Tuesday, December 2, 2025
Homeតារាខ្មែររ៉េត សារីតា រៀបការនៅសៀមរាប ៣ថ្ងៃ

រ៉េត សារីតា រៀបការនៅសៀមរាប ៣ថ្ងៃ

ខេត្តសៀមរាប ៖ រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ នឹងដឹកដៃម្ចាស់ស្នេហា ជនជាតិអាមេរិក លោក ថូម៉ាស ហ្គីមេនេស (Tomas Gimenez) រៀបការនៅខេត្តសៀមរាប រយៈពេលដល់ទៅ ៣ថ្ងៃ គឺថ្ងៃទី១៨, ១៩ និង២០ ខែធ្នូ ឆ្នាំ២០២៥ ដែលពិធីនេះ មានការបែងចែងខុសៗគ្នា ទៅតាមលំដាប់លំដោយ ។ ចំពោះការ ជ្រើសរើសយកពិធីមង្គលការ លើទឹកដីខេត្តសៀមរាប នោះមិនមែនសារីតា មានស្រុកកំណើតនៅទីនោះទេ តាមពិត នាងមានស្រុកកំណើតនៅខេត្តតាកែវ ប៉ុន្ដែនាងចង់ផ្សារភ្ជាប់មង្គលការរបស់ខ្លួន លើទឹកដីខេត្តសៀម រាប ដើម្បីឲ្យភ្ញៀវចូលរួមមង្គលការរបស់នាង បានស្វែងយល់ ឬដឹងកាន់តែច្បាស់ ពីតំបន់វប្បធម៌ខ្មែរ មួយចំនួននៅខេត្តនេះ ពិសេស គឺភ្ញៀវបរទេស ដែលនឹងមកពីអាមេរិក ខាងស្វាមីនាងអញ្ជើញ។

 លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia International Models (CIM) ដែលជាអ្នកគ្រប់គ្រងការងារសិល្បៈរបស់សារីតា និងចាត់ទុកនាងដូចជាប្អូនស្រីបង្កើតរបស់លោក បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» កាលពីរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ថាមង្គលការ ចំនួន៣ថ្ងៃ របស់សារីតា មានធ្វើពិធីខុសៗគ្នា គឺនៅថ្ងៃទី១៨ ខែធ្នូ (ថ្ងៃទី១) រៀបចំទទួលភ្ញៀវ, ថ្ងៃទី១៩ (ថ្ងៃទី២) រៀបការតាមប្រពៃណីខ្មែរ និងថ្ងៃទី២០ ខែធ្នូ (ថ្ងៃទី៣) រៀបការតាមបែបអឺរ៉ុប ។ លោកថា នៅថ្ងៃទី១៩ ខែធ្នូ ក្រោយរៀបការតាមប្រពៃណីខ្មែររួច សារីតា នឹងនាំភ្ញៀវទាំងអស់ ទៅទស្សនាសារមន្ទី និងភូមិវប្បធម៌ មួយចំនួន នៅខេត្តសៀមរាប ដើម្បីឲ្យភ្ញៀវទាំងជាតិនិងអន្ដរជាតិ បានស្វែងយល់ពីប្រពៃណីនិងវប្បធម៌ខ្មែរ ។ ចំណែកក្រោយរៀបការចប់ តាមបែបអឺរ៉ុប នៅថ្ងៃទី២០ ខែធ្នូ សារីតា ក៏មានការជប់លៀងនៅតំបន់ទេសចរណ៍ Pub Street ផងដែរ ដើម្បីឲ្យភ្ញៀវខាងស្វាមីនាង បានស្គាល់តំបន់ទេសចរណ៍របស់ខ្មែរ។

