ភ្នំពេញ ៖ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហុន ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោ សព្រះរាជទានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក ដឹកនាំវីរកងទ័ព ទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រ ទេសវិញ ប្រកបដោយសុខសុវត្ថិភាព ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃ អស់រយៈពេល ១៥៥ថ្ងៃ ចូល ក្រាបថ្វាយបង្គំគាល់នៅព្រះបរមរាជវាំង នាព្រឹក ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ចាន់ សំដារិន្ទ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាងនិងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមនេះផងដែរ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ មានសេចក្តីសោមនស្សរីករាយ បានទទួលជួបសំណេះ សំណាលជាមួយវីរយុទ្ធជន ១៨រូប នៃប្រជាជាតិកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល នៃប្រទេសថៃ ដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយពីជាប់ឃុំឃាំងនៅប្រទេសថៃ អស់រយៈពេល ១៥៥ថ្ងស កន្លងមកនេះ។

នៅក្នុងឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យកោតសរសើរចំពោះសេចក្តីក្លាហានរបស់វីរកងទ័ពកម្ពុជា ទាំងអស់ ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទៅតាមតួនាទីដ៏ថ្លៃថ្លាបំផុត បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា តាមតួនាទីជាកងទ័ពអង់អាចក្លាហាន នៃព្រះរាជា ណាចក្រកម្ពុជា។

ក្នុងឱកាសដ៏សោមនស្សរីករាយនោះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររា ជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយ ដល់វីរកងទ័ព ទាំង១៨រូប ដោយក្នុងម្នាក់ៗ ទទួលបាន ឃីត ចំនួន ១កញ្ចប់ ក្នុងនោះមាន មុង១ ភួយ១ ក្រមា១ សារុង១ និងអាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោ ត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថវិកាចំនួន ២០ ០០០ ០០០រៀល (ម្ភៃលានរៀល)។

បន្ថែមពីនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ដល់វីរកងទ័ព ចំនួន១នាក់ ដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ នាពេលខាងមុខ ទទួលបានថវិកាបន្ថែម ចំនួន ២០ ០០០ ០០០ រៀល (ម្ភៃលានរៀល) និងវីរកងទ័ព ចំនួន ២រូប ដែលភរិយាពពោះ នឹងត្រូវសម្រាលបុត្រ ក្នុងពេលខាងមុខ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាបន្ថែម ចំនួន ៥ ០០០ ០០០រៀល (ប្រាំលានរៀល) ផងដែរ៕ ខៀវទុំ

