Wednesday, November 19, 2025
Homeតារាខ្មែរមាន សូនីតា ប្ដឹងអន្ដរជាតិ ទាហានសៀម៧នាក់ រំលោភបូកស្រីខ្មែរ

មាន សូនីតា ប្ដឹងអន្ដរជាតិ ទាហានសៀម៧នាក់ រំលោភបូកស្រីខ្មែរ

ភ្នំពេញ ៖ មាន សូនីតា បង្ហាញអារម្មណ៍តក់ស្លុតនិងឈឺចាប់ជាពន់ពេក ក្រោយពីទទួលបានព័ត៌មានថា មានស្រី្ដខ្មែរម្នាក់ ជាពលករត្រឡប់មកពីថៃ  ត្រូវទាហានសៀម ៧នាក់ ស្ទាក់ចាប់រំលោភបូក ។ សូនីតា ចាត់ទុកថាទង្វើនេះ មិនត្រឹមតែជាការប្រមាថដល់ស្រ្ដីខ្មែរទេ ប៉ុន្ដែជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរបស់ស្រ្ដីទូទាំងពិភពលោកតែម្ដង។

 មាន សូនីតា ថ្លែងទាំងអួលដើមក នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា «ពិតជាសាហាវយង់ឃ្នងណាស់ ! នាងខ្ញុំ មាន សូនីតា និងកូនខ្មែរគ្រប់រូប សុំប្ដឹងនិងស្នើទៅដល់អន្តរជាតិ មេត្តាជួយស្វែងរកយុត្តិធម៌ជូនចំពោះស្រ្តីរងគ្រោះ ដែលនាងទទួលរងការឈឺចាប់យ៉ាងខ្លាំង ដោយមិនត្រឹមតែប៉ះពាល់សុខភាពរាងកាយនោះទេ តែបានប៉ះពាល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ តើនាងនឹងត្រូវរស់ជាមួយនឹងស្លាកស្នាមនៃការឈឺចាប់នេះ ដល់ពេលណា? ទង្វើដ៏សាហាវយង់ឃ្នង ពីសំណាក់ក្រុមទាហានថៃ ដែលបានប្រព្រឹត្តអំពីហិង្សា ធ្វើទារុណកម្មផ្លូវ ភេទ ចំពោះបងប្អូនស្ត្រីជនជាតិខ្មែរ នៅពេលពួកនាងធ្វើដំណើរវិលត្រឡប់ចូលមកមាតុប្រទេសវិញ ជាអំពើដ៏ព្រៃផ្សៃ ដែលយើងជាប្រជាជនកម្ពុជា ពិតជាមិនអាចទទួលយកបានជាដាច់ខាត។ ក្នុងនាមជាមនុស្សស្រីដូចគ្នា នាងខ្ញុំ រួមទាំងបងប្អូនខ្មែរ ទាំងអស់ ពិតជាមានការឈឺចាប់ខ្លាំងណាស់ និងសូមថ្កោលទោសចំពោះទង្វើដ៏ព្រៃ ផ្សៃរបស់ទាហានថៃ បានធ្វើមកលើស្ត្រីជនជាតិកម្ពុជា របស់យើង។ នេះជាការប្រមាថដែលមិនចំពោះតែចំពោះស្ត្រីកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែវាសបញ្ជាក់យ៉ាងច្បាស់ថា ក្រុមទាហានថៃ បានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិរបស់ស្រ្តីទូទាំងពិភពលោក»។

ក្រៅពី មាន សូនីតា ក៏មានតារាជាច្រើនទៀត បានថ្កោលទោសទាហានសៀម ជាបន្ដបន្ទាប់ ចំពោះទង្វើសា ហាវឃៅឃៅរបស់ពួកគេ មកលើស្រ្ដីខ្មែរដ៏អភ័ព្វ ខណៈដែលសមត្ថកិច្ចកម្ពុជា កំពុងប្រមូលភ័ស្ដុតាងរឹងមាំ ប្ដឹងទាហានឈុតខ្មៅសៀម ដែលរំលោភស្រី្ដខ្មែរ អំឡុងនាងធ្វើដំណើរត្រឡប់មកស្រុកវិញ កាលពីយប់ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២៥ ខណៈលោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជា នឹងប្ដឹងទៅស្នងការការដ្ឋាននគរបាលជាតិថៃ ស្ថានទូតថៃ និងអង្គការអន្ដរជាតិ ដើម្បីឲ្យថៃ អូសកទាហានសៀម  ដែលប្រព្រឹត្តអំពើរអមនុស្សធម៌ មកទទួលទោសតាមច្បាប់ ។

