Saturday, January 10, 2026
Homeព័ត៌មានជាតិចិន ខ្ចីវត្ថុបុរាណសំរឹទ្ធកម្ពុជា ១៥០រូប ដាក់តាំងបង្ហាញ៣ទីតាំង

ចិន ខ្ចីវត្ថុបុរាណសំរឹទ្ធកម្ពុជា ១៥០រូប ដាក់តាំងបង្ហាញ៣ទីតាំង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រ បានផ្តល់កម្ចីវត្ថុបុរាណ ធ្វើពីសំរឹទ្ធ ចំនួន ១៥០ រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិន ចំនួន ៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ ខាងមុខនេះ។

លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដើម្បីសម្តែងការគួរសម និងជម្រាបរាយការណ៍ពីបច្ចុប្បន្នភាពការងារមួយចំនួនដែលក្រុមហ៊ុនអនុវត្តកន្លងមក ជាពិសេសគឺ គម្រោងផ្តល់កម្ចីវត្ថុបុរាណសំរឹទ្ធ ចំនួន ១៥០រូប ទៅដាក់តាំងបង្ហាញនៅប្រទេសចិន ចំនួន៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ ខាងមុខនេះ។

លោកស្រីរដ្ឋមន្ត្រី បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា ការដាក់តាំងបង្ហាញនេះជាឱកាស ក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរ ដល់ប្រជាជនចិន ដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។

ទន្ទឹមនោះផងដែរ លោកស្រីបណ្ឌិតរដ្ឋមន្ត្រី បានស្នើឱ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំកម្មវិធីវប្បធម៌នានា នៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយសុំឱ្យភាគីចិន ជួយថែទាំវត្ថុបុ រាណ ខ្មែរ ឱ្យមានសុវត្ថិភាពខ្ពស់ នាអំឡុងពេលខ្ចី។ ដោយឡែកខ្លឹមសារនៃការដាក់តាំង គួរមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញរបស់ក្រសួង។

ក្នុងកិច្ចពិភាក្សានេះដែរ លោកស្រី បានបញ្ជាក់ថា ក្រសួង ផ្តល់ការគាំទ្រចំពោះសកម្មភាពដែលក្រុមហ៊ុនបានធ្វើទាក់ទងការផ្សព្វផ្សាយពីវប្បធម៌នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរការនៃការបើកសារមន្ទីរ ជីវ តាក្វាន់ នាពេលអនាគត៕

RELATED ARTICLES