ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា អ្វីដែលកម្ពុជា ត្រូវតែប្រញាប់ធ្វើនៅពេលនេះ ទាក់ទងនឹងសំណុំរឿងព្រំដែន គឺត្រូវប្ដឹងថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។

លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា លោកយល់ស្របថា កម្ពុជា ត្រូវដោះស្រាយរឿងព្រំដែនជាមួយថៃ តាមរយៈយន្តការមរតកអាណា និគមបារាំង (តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ឆ្នាំ១៩០៧ រួមទាំងផែនទី ១/២០០ ០០០ របស់បារាំង) មិនមែនតាមយន្តការរបស់ភាគីឈ្លានពានទេ។ កម្ពុជា ត្រូវទាមទារយុត្តិធម៌ជូនជាតិខ្មែរ ក្នុងពេលដ៏ខ្លីខាងមុខ ។ ជាមួយគ្នានេះ លោកសូមបញ្ជាក់ជូនម្តងទៀតថា កម្ពុជា ត្រូវទាមទារការដោះស្រាយរឿងព្រំដែន ជាមួយថៃ ដោយផ្អែកលើជំហរម៉ឺងម៉ាត់ ដែលថា «គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ហើយភាគីកម្ពុជា គឺគោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរ បានឯកភាពគ្នា នាពេលកន្លងមក» ។
លោក ម៉ែន ណាត បានផ្ដល់យោបល់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គួរតែប្រញាប់ប្តឹងប្រទេសថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅពេលឆាប់ៗខាងមុខ នូវសំណុំរឿងព្រំដែនគោក និងសំណុំរឿងកោះគុត។ ហើយក៏ត្រូវប្តឹងថៃ ទៅតុលាការ ICJ ផងដែរ នូវសំណុំរឿងការខូចខាតប្រាសាទបុរាណខ្មែរ និងប្តឹងទៅតុលា ការអន្តរជាតិ ICC នូវសំណុំរឿងការបង្កឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។
បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោក ម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ថា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) មានពីររឿង គឺរឿងទី១ រឿងព្រំដែន និងរឿងទី២ រឿងឲ្យថៃ ត្រូវសងការខូចខាតនៃការបំផ្លាញលើទ្រព្យសម្បត្តិជាតិខ្មែរ ។ រីឯប្ដឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) មានពីរបទឧក្រិដ្ឋ គឺប្ដឹងថៃ ពីការបង្កសង្រ្គាមឈ្លានពានមកលើកម្ពុជា និងប្ដឹងអំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិល បង្ខំឲ្យមនុស្សជិត ១លាននាក់ ភៀសខ្លួនចាកចេញពីលំនៅឋាន ។ ដូច្នេះនេះជាយន្តការប្ដឹង បើមិនប្ដឹង ដោះស្រាយមិនចេញទេ ព្រោះបើពឹងលើយន្តការការទូត គ្រាន់តែជាយន្តការសម្របសម្រួល មិនអាចទាមទារឲ្យថៃ ផ្ដល់យុត្តិធម៌ឲ្យកម្ពុជា បានទេ ។

