហើយជនដៃដល់ បានយកទូរស័ព្ទរបស់ជនរងគ្រោះ បោកចោល និងយកប៉ែល វាយកម្ទេចទូរស័ព្ទបន្ថែមទៀត បណ្តាលឱ្យខូចខាត។

ប្រភពដដែល បន្តថា ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានជិះម៉ូតូ គេចខ្លួនចេញទៅបាត់ ។ ចំណែកជន រងគ្រោះ បានមកដាក់ពាក្យបណ្តឹង ឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ជួយរកយុត្តិធម៌។ លុះមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង៉ែត ថន ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថ បានដកហូតវត្ថុតាង ម៉ូតូ ០១គ្រឿង ម៉ាកហុងដា Beat ពណ៌ខៀវ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1W-0487 ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Redmi កាតបុគ្គលិក ចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក ។

ជនសង្ស័យ រួមជាមួយនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