ភ្នំពេញ ៖ អតីតតារាចម្រៀង លោកទិត្យ វិច្ឆិកា និងជាគ្រូបង្វឹកកងកម្លាំងទ័ពពិសេស (ប៉ារ៉ាកម្មង់ដូ) ដែលមានកូនប្រុសម្នាក់ ជាវីរកងទ័ព កំពុងឈរជើងនៅសមរភូមិជួរមុខ បានផ្ញើសារផ្តាំទៅកូនប្រុសរបស់ខ្លួន ឱ្យតស៊ូប្រយុទ្ធ ដើម្បីកម្ចាត់ចោរសៀមឈ្លានពាន ឱ្យខាងតែបាន ដោយអតីតតារាចម្រៀងរូបនេះ បានផ្តាំទៅកូនប្រុសថា “អ្វីដែលកូនប្រុសត្រូវនឹក គឺជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនរបស់យើង ទូទាំងប្រទេស ឱ្យគាត់រស់នៅដោយសុខសាន្ត…”។

លោកទិត្យ វិច្ឆិកា កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះរូបថត ១សន្លឹក ជាមួយកូនប្រុសសំណព្វចិត្ត ស្ថិតក្នុងឯកសណ្ឋានយោធា (ត្រៀមលោតឆត្រយោង) ដែលពេលនេះកូនប្រុសកំពុងស្ថិតនៅក្នុងសមរភូមិមុខ ដោយភ្ជាប់ជាមួយសំណេរផ្តាំផ្ញើទៅកាន់កូនប្រុសថា “នឹកផ្ទះទេ? ឃ្លានទេ? ហត់ទេ? តើកូនចង់សប្បាយរីករាយឡើងវិញទេ? បើកូនប្រុសចង់រីករាយ និងសប្បាយឡើងវិញ គឺថ្ងៃដែលពួកអាពូជចោរសៀម វាលែងហ៊ានមកឈ្លានពានប្រទេសរបស់យើងទៀត…”។

លោកទិត្យ វិច្ឆិកា បានបន្តថា “ខណៈពេលនេះ នឹកផ្ទះ ឃ្លាន ហេវហត់ គឺកូនមិនអាចនិយាយចេញមកបាននោះទេ។ អ្វីដែលកូនប្រុស ត្រូវនឹក គឺជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនរបស់យើង ទូទាំងប្រទេស ឲ្យគាត់រស់នៅដោយសុខសាន្ត រឹងមាំ ដើម្បីជាតិមាតុភូមិ។ រួបរួមសាមគ្គីគ្នា បណ្តេញពួកអាចោរសៀមឈ្លានពាន ចេញពីទឹកដីរបស់យើង…”។


គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកទិត្យ វិច្ឆិកា ធ្លាប់បានបង្ហោះសារជូនពរកូនប្រុសរបស់ខ្លួន ដែលកំពុងឈរជើងនៅសមរភូមិមុខថា “ត្រូវតែរឹងមាំណាកូនប្រុស ដើម្បីជាតិយើង ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ នឹងជីដូនជីតា លោកប្រាកដជាតាមថែរក្សាកូន ឱ្យមានសេចក្តីសុខ ជាមិនខាន។ ប៉ាមានមោទនភាពចំពោះកូនខ្លាំងណាស់។ ដើម្បីជាតិ មាតុភូមិ ណាកូនប្រុស ជីដូនជីតា លោកតា លោកយាយ និងម្ចាស់ទឹកម្ចាស់ដី លោកប្រាកដជាតាមថែរក្សាកូនប្រុស ឱ្យសុខសប្បាយ និងផ្តល់ថាមពលខ្លាំងក្លាទៅឱ្យកូនជាមិនខាន ដើម្បីកម្ចាត់ពូជពួកអាចោរសៀម ឱ្យវានិរាសព្រាត់ប្រាសចេញពីដែនដីរបស់ខ្មែរយើង…។ ត្រូវតែរឹងមាំណាកូន ប៉ានៅក្បែរឯងជានិច្ច…”៕ ដារិទ្ធ

