ខេត្តសៀមរាប ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា ជាច្រើនរូប បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជា នៅទីសក្ការៈ លោកតារាជ លោកតាពេជ្រ នៃប្រាសាទអង្គរវត្ត លោកតាមេទ័ព លោកតាដំបងដែក ព្រះអង្គគោកធ្លក និងវត្ថុស័ក្តិសិទ្ធិក្នុងរមណីយដ្ឋានអង្គរ បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន រក្សាឃុំគ្រងប្រទេសកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ជាពិសេសជួយការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពីសត្រូវឈ្លានពាន។


ក្នុងពិធីបួងសួងនេះ ក៏មានការបូជានូវផ្កាភ្ញី ផ្លែឈើ ភេសជ្ជៈ និងភ្លេងបុរាណខ្មែរ ថ្វាយដល់ទសបារមី ជួយបីបាច់រក្សាឃុំគ្រងប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព និងប្រោសប្រទានពរជ័យ ដល់វីរកងទ័ព និងពលរដ្ឋទាំងអស់ ទទួលបាននូវសេចក្តីសុខ ឃ្លាតចាកផុតពីគ្រោះកាច ទាំងឡាយ និងទទួលជ័យជម្នះគ្រប់សមរភូមិប្រយុទ្ធការពាទឹកដី។

នាថ្ងៃដដែលនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោករដ្ឋមន្ត្រី ឈាង រ៉ា ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់វីរកងទ័ពដែលរងរបួស និងប្រជាជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន២កន្លែង ក្នុងខេត្តសៀមរាប ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងក្រៃលែង ដល់វីរកងទ័ពទាំងអស់ ដែលបានបំពេញបេសកកម្មយ៉ាងសំខាន់ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាសមរភូមិជួរក្រោយ ផ្តល់ការមើលថែយ៉ាងយកចិត្តទុកដាក់ ជូនដល់វីរកងទ័ព៕
