Thursday, November 27, 2025
Homeតារាខ្មែរពេជ្រ សេរីរ័ត្ន ជប់លៀងខួបកំណើត៤១ឆ្នាំ

ពេជ្រ សេរីរ័ត្ន ជប់លៀងខួបកំណើត៤១ឆ្នាំ

ភ្នំពេញ ៖ អតីតពិធីការិនី ពេជ្រ សេរីរ័ត្ន បានធ្វើពិធីជប់លៀងធំ ខួបកំណើតរបស់ខ្លួនគម្រប់៤១ឆ្នាំ នៅហាង Stone Grill កាលពីរាត្រីថ្ងៃទី២៥ វិច្ឆិកា និងហៅភ្ញៀវអ្នកជិតដិតប៉ុណ្ណោះចូលរួម ដូចជា លោកសាវិន ហ្វីលីព, នាយព្រែក, អ្នកនាងសារ៉ាយ សក្ខណា និងអ្នកលក់ឡេមួយចំនួន ។ ដូចឆ្នាំមុនដែរ ខួបកំណើតរបស់តារាកូនពីរ រូបនេះ ភ្ញៀវដែលចូលរួមទាំងអស់តម្រូវឲ្យស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ព្រោះជាពណ៌ដែលម្ចាស់កម្មវិធីចូលចិត្ត ។ ប៉ុន្ដែនាយព្រែក ឆ្ងល់និងសួរទៅសេរីរ័ត្ន ថាម៉េចបានខួបឆ្នាំមុន (២០២៤) ថាគម្រប់៤២ឆ្នាំ ហើយឥឡូវបែរជាធ្វើខួបគម្រប់៤១ឆ្នាំអីចឹង? ធ្វើខួបបន្ថយអាយុមែន? សេរីរ័ត្ន បានត្រឹមសើចសប្បាយ ដៃកាន់កែវស្រា និងប្រាប់ទៅនាយព្រែក និងលោកសាវិន ហ្វីលីព ថានាងធ្វើខួបបែបនេះ លើកទី២ ហើយ ប៉ុន្ដែមិនប្រាប់អាយុពិតទេ ។

នៅថ្ងៃខួបកំណើតរបស់ខ្លួន ពេជ្រ សេរីរ័ត្ន ប៉ងប្រាថ្នាថា សូមឲ្យនាងជួបតែរឿងល្អៗ មានថាមពលល្អ សម្រាប់ខ្លួនឯង និងបំភ្លឺអ្នកដទៃ ដោយសេចក្ដីល្អ ក្ដីស្រលាញ់ និងសេចក្ដីប្រឹងប្រែង ក្លាយជាការពិតគ្រប់យ៉ាង ដូចការគ្រោងទុក។ សេរីរ័ត្ន ក៏បួងសួងសូមឲ្យថ្ងៃខួបកំណើតរបស់នាង នាំមកនូវសុខភាពល្អ លុយកាក់ហូរចូល និងសុភមង្គលដ៏ធំបំផុត ។

ចំណែកភ្ញៀវពិសេសរបស់ពេជ្រ សេរីរ័ត្ន គឺលោកអេឡិច ចាន់ត្រា ដែលធ្លាប់ថើបនាងនៅថ្ងៃខួបគម្រប់ ៤១ឆ្នាំ កាលពីមុននោះ មិនបានមកកៀកកើយនាងដោយផ្ទាល់ទេ ឆ្នាំនេះ តែលោកបានផ្ញើសារជូនពរសេរីរ័ត្ន ដោយហៅថា ម៉ាដាម ឲ្យនាងមានសម្រស់កាន់តែស្អាត កាន់តែមានប្រជាប្រិយ  កាន់តែមានការគាំទ្រខ្លាំងពីមហាជន កាន់តែមានការងារច្រើនឡើងៗ ជោគជ័យគ្រប់ភារកិច្ច ជាពិសេស ជួបគូជីវិតដ៏ពិសេសក្នុងពេលឆាប់ៗ ។

