ភ្នំពេញ ៖ គូស្នេហ៍ភេទដូចគ្នា មួយគូ (ប្រុសស្រឡាញ់ប្រុស) បានសម្រេចដឹកដៃគ្នាចូលរោងការ ក្រោយពីទទួលបានភ្លើងខៀវ (ការយល់ព្រម) ពីសំណាក់ឪពុកម្តាយ ចាស់ទុំទាំងសងខាង និងបានដឹកដៃគ្នាមកថតរូបមុនរៀបការ (Pre-Weeding) ដើម្បីសម្រេចក្តីបំណងខាងកូនក្រមុំ ដោយតែងខ្លួនជាមនុស្សស្រី ពាក់សក់ ស្លៀករ៉ូបកូនក្រមុំ យ៉ាងស្រស់ស្អាត។

តាមប្រភពសម្អាងការពិសិដ្ឋរចនា (Piseth rachana wedding planner) ដែលទទួលសម្អាងការឱ្យគូស្វាមីភរិយាភេទដូចគ្នាខាងលើ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះរូបថត និងវីដេអូ បង្ហាញពីការគ្រងឈុតអាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា (ប្រុសស្រឡាញ់ប្រុស) ទាំងក្នុងឈុតជាកូនកំលោះទាំង២ និងឈុតដែលម្នាក់តែងខ្លួនជាកូនកំលោះ ម្នាក់តែងខ្លួនជាកូនក្រមុំ យ៉ាងស្រស់ស្អាតមើលសឹងមិនដឹងថាជាគូស្នេហ៍ភេទដូចគ្នា។
ម្ចាស់សម្អាងការខាងលើ បានសរសេររៀបរាប់ថា “ពេលដែលគេស្រលាញ់យើងពិត ទោះបីយើងក្លាយជាអី ក៏គេនៅតែស្រលាញ់។ ថ្ងៃនេះបំពេញបំណងកូនកំលោះ ចង់ឃើញប្រពន្ធ តែងកាយជាស្រី។ ជូនពរប្អូនទាំង២ ស្រលាញ់គ្នាដល់ចាស់កោងខ្នង! អរគុណអូនទាំងពីរដែលពេញចិត្តសម្អាងបងតុបតែងជូន…”។
ម្ចាស់សម្អាងការខាងលើ បានបន្ថែមថា “រំភើបជំនួសពួកគាត់ ស្នេហា BL ពួកគាត់នៅក្រៅស្រលាញ់គ្នាខ្លាំងណាស់ ស្នេហាពួកគាត់ គឺមានប៉ាម៉ាក់ បងប្អូន គាំទ្រនិងទទួលស្គាល់ ស្តាប់ហើយរំភើប បងស្រីជូនប្អូនមករកសម្អាង…”។

តាមសម្តីសាមីខ្លួនតួអង្គកូនក្រមុំ បានបញ្ជាក់ថា «មូលហេតុដែលខ្ញុំស្រលាញ់គាត់ជាគូស្នេហ៍ភេទដូចគ្នា រហូត សម្រេចចិត្តដឹកដៃគ្នាចូលរោងការបែបនេះ គឺដោយសារតែកូនកំលោះ គឺជាមនុស្សល្អ មានចរិតល្អ អត់ចេះរញ៉េ រញ៉ៃច្រើន និងចេះស្រលាញ់ ព្រមទាំងយល់ពីខ្ញុំច្រើន ហើយពួកយើងនឹងរៀបការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ខាងមុខ…”។
ដោយឡែក បងស្រីរបស់តួអង្គស្រី ដែលជូនប្អូនមកថត Pre-Weeding បានអះអាងថា មង្គលការមួយនេះ គឺក្រុមគ្រួសារ ឪពុកម្តាយរបស់គាត់ ក៏យល់ព្រមនិងពេញចិត្តទៅលើកូនកំលោះដែរ។

បងស្រីតួអង្គកូនក្រមុំ បានរៀបរាប់ថា “មង្គលការមួយនេះ គឺក្រុមគ្រួសារខ្ញុំពេញចិត្ត ហើយតាមពិត កាលពីក្មេង ប្អូនប្រុសខ្ញុំ (កូនក្រមុំ) ជាមនុស្សដែលមានចរិតម្ញ៉ិកម្ញ៉ក់ ចេះតែលួចពាក់ស្បែងជើងកែងរបស់ខ្ញុំរហូត និងមានមិត្តភក្តិ ជាភេទទី៣ ទៀតផង រហូតដល់ខ្ញុំជាបង ធ្លាប់និយាយគំរាមប្អូនថា “អ្ហែងធំឡើង តែធ្វើជាភេទទី៣ អញដេញអ្ហែងចេញពីផ្ទះហ្មង!…” តែក្រោយមក ដោយឃើញអត្តចរិតរបស់ប្អូនពីធម្មជាតិ ហាមឃាត់ កែប្រែក៏មិនបាន ទើបលែងប្រកាន់ខឹង និងយល់ព្រមឱ្យរៀបការជាមួយភេទដូចគ្នា បំពេញបំណងពួកគេតែម្តង ដោយខាងប្រុស បានតេមកខ្ញុំសួរត្រង់ៗថា “ខ្ញុំសុំស្រលាញ់ប្អូនបង បានអត់?” យ៉ាងណា ដោយយល់ថា គេជាមនុស្សល្អ និងចេះស្រលាញ់គ្នា ទើបចាស់ទុំ ឪពុកម្តាយទាំងសងខាង បានយល់ព្រមបំពេញបំណងពួកគេ ដោយរៀបការឱ្យពួកគេតែម្តង…”៕ ដារិទ្ធ