 គួររំលឹកថា រ៉េត សារីតា អាយុ៣១ឆ្នាំ បានភ្ជាប់ពាក្យកាលពីឆ្នាំ២០២០ ជាមួយលោក Tomas Gimenez ជនជាតិអាមេរិក រស់នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេស្រលាញ់គ្នា ជាង១០ឆ្នាំ ។ ស្វាមីរបស់សារីតា លោក Tomas Gimenez មានជំនាញខាងគ្រប់គ្រងសណ្នាគារ ហើយលោកធ្លាប់ធ្វើការនៅកម្ពុជា និងបានផ្លាស់ទៅធ្វើការនៅចិន ប៉ុន្មានឆ្នាំចុងក្រោយនេះ ។ តាមព័តមានថា ភ្ញៀវអ្នកសិល្បៈដែលសារីតា ហៅញ៉ាំការនាង នៅខេត្តសៀមរាប គឺមានតែអ្នកដែលជិតដិតនាងបំផុតប៉ុណ្ណោះ ។

 លោក ម៉ែន និមលរតន៍ បន្ថែមថា ភ្ញៀវទាំងអស់ដែលសារីតា អញ្ជើញក្នុងពិធីមង្គលការនាង មានចំនួនតែ ២៥០នាក់ ហើយពួកគាត់នឹងត្រូវរថយន្ដទេសចរណ៍ មកទទួលនៅភ្នំពេញ ទៅសៀមរាប នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ លោកថា ជាការពិត សារីតា ហៅភ្ញៀវតែអ្នកជិតដិតបំផុតប៉ុណ្ណោះ  ប៉ុន្ដែភ្ញៀវខាងស្វាមីនាង មកពីអាមេរិក មានចំនួនច្រើន។

 ថ្វីត្បិតនៅសល់តែជាង ២សប្ដាហ៍ទៀត រ៉េត សារីតា នឹងចូលរោងជ័យ ប៉ុន្ដែលោកម៉ែន និមលរតន៍ ថា នៅថ្ងៃ ទី២ ខែធ្នូ ឆ្នាំ២០២៥ សារីតា មានភារកិច្ចត្រូវហោះទៅសាំងហ្គាពួរ ហើយទាល់តែដល់ថ្ងៃទី១៦ ខែធ្នូ ទើបនាងត្រូវត្រឡប់មកសៀមរាប ចូលរោងការតែម្ដង ។ លោកថា មង្គលការរបស់រ៉េត សារីតា ក៏មានបវរកញ្ញាមួយចំនួន ជាកូនចៅលោក ដែលពួកគេកំពុងតែរស់នៅក្រៅប្រទេស ខ្លះមានគ្រួសារស្រុកគេ និងរាប់អានគ្នាជាមួយសារីតា ក៏នឹងមកចូលពិធីមង្គលដែរ។

  គួរកត់សម្គាល់ថា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២០ នាងធ្លាប់ចូលរួមប្រកួតកម្មវិធីបវរកញ្ញាចក្រវាល លើកទី៦៩ ឆ្នាំ២០២០ (Miss Universe 2020) លើទឹកដីអាមេរិក កាលពីខែមេសា ឆ្នាំ២០២០ ផងដែរ ។ សារីតា បញ្ចប់ការសិក្សារចំណេះដឹងទូទៅ ពីសាលាLycée Francais René Descartes (LFRD) និងបញ្ចប់ការសិក្សារថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្ដនៅវិទ្យាស្ថានវ៉ាន់ដា រួមទាំងបញ្ចប់ការសិក្សារថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្ដរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដនិងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ ក្រៅពីភាសាខ្មែរ សារីតា ចេះភាសាថៃ អង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញ។

លោកម៉ែន និមលរតន៍ នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia International Models (CIM) និងកញ្ញារ៉េត សារីតា

មុនដល់កំណត់ថ្ងៃរៀបការ រ៉េត សារីតា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ក្រៅពីថតនៅអង្គវត្ត នាងនិងគូដណ្ដឹង បានថត Pre-Wedding ជាច្រើនប្រទេស។ ប៉ុន្ដែនាងមិនទាន់ច្បាស់ថា រៀបការួច នឹងចេញទៅរស់នៅអាមេរិក តាមស្វាមី ឬបន្ដនៅក្នុងស្រុកទេ ព្រោះគូស្នេហ៍នាង ធ្វើការផ្លាស់ប្ដូរពីប្រទេសមួយ ទៅប្រទេសមួយ ៕

RELATED ARTICLES