ខេត្តកំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីជំនាញផែនការងារព្រហ្មទណ្ឌខេត្ដ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរ បាលស្រុកបសេដ្ឋ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ សន្ដិសុខ និងប៉ុស្ដិ៍នគរបាលរដ្ឋបាល ចេញប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបករណីចោរកម្ម លួចម៉ូតូកាលពីវេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺ ថ្ងៃសៅរ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៦២-៦៣ ស្ថិតក្នុងភូមិគ្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លទ្ធផលជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សំរឹទ្ធ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ដែលបានលួចម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៤ ស្លាកលេខតាកែវ 1K- 8148 របស់ជនរងគ្រោះ ឈ្មោះ អ៊ូច ចិន្តា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ។
មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួន មកចតក្បែរម៉ូតូរបស់ជនរងគ្រោះ រួចបន្លំអង្គុយលើម៉ូតូជន រងគ្រោះ ធ្វើសកម្មភាពយកវត្ថុកាច់សោម៉ូតូជនរងគ្រោះ រួចជិះទៅបាត់តែម្តង ដោយបន្សល់ទុកម៉ូតូរបស់ខ្លួន នៅទីនោះ ។

ភ្លាមៗនោះ ជនរងគ្រោះឈ្មោះ អ៊ូច ចិន្តា បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច សុំអន្តរាគមន៍។ ក្រោយពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ច បានសហការស្រាវជ្រាវ រកឃើញម៉ូតូ ១គ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១៥ ស្លាកលេខភ្នំពេញ 1CT 8393 របស់ជនសង្ស័យ បន្សល់ទុកក្បែរកន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ម៉ូតូជនរងគ្រោះ មួយគ្រឿង ម៉ាក់ហុង C125 ពណ៌ខ្មៅ ស្លាកលេខ តាកែវ 1K 8184 ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបន្ដធ្វើការស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបក្ខពួកចោរប្លន់ម៉ូតូហុងដា SCOOPY ជនជាតិចិន កាលពីថៃ្ងទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១២និង៣០នាទី រំលងអធ្រាត្រ ដែលមានជនរងគ្រោះឈ្មោះ ឆោ ជិនឆៃ ជនជាតិចិន ឃាត់ខ្លួន ៣នាក់ទៀត ៖ ១-នឿន គឹមហ៊ួរ ភេទប្រុស អា យុ២៥ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវ។ ២-ឈ្មោះ ភិន សម្រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិរមន្ត ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ ៣-ឈ្មោះ ទូច ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិរមន្ត ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋានស្រុកបសេដ្ឋ ដើម្បីបន្តនីតិវិធី។ ចំពោះម៉ូតូរបស់ជនរងគ្រោះ ម៉ាហុងដា ឌ្រីម C125 សមត្ថកិច្ចបានធ្វើការប្រគល់ជូនម្ចាស់ដើម យកទៅប្រើប្រាស់វិញ។ រីឯម៉ូតូ ហុងដា SCOOPY សមត្ថកិច្ចបន្ដស្រាវជ្រាវរក៕