Tuesday, November 25, 2025
Homeទេសចរណ៍តួប៉មលេខ១៣ ប្រាសាទឥដ្ឋភ្នំបាខែង បញ្ចប់ការជួសជុល

តួប៉មលេខ១៣ ប្រាសាទឥដ្ឋភ្នំបាខែង បញ្ចប់ការជួសជុល

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា បានប្រកាសឱ្យដឹងកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ថាក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល ៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋ លេខ១៣ ឬ G13 នៅលើភ្នំបាខែង ឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១ នៅខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទ ឥដ្ឋលេខ១៣ ដំណាក់កាលទី១ បានចាប់ផ្តើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ ការជួសជុលដំណាក់កាលទី១ នេះ ក្រុមការងារបាន ជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូត ដល់ផ្តែរខាងលើ សរុបកម្ពស់ប្រវែង៥ម៉ែត្រ ដែលរងការពុកផុយ ខូចខាតដោយសារកត្តាអាយុកាល សម្ភារសំ ណង់ពុកផុយ ដោយសារធម្មជាតិ និងកង្វះការថែទាំយូរអង្វែង។

អ្នកស្រី ឈុន រតនា បញ្ជាក់ទៀតថា ការងារជួសជុលនេះ គឺក្រុមការងារបានរកឃើញថ្មភក់របស់ខឿនតួប៉ម លេខ១៣ ទិសខាងលិច ចំនួនប្រមាណជិត១០០ដុំ ហើយបានយកទៅរៀបនៅតាមទីតាំងដើម ធ្វើឱ្យខឿននេះ មានភាពរឹង ដើម្បីទប់លំនឹងប្រាសាទនេះឡើងវិញ ដែលអាចរក្សាបាននូវទម្រង់ដើមនៃរចនាសម្ព័ន្ធនៃខឿននេះបានមួយផ្នែក ដោយមុនជួសជុលនៅសេសសល់ស្លាកស្នាមមានថ្មខឿន ចំនួន១១ដុំតែប៉ុណ្ណោះ។

ក្រោយពីជួសជុលរួចរាល់ អ្នកជំនាញសង្កេតឃើញថា តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣ នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានប្រែក្លាយទៅជាមានស្ថានភាពរឹងមាំជាថ្មីឡើងវិញ ដែលធ្វើឱ្យតួប៉មឥដ្ឋនេះ អាចឈរបង្អួតភ្នែកភ្ញៀវទេសចរ ដោយពុំបាច់ប្រើចន្ទល់ទ្រដូច កាលពីមុនទៀតឡើយ។

ចំពោះការជួសជុលប្រាសាទឥដ្ឋ នៅលើខ្នងភ្នំបាខែង ដំណាក់កាលទី២ គ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ បន្តចាប់ពីផ្តែរ រហូតដល់កំពូលនៃប្រាសាទ ហើយតួប៉មប្រាសាទទាំងមូល នឹងរឹងមាំជាបន្តបន្ទាប់៕

RELATED ARTICLES