គួរបញ្ជាក់ថា ពេជ្រ សេរីរ័ត្ន មុនជះលុយធ្វើពិធីជប់លៀងខួបកំណើតទ្រង់ទ្រាយធំនេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ពោលគឺមុន ១សប្ដាហ៍ នាងទើបតែបានធ្វើខួបកំណើតឲ្យកូនប្រុសទី១ ផងដែរ ដោយសារថ្ងៃនោះ សេរីរ័ត្ន ក្រៅពីជូនពរឲ្យកូនមានសុខភាពល្អ និងរៀនពូកែ នាងថែមទាំងប្រាប់ទៅកូនច្បងថា ពេលធំឡើង ឲ្យការពារម្តាយ ព្រោះនាងធុញគេញ៉ែណាស់ ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ពិធីខួបកំណើតរបស់ពេជ្រ សេរីរ័ត្ន ឆ្នាំនេះ គឺនាងនៅតែបន្ដលាក់បាំងមុខឪពុកកូនប្រុសស្រីដដែល ហេតុនេះហើយ ចំណងស្នេហាថ្មីរបស់នាង រយៈពេល ១៤ឆ្នាំ ក្រោយចែកផ្លូវលោក គង់ វិសាល កាលពីឆ្នាំ២០១១ នោះ បច្ចុប្បន្នគេនៅតែមិនដឹងថា ស្វាមីថ្មីរបស់នាង ជាប្រុសម្នាក់ណាឡើយ ។ ប៉ុន្ដែក្រោយសេរីរ័ត្ន សម្រាលកូនទី១នោះ មានគេបង្ហើបថា ប្ដីថ្មីរបស់សេរីរ័ត្ន ឈ្មោះ «សុខា» ជាអ្នករកស៊ីនាំចូលឧបករណ៍ថាមពលព្រះអាទិត្យ សូឡា ពីបរទេស មកលក់នៅខ្មែរ ដែលប្រុសនោះ មានប្រពន្ធដើម នៅអូស្រា្ដលី ។ ប៉ុន្ដែដំណឹងនេះ ត្រូវបានសេរីរ័ត្ន ច្រានចោល ដោយប្រាប់ថា ឈ្មោះ «សុខា» នោះជាក្មួយរបស់នាងទៅវិញ ។          

មជ្ឈដ្ឋានមហាជន មើលឃើញថា ពេជ្រ សេរីរ័ត្ន ក្នុងវ័យ៤១ឆ្នាំនេះ នាងនៅតែមានសម្រស់ក្មេងជាងវ័យ ពូកែវោហារសាស្ដ្រក្នុងការដោះស្រាយអ្នកមានវិបត្តិស្នេហា កាន់តែប៉ិនប្រសប់ បើទោះជាដោះស្រាយរឿងស្នេហា ខ្លួនឯងមិនចេញ និងទុកឲ្យទស្សនិកជនបន្ដឆ្ងល់មិនដឹងថា ប្រុសណាជាស្វាមីនាងក៏ដោយ ។ ចំណែកអាជីពពិធីការិនី (MC) របស់សេរីរ័ត្ន នៅរយៈពេលចុងក្រោយនេះ គេឃើញនាងនៅតែចេញមុខតាមបណ្ដារកម្មវិធីរបស់ក្រុមហ៊ុន Agency ទាំងឡាយ ពិសេសគឺការរៀបចំរបស់លោកអេឡិច ចាន់ត្រា ។ ប្រភពថា សេរីរ័ត្ន និងលោកអេឡិច ចាន់ត្រា ពេលជួបគ្នាចៃដន្យ ពួកគេមិនដែលនិយាយរកគ្នា សូម្បីតែមួយម៉ាត់ ព្រោះពេលនេះអ្នកទាំងពីរ មានគូស្នេហ៍ថ្មីរៀងៗខ្លួនទៅហើយ ៕

RELATED ARTICLES