 គួរបញ្ជាក់ថា មាន សូនីតា ទើបទទួលបានតំណែងជាគណៈកម្មការ (Judge) កម្មវិធី The Amazing Star នៅហង្សមាស ដែលនាងចេញមុខថ្ងៃដំបូង កាលពីរាត្រីថ្ងៃទី១៦ វិច្ឆិកា តែយ៉ាងណា មិនមែនសូនីតា ម្នាក់ទេ ដែលថៅកែហង្សមាស ឲ្យតំណែងនេះ ព្រោះ ប្រាសាទ ដាវីន និងកញ្ញា ភឹម ស្រីណូ ក៏អង្គុយកៅអីមួយនេះដូចគ្នា។ សូនីតា បានតំណែងគណៈកម្មការ The Amazing Star តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៥ តែទើបចេញរូបរាងពិតប្រាកដ នាពេលនេះ ស្របពេលដែលនាងតែងខ្លួនកាន់តែប្លែក ខណៈកាលពីឆ្នាំ២០០៩ នាងគ្រាន់តែជាបេក្ខភាពម្នាក់ក្នុងកម្មវិធី Freshie តែរំលង១៦ឆ្នាំ នាងឡើងជាគណៈកម្មការកាត់ក្ដីបេក្ខភាពបង្ហាញម៉ូដវិញម្ដង  ទើបត្រូវបេក្ខភាពថ្មីៗគោរពនាងដូចគ្រូ ។ តារាវ័យ៣៥ឆ្នាំ រូបនេះ ត្រូវបានចាត់ទុកថា នាងជោគជ័យក្នុងអាជីពសម្ដែង និងមានជីវភាពធូរធារម្នាក់ផងដែរ ក្នុងចំណោមតារាជំនាន់នាង ។ ប៉ុន្ដែសូនីតា បរាជ័យអាជីពជាពិធីការិនី ព្រោះតែអ្នកដឹកនាំសិល្បៈ សាញរឿងថានាងមានសំឡេងតូច និងស្រាលពេក និយាយពេលខ្លះច្រឡំកូនក្មេង ទើបពិបាកយកជាផ្លូវការ។ សូនីតា មិនខឹងគេបង្អាប់នោះទេ ហើយកាលពីខែកក្កដា ឆ្នាំ២០២៥ នាងប្រឹងជម្នះអ្នកបង្អាប់ថា សំឡេងនាង ប្រើការមិនកើតនោះ តាមរយៈការចេញច្រៀងនៅឆាកមួយ ដោយមានទាំងក្រុមរាំអម ដល់ទៅ៦នាក់ ទៀតផង បើទោះជាសារភាពថា ចេញបើកឆាកថ្ងៃដំបូង ឡើងញ័រជើងក្ដី ប៉ុន្ដែនាងប្ដេជ្ញាថា មិនចុះចាញ់ជាដាច់ខាត ។ ប៉ុន្តែជាង ៣ខែ មកនេះ គេមិនឃើញសូនីតា ចេញឬឡើងឆាកថ្មីៗច្រៀងទៀតទេ តែបែរជាឥឡូវលេចមុខធ្វើជា Judge ឲ្យហង្សមាស ទៅវិញ ។

ប្រភពថា សូនីតា ចង់លេងសិល្បៈ ឲ្យបានគ្រប់ទម្រង់ទាំងអស់ ព្រោះនាងដឹងថា វ័យនេះ មិនអាចគ្រាន់តែស្រ លាញ់ហើយ មិនហ៊ានធ្វើ ប្រាកដជាយឺតពេល អ៊ីចឹងត្រូវតែជម្នះពាក្យគេរិះគន់ទាំងឡាយ ហើយមកបំពេញក្ដីស្រមៃឲ្យខ្លួនឯងវិញ ។

 ចំពោះការប្រកាសប្ដឹងទាហានឈុតខ្មៅរបស់សៀម ពេលនេះ របស់មាន សូនីតា មានFan ជាច្រើន បានគាំទ្រនាង ហើយពួកគេចង់ឲ្យតារាផ្សេងៗទៀត បញ្ចេញសកម្មភាពដូចនាងដែរ ដើម្បីឲ្យពិភពលោក បានស្គាល់ចរិតទាហានសៀម កាន់តែច្បាស់ថា តិរច្ឆាន ឃោរឃៅ អមនុស្សធម៌ និងអសីលធម៌បែបណា?… ៕

RELATED ARTICLES