លោក ម៉ែន ណាត បានមានប្រសាសន៍ថា “កម្ពុជា ចាំបាច់ត្រូវប្ដឹងប្រទេសថៃ ទៅតុលាការ ICJ និង ICC ។ ករណីប្ដឹងទៅ ICJ គឺតុលាការយុត្តិធម៌អន្តរជាតិនេះ វាសំខាន់ ។ បើមិនប្ដឹងទៅតុលាការ ICJ ដើម្បីឲ្យដោះ ស្រាយទេ គឺថៃ ហ្នឹងមិនអាចដកខ្លួនចេញពីការត្រួតត្រាលើព្រំដែនកម្ពុជា ទេ ដែលអ្វីដែលថៃ កាន់កាប់រាល់ថ្ងៃ គឺខុសច្បាប់ទាំងស្រុង ច្បាប់អន្តរជាតិ គឺខុសទាំងស្រុង ហើយការដណ្ដើមឈ្លានពានគ្រប់គ្រងនេះ គឺមិនមែនជារឿងដែលត្រូវអនុវត្តច្បាប់ព្រៃអ៊ីចឹង មកទាមទារយុត្តិធម៌ចេញទេ អាហ្នឹងជាការអនុវត្តច្បាប់ព្រៃ ឈ្លានពាន ប្លន់ផ្ទះសម្បែងអ្នកស្រុក ប្លន់ទឹកដីកម្ពុជា គឺយកមកធ្វើជារបស់ខ្លួនឯង អត់បានទេ! អាហ្នឹងមិនបានទេ! ហើយរឿងនេះ ការចរចាទ្វេភាគី ខ្ញុំបញ្ជាក់ជូនថា ដោះស្រាយអត់ចេញទេ ថៃ អត់ស្ដាប់ទេ ។ បើដោះស្រាយចេញ គឺមាន តែបាញ់គ្នាទៀត ហើយស្ថានភាពអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ វាផុយស្រួយខ្លាំងណាស់ បច្ចុប្បន្ននេះ មិនទៀងទាត់ទេ មិនទាន់ទៀងទាត់នឹងននៅឡើយទេ តែចាំបាច់ត្រូវប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ វាមានពីររឿង ។ រឿងទី១ រឿងព្រំដែនហ្នឹង និងរឿងទី២ រឿងឲ្យថៃ ត្រូវសងខូចខាតការបំផ្លាញលើទ្រព្យសម្បត្តិ ប្រាសាទបុរាណខ្មែរ ជាដើម“ ។
លោក ម៉ែន ណាត បានមានប្រសាសន៍បន្តថា “ដោយឡែក កម្ពុជា ក៏ត្រូវប្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដែរ គឺ ICC ។ ប្ដឹង ICC វាមានពីរបទឧក្រិដ្ឋ គឺប្ដឹងថៃ ពីការបង្កសង្រ្គាមឈ្លានពានមកលើកម្ពុជា ហើយត្រូវប្ដឹងថៃ អំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ គឺពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិល មានក្មេង មានចាស់ ហើយបង្ខំឲ្យមនុស្សជិត ១លាននាក់ភៀសខ្លួនចាកចេញពីលំនៅឋាន ។ អាហ្នឹងករណី ICC មានពីរហ្នឹង គឺទី១ បញ្ហាបង្កសង្រ្គាម ទី២ គឺបង្កឧក្រិដ្ឋកម្មសង្រ្គាមហ្នឹង ។ អាហ្នឹងកម្ពុជា ត្រូវពិចារណាទៅ រដ្ឋាភិបាលកម្ពុជា ត្រូវពិចារណាពិនិត្យមើលទៅ សំណុំរឿងហ្នឹងវាសំខាន់ ហើយរឿងដែលពីរធំជាងគេ គឺបញ្ហារឿងឲ្យថៃ ហ្នឹងដកខ្លួនចេញពីការគ្រប់គ្រងលើផ្នែកខ្លះនៃប្រទេសកម្ពុជា ហ្នឹង គឺមានតែតុលាការយុត្តិធម៌អន្តរជាតិ អាចធានាបាននូវយុត្តិធម៌ជូនកម្ពុជា ប្ដឹងរឿងព្រំដែន ហើយនិងរឿងការខូចខាតប្រាសាទបុរាណ ទ្រព្យសម្បត្តិជាតិខ្មែរ អាហ្នឹងទៅ ICJ ។ ដូច្នេះយន្តការប្ដឹង មានប៉ុណ្ណឹង បើមិនប្ដឹង ដោះស្រាយមិនចេញ ហើយខ្ញុំសុំបញ្ជាក់ម្ដងទៀតថា យន្តការការទូត លោកហ៊ុន ម៉ាណែត លោកប្រាក់ សុខុន ធ្វើហ្នឹង ត្រូវហើយ ល្អហើយ ប៉ុន្តែយន្តការការទូត ជាយន្តការសម្រប សម្រួល មិនអាចទាមទារយុត្តិធម៌ ឲ្យថៃ ហ្នឹងផ្ដល់យុត្តិធម៌ឲ្យកម្ពុជា បានទេ ។ បើយើងសម្របសម្រួល មាន ន័យថា យើងព្រម គេព្រមទៅ អ្នកណាខាត អ្នកណាចំណេញ ខាងអ្នកសម្របសម្រួលមិនដឹងទេ គឺភាគីកម្ពុជា និងភាគីថៃ ព្រមព្រៀងគ្នា គឺចប់ហើយ ហើយបើយើងព្រមព្រៀងដើម្បីបញ្ចប់រឿង យុត្តិធម៌របស់យើង ដែលយើងកំពុងទាមទារហ្នឹង គឺដូចជីកកប់ខ្លួនឯងអ៊ីចឹង ហើយរដ្ឋាភិបាលកម្ពុជា ដែលអះអាងថា ដើម្បីការពារសន្តិភាពហ្នឹង គឺយកសន្តិភាពមកជីកកប់ខ្លួនឯង ។ បានន័យថា យើងនឹងបាត់បង់ដែនអធិបតេយ្យ តាមរយៈការសម្របសម្រួលឲ្យមានអន្តរជាតិនានាហ្នឹង សង្ឃឹមយុត្តិធម៌ មិនបានទាំងស្រុងទេ ព្រោះថៃ មិនឲ្យ ។ ម៉្លោះហើយ នៅក្នុងរឿងនេះ យើងត្រូវតែប្ដឹងពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ហើយនិងបញ្ហាបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរហ្នឹង ប្ដឹងទៅ ICJ ខ្ញុំបញ្ជាក់ជូនឡើងវិញ!“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ែន ណាត ខាងលើនេះ បានធ្វើឡើងក្រោយពីគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា បានផ្ញើកំណត់ទូតទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប ដើម្បីពិភាក្សានិងបន្តការងារវាស់វែងនិងខណ្ ឌសីមាព្រំដែន។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ដោយអនុវត្តតាមកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តច័ន្ទបុរី ប្រទេសថៃ និងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា)-បានផាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា បានផ្ញើកំណត់ទូត ទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា-ថៃ ថៃ-កម្ពុជា នៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សានិងបន្តការងារវាស់វែងនិងខណ្ឌសីមា ដូចខាងក្រោម ៖

១- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន លើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រឃុំបឹងរាំងនឹងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
២- ពិភាក្សាអំពីការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន លើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកូន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មជា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មជា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែន ច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។
៣- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែងនិងខណ្ឌសីមា លើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនជនរួមជាតិ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (IBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោ រពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុ សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា នឹងបន្តអនុវត្តការងារវាស់ វែងនិងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់បំផុត ជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់ មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ជាធំ ជាពិ សេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ៕ កុលបុត